បើតាមការព្រមានថ្មីៗបំផុតមួយពីមន្ត្រីយោធាស.រ.អា.ជាន់ខ្ពស់ម្នាក់ថា ប្រទេសកូរ៉េខាងជើងនឹងមានសមត្ថភាពផលិតកាំជ្រួចមីស៊ីល ផ្ទុកអាវុធបរមាណូដែលអាចបាញ់ដល់ប្រទេសទាំងអស់ដែលអាជ្ញាធរកូរ៉េខាងជើងចាត់ទុកថាជាសត្រូវរបស់ពួកគេ ទោះណាជាពួកគេបរាជ័យខាងបច្ចេកទេសមួយចំនួនកាលពីពេលថ្មីៗនេះក៏ដោយ។
លោកឧត្តមសេនីយ៍ Vincent Brooks អគ្គមេបញ្ជាការនៃកងកម្លាំងស.រ.អា.ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាកម្មកងប្រដាប់អាវុធនៃព្រឹទ្ធសភាស.រ.អា.កាលពីថ្ងៃអង្គារ ហើយលោកបានបង្ហាញការស្ទង់ប៉ាន់មើលដ៏ស្រអាប់នៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
នៅពេលសួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងការផលិតកាំជ្រួចមីស៊ីលអន្តរទ្វីប លោក Brooks បានមានប្រសាសន៍ថា «កូរ៉េខាងជើងកំពុងខិតខំប្រឹងប្រែងពុះពារឧបសគ្គដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រតិបត្តិការកើត»។
លោក Brooks បាននិយាយបន្ថែមថា «នៅពេលខាងមុខ ខ្ញុំមានជំនឿថា យើងនឹងឃើញកូរ៉េខាងជើងនឹងមានសមត្ថភាពទាំងនេះ ប្រសិនបើសមត្ថភាពទាំងនេះមិនត្រូវបញ្ឈប់ទេនោះ»។
ដោយបានទទួលការតែងតាំងឱ្យដឹកនាំកងកម្លាំងស.រ.អា.ក្នុងប្រទេសកូរ៉េខាងត្បូង លោក brooks បានមានប្រសាសន៍ថា វាជាការងាររបស់លោកក្នុងការផ្តល់ជម្រើសនានាបែបណាដែលស.រ.អា.អាចប្រើប្រាស់ការគាបសង្កត់ខាងយោធាដើម្បីកែប្រែមហិច្ឆតាយោធារបស់កូរ៉េខាងជើង៕