ថ្លែងនៅខាងមុខការិយាល័យរដ្ឋបាលនៃតំបន់ Seongju លោកនាយករដ្ឋមន្រ្តី Hwang បាននិយាយថា៖ «ទាក់ទងនឹងការដាក់ពង្រាយប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD យើងខ្ញុំនឹងស្តាប់រាល់គំនិតយោបល់របស់អស់លោកអ្នក និងធ្វើឲ្យប្រាកដថា សុវត្ថិភាពនឹងត្រូវធានាជាអាទិភាព»។
ក្រុមបាតុករបានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្រ្តីដោយការស្រែកហ៊ោខឹងសម្បា ហើយក្រុមសន្តិសុខរបស់លោកបានកាន់កាបូបដាក់ឯកសារ និងឆ័ត្របាំងការពារលោកនាយករដ្ឋមន្រ្តីពីការគប់វត្ថុផ្សេងៗពីសំណាក់ហ្វូងមនុស្សខឹងសម្បា។ លោកនាយករដ្ឋមន្រ្តីត្រូវបានជម្លៀសចូលទៅជ្រកកោនក្នុងការិយាល័យរដ្ឋបាលតំបន់។
ការភ័យខ្លាច (នឹង) ជាតិវិទ្យុសកម្ម
សេចក្តីសម្រេចរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីសប្តាហ៍មុននេះក្នុងការពង្រាយប្រព័ន្ធ កម្ទេចកាំជ្រួចមីស៊ីល THAAD នៅប៉ែកអាគ្នេយ៍នៃប្រទេស គឺក្នុងតំបន់ Seongju បានបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមសាធារណជនដែលយល់ថា ប្រព័ន្ធនេះនឹងអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅក្បែរនោះ ជាពិសេសគ្រោះថ្នាក់នៃការនៅផ្ទាល់នឹងជាតិវិទ្យុសកម្មចេញពីប្រព័ន្ធរ៉ាដាដ៏មានអានុភាពខ្លាំងនោះ។
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye បាននិយាយកាលពីសប្តាហ៍មុននេះថា ការគំរាមកំហែងជាក់ស្តែងចេញពីសមត្ថភាពដែលកាន់តែប្រសើរឡើងផ្នែកកាំជ្រួចមីស៊ីលផ្លោងនិងអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង ជំរុញឲ្យរដ្ឋាភិបាលរបស់លោកស្រីពង្រឹងប្រព័ន្ធការពារកាំជ្រួចមីស៊ីលបែបនោះឲ្យបានឆាប់រហ័ស។
លោកស្រី Park បាននិយាយថា៖ «ហេតុដូច្នេះហើយ យើងសម្រេចថា គ្មានជម្រើសណាដែលប្រសើរជាងការការពារជីវិត និងសុវត្ថិភាពប្រជាជនរបស់យើងក្នុងពេលមានការគំរាមកំហែងដោយកាំជ្រួចមីស៊ីល និងអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង ដែលបានក្លាយជាការពិតនោះទេ»។
បើទោះជាយ៉ាងនេះក្តី ប្រជាជនរស់នៅតំបន់ Seongju មានការខឹងសម្បាដោយហេតុថា សេចក្តីសម្រេចក្នុងពង្រាយប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD នេះធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ជាមួយពួកគាត់ និងគ្មានការវាយតម្លៃផលប៉ះពាល់ផ្នែកសុខភាព បរិស្ថាន និងសេដ្ឋកិច្ចឯករាជ្យនៅឡើយ។
កាលពីថ្ងៃទី១៣ខែកក្កដា ក្នុងការជួបជុំជាសាធារណៈមួយក្នុងរដ្ឋធានីសេអ៊ូល ប្រធានរដ្ឋបាលនៃតំបន់ Seongju បាននិយាយថា៖ «ប្រជាជនក្នុងតំបន់ Seongju ចំនួន ៥០០០០ នាក់ មានការខឹងសម្បាដោយសារសេចក្តីសម្រេចក្នុងដាក់ពង្រាយប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីលនេះ ធ្វើឡើងដោយអត្តនោម័តិគ្មានការពិគ្រោះយោបល់ប្រឹក្សា ឬការព្រមព្រៀងអ្វីឡើយ»។
រ៉ាដាប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD
ប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD ប្រើប្រាស់ប្រព័ន្ធរ៉ាដាដែលមានអនុភាពខ្ពស់ក្នុងការស្វែងរកនិងតាមដានការគំរាមកំហែងពីកាំជ្រួចផ្លោងក្នុងរយៈចម្ងាយឆ្ងាយ និងរយៈកម្ពស់ខ្ពស់។ ប្រព័ន្ធរ៉ាដា និងបច្ចេកវិទ្យាចាប់រលកធាតុអាកាស ត្រូវបានគេយកមកប្រើប្រាស់ដើម្បីដាក់ឲ្យដំណើរការកម្មវិធីនៃម៉ាស៊ីនបាញ់កាំជ្រួចមីស៊ីលចល័តចំនួន៦ និងយានចំនួន៤៨សម្រាប់វាយប្រហារយានរបស់សត្រូវ។
ក្រុមអ្នកប្រឆាំងនឹងប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD បង្ហាញពីការព្រួយបារម្ភថា ការប៉ះពាល់ជាតិវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិកពីរ៉ាដារបស់ប្រព័ន្ធមីស៊ីលនេះ នឹងអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ប្រជាជនរស់នៅក្បែរនោះ និងអាចបង្កការខូចខាតដល់ផលិតផលកសិកម្ម។
ក្រសួងការពារជាតិរបស់រដ្ឋាភិបាលក្រុងសេអ៊ូល កាលពីថ្ងៃទី១៤ខែកក្កដា បានព្យាយាមដោះស្រាយការព្រួយបារម្ភទាំងនេះដោយបាននាំអ្នកសារព័ត៌មានទៅកាន់ទីតាំងដាក់កាំជ្រួចមីស៊ីលការពារ Patriot មួយកន្លែងដែលធ្លាប់តែលាក់បាំងកាលពីពេលកន្លងទៅ នៅក្នុងតំបន់ Chungcheong នាប៉ែកខាងត្បូងនៃរដ្ឋធានីសេអ៊ូល។
ទីតាំងមីស៊ីល Patriot នេះបានចាប់កកើតតាំងពីឆ្នាំ២០១២ និងត្រូវបានបំពាក់ប្រព័ន្ធរ៉ាដាកម្ទេចកាំជ្រួចមីស៊ីល THAAD ដូចគ្នាដែរ។ មន្រ្តីនានានិយាយថា ប្រជាជនដែលរស់ក្បែរតំបន់នោះមិនមានផលប៉ះពាល់ខាងសុខភាពដោយសារការបញ្ចេញជាតិពុលពីប្រព័ន្ធរ៉ាដាមីស៊ីល Patriot ទេ។
មន្រ្តីយោធាបានវាស់កម្រិតរលកអេឡិចត្រូម៉ាញ៉េទិកដែលបញ្ចេញដោយប្រព័ន្ធរ៉ាដាកម្ទេចមីស៊ីល Patriot ក្នុងពេលបាតុកម្មមួយ ដើម្បីបង្ហាញដល់ក្រុមអ្នកសារព័ត៌មានដែលមកកកកុញ។ ក្នុងរយៈចម្ងាយ៣០ម៉ែត្រពីប្រព័ន្ធរ៉ាដានេះ លទ្ធផលបង្ហាញថាមានរលកអេឡិចត្រូម៉ាញ៉េទិកមានកម្រិត ០,២៦៥៨ វ៉ាត់ក្នុងមួយម៉ែត្រការ៉េ ដែលចំនួននេះស្ថិតនៅក្រោមកម្រិតសុវត្ថិភាព ១០ វ៉ាត់ក្នុងមួយម៉ែត្រការ៉េនៅឡើយ។
ក្រុមមន្រ្តីទាំងនោះបាននិយាយថា ច្បាប់របស់ប្រទេសកំណត់យកត្រឹមកម្រិត១០វ៉ាត់ក្នុងមួយម៉ែត្រការ៉េដូចដែលមានចែងក្នុងគោលការណ៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិសម្រាប់ការពារជាតិវិទ្យុសកម្មដែលមិនមែនជាអ៊ីយ៉ុង។ ការប៉ះពាល់រលកក្នុងកម្រិតលើសពីនេះនឹងនាំមនុស្សមានស្ត្រេសដោយសារក្តៅខ្លួន និងកម្តៅកោសិកាក្នុងខ្លួនកើនឡើងខ្ពស់។
ផ្អែកតាមការវាយតម្លៃផលប៉ះពាល់របស់ស.រ.អា. ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានកំណត់យកចម្ងាយ ១០០ម៉ែត្រ ពីចំណុចកណ្តាលនៃរង្វង់បរិវេណសុវត្ថិភាពជុំវិញតំបន់ប្រព័ន្ធរ៉ាដា។
ក្រុមយោធាបានធានាអះអាងជូនពលរដ្ឋថា ថាមពលប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD នឹងត្រូវបានតម្លើងនៅទីតាំងយ៉ាងជិតបំផុត ១,៥គីឡូម៉ែត្រពីទីប្រជុំជនដែលមានមនុស្សរស់នៅ និងមិនបណ្តាលឲ្យមានផលប៉ះពាល់អាក្រក់ណាមួយដល់សហគមន៍ក្នុងតំបន់នោះទេ។
លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងសុំទោសដល់ប្រជាជនក្នុងតំបន់ Seongju ចំពោះការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD «ដោយមានការជម្រាបទុកមុន»។
ក្រុមបាតុករតវ៉ាក្នុងតំបន់ Seongju បានទាត់ចោលការធានាអះអាងរបស់រដ្ឋាភិបាល និងនៅតែបន្តប្រឆាំងការដាក់ពង្រាងប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD នេះនៅក្បែរសហគមន៍របស់ពួកគេ។
ទោះជាយ៉ាងនេះក៏ដោយ តាមរយៈការស្ទាបស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Gallup Korea ក្នុងសប្តាហ៍នេះបានបង្ហាញថា ៥០ភាគរយនៃអ្នកដែលចូលរួមក្នុងការស្ទាបស្ទង់មតិនេះ ពេញចិត្តនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការដាក់ពង្រាយប្រព័ន្ធកម្ទេចកាំជ្រួចមីស៊ីល THAAD នេះ៕
ប្រែសម្រួលដោយ កោះ សុគន្ធី