ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាងជើង​បាញ់​គ្រាប់​មីស៊ីល​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល THHAD


រូបភាពឯកសារ៖ មេដឹកនាំកូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុនឈរមើល​ការ​សមយុទ្ធគ្រាប់កាំជ្រួចផ្លោងនៅ​ឯទីតាំងកងទ័ព​យុទ្ធសាស្រ្ត​របស់​ប្រជាជន​កូរ៉េ (KPA) នៅ​ទីកន្លែង​ដែល​គេ​មិន​ស្គាល់ឈ្មោះ​មួយ។
រូបភាពឯកសារ៖ មេដឹកនាំកូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុនឈរមើល​ការ​សមយុទ្ធគ្រាប់កាំជ្រួចផ្លោងនៅ​ឯទីតាំងកងទ័ព​យុទ្ធសាស្រ្ត​របស់​ប្រជាជន​កូរ៉េ (KPA) នៅ​ទីកន្លែង​ដែល​គេ​មិន​ស្គាល់ឈ្មោះ​មួយ។

ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់ផ្លោង​មីស៊ីល ៣ គ្រាប់ នៅ​ថ្ងៃ​អង្គារ​នេះ។ ការ​បាញ់​នេះ​កើតឡើង​តែ​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រទេស​នេះ​គំរាម​សងសឹក​ប្រទេស​កូរ៉េ​ខាងត្បូង​ពាក់ព័ន្ធ​នឹង​ការ​តំឡើង​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ការពារ​មីស៊ីល ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា THAAD។

សហរដ្ឋ​អាមេរិក ក៏​ដូចជា​ប្រទេស​កូរ៉េ​ខាងត្បូង​ដែរ បាន​បញ្ជាក់​ថា ការ​បាញ់​គ្រាប់​មីស៊ីល​របស់​រដ្ឋាភិបាល​រដ្ឋធានី​ព្យុងយ៉ាង​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទំនង​ជា​ប្រភេទ​គ្រាប់​មីស៊ីល​ដែល​បាញ់​បាន​ចម្ងាយ​មធ្យម​ ឬ​គ្រាប់​ដែល​បាញ់​បាន​ម្តង​ក្នុង​មួយ​ប្រតិបត្តិការ។ គ្រាប់​នេះ​អាច​ហោះ​បាន​ចម្ងាយ​រវាង ៥០០ គីឡូម៉ែត្រ ទៅ ៦០០ គីឡូម៉ែត្រ មុន​ពេល​ដែល​វា​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នា​ភាគ​ខាងកើត​នៃ​ឆ្នេរ​សមុទ្រ​ឧបទ្វីប​កូរ៉េ។

រដ្ឋាភិបាល​ក្រុង​តូក្យូ​មាន​ការ​ខឹងសម្បារ​ជាមួយ​នឹង​ការ​បាញ់​គ្រាប់​មីស៊ីល​ជា​ច្រើន​លើក​ច្រើន​សារ​របស់​កូរ៉េខាងជើង ហើយ​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កូរ៉េខាងត្បូង​ ដើម្បី​ប្រឆាំង​ជាមួយ​នឹង​ការ​គំរាមកំហែង​ជា​បន្ត​នេះ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន Gen Nakatani បាន​និយាយ​ថា៖ «យើង​ជំរុញ​យ៉ាង​ខ្លាំងក្លា​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​បញ្ឈប់​នូវ​សកម្មភាព​បាញ់​គ្រាប់​មីស៊ីល​នេះ​បន្ត​ទៀត ហើយ​យើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ស្ថានការណ៍​ណាមួយ​ដែល​អាច​កើតឡើង​‍»។

ទីភ្នាក់ងារ​គ្រប់គ្រង​ការពារ​ដែន​អាកាស​ទ្វីប​អាមេរិក​ខាងជើង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NORAD បាន​បញ្ជាក់​ថា ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​នឹង​មិន​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ទ្វីប​អាមេរិក​ខាងជើង​នោះ​ទេ៕

XS
SM
MD
LG