ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​បដិសេធ​ថា​ខ្លួន​មិន​បាន​លក់​អាវុធ​ឱ្យ​រុស្ស៊ី​ទេ


រូប​ឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​អំឡុង​ជំនួប​មួយ​នៅ​ទី​ក្រុង Vladivostok ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្នុង​អំឡុង​ជំនួប​មួយ​នៅ​ទី​ក្រុង Vladivostok ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​កូរ៉េ​ខាងជើង​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​បញ្ជូន​អាវុធ​ទៅ​លក់​ឱ្យ​ប្រទេស​រុស្ស៊ី​នោះ​ទេ ដោយ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​លក់​អាវុធ​បែប​នេះ​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន។

កាលពី​ដើម​ខែ​នេះ មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល «ទិញ​រ៉ុក្កែត​និង​គ្រាប់​កាំភ្លើង​ធំ​រាប់​លាន​គ្រាប់​ពី​ប្រទេស​កូរ៉េ​ខាងជើង​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សមរភូមិ​នៅ​ប្រទេស​អ៊ុយក្រែន‍»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) របស់​ប្រទេស​កូរ៉េ​ខាង​ជើង មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង​បាន​ច្រានចោល​ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA អគ្គ​នាយក​រង​នៃ​ការិយាល័យ​ឧបករណ៍​ទូទៅ​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា៖ «យើង​មិន​ដែល​ដឹក​ជញ្ជូន​អាវុធ​ឬ​ក៏​គ្រាប់​រំសេវ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​កាលពី​ពេល​មុន​នោះ​ទេ ហើយ​យើង​ក៏​មិន​មាន​គម្រោង​នៅ​ក្នុង​ការ​នាំចេញ​យុទ្ធោបករណ៍​ទាំង​នេះ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​នោះ​ដែរ‍»។

អគ្គ​នាយក​រង​រូប​នោះ​បាន​បន្ថែម​ថា៖ «យើង​ព្រមាន​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ការ​លើកឡើង​ដោយ​គ្មាន​ការ​ពិចារណា​របស់​ខ្លួន​ដែល​បាន​ចោទ​ប្រកាន់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​បិទ​មាត់​ឱ្យ​ជិត‍»។

កាលពី​ដើម​ខែ​នេះ មន្ត្រី​ការទូត​រុស្ស៊ី​ជាន់​ខ្ពស់​ម្នាក់​ក៏​បាន​ច្រានចោល​ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ​ថា​មិន​ពិត​ផង​ដែរ។

មន្ត្រី​សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ភ័ស្តុតាង​ណា​មួយ​អំពី​ការ​លើកឡើង​រឿង​លក់​អាវុធ​របស់​កូរ៉េ​ខាង​ជើង​នេះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា​ការ​លក់​អាវុធ​ទាំង​នេះ​ធ្លាប់​បាន​ធ្វើ​ឡើង​រួច​ហើយ​ឬ​ក៏​យ៉ាង​ណា​នោះ​ឡើយ។ ប៉ុន្តែ អ្នក​វិភាគ​ជា​ច្រើន​នៅ​បស្ចិម​ប្រទេស​បាន​និយាយ​ថា ការ​លក់ដូរ​អាវុធ​បែប​នេះ​អាច​ទៅ​រួច៕

XS
SM
MD
LG