កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចម្ងាយខ្លីរបស់ខ្លួនចូលទៅក្នុងសមុទ្រប៉ែកខាងកើត ដើម្បីជាការឆ្លើយតបចុងក្រោយបង្អស់របស់រដ្ឋាភិបាលឯកោមួយនេះទៅនឹងការដាក់ទណ្ឌកម្មអន្តរជាតិថ្មីនិងសមយុទ្ធជារួមរវាងយោធារបស់អាមេរិកនិងកូរ៉េខាងត្បូង។
មេបញ្ជាការរួមរបស់កូរ៉េខាងត្បូងបាននិយាយថា គ្រាប់មីស៊ីលនោះត្រូវបានបាញ់នៅ យប់ថ្ងៃអង្គារនេះក្បែរទីក្រុងកំពង់ផែ Wonan របស់កូរ៉េខាងជើង និងបានហោះក្នុងចម្ងាយ២០០គីឡូម៉ែត្រ មុនពេលដែលវាធ្លាក់ចុះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់គ្រាប់មីស៊ីលចម្ងាយខ្លីចំនួន៥គ្រាប់ពីទីក្រុងHamhung ចូលទៅក្នុងសមុទ្រប៉ែកខាងកើត។
កាលពីមួយសប្តាហ៍មុននេះ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចម្ងាយមធ្យមទៅក្នុងសមុទ្រ ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានដាក់ទៅលើកូរ៉េខាងជើងជុំវិញការសាកល្បងនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមករា និងការសាកល្បងគ្រាប់រ៉ុកែតចម្ងាយឆ្ងាយក្នុងរយៈពេល១ខែក្រោយមក។ កូរ៉េខាងជើងមើលឃើញសមយុទ្ធនេះថាជាការសមដើម្បីឈ្លានពានដោយកម្លាំងយោធា៕