ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសអ្នកស្រី Liz Truss ជាលើកដំបូងបង្អស់កាលពីថ្ងៃពុធនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយលោកបានហៅចក្រភពអង់គ្លេសថាជា «សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក» និងបានតាំងចិត្តធ្វើការរួមគ្នាលើបញ្ហានានាតាំងពីបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រហូតដល់បញ្ហារក្សាសន្តិភាពនៅអៀរឡង់ខាងជើងនៅពេលដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
លោក Biden បានថ្លែងនៅមុនជំនួបរវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងមន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសនេះថា៖ «ខ្ញុំគិតថា គ្មានបញ្ហាផលវិបាកណាមួយនៅលើពិភពលោកដែលសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសមិនអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានោះទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំរំពឹងថា យើងនឹងអាចបន្តធ្វើដូច្នេះជាបន្តទៀត។ ហើយយើងមានរបៀបវារៈជាច្រើននៅថ្ងៃនេះដូចជា ការគាំទ្រប្រទេសអ៊ុយក្រែននៅពេលដែលអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ការប្រឈមរបស់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin បញ្ហាទាក់ទិននឹងប្រទេសចិន និងបញ្ហារារាំងប្រទេសអ៊ីរ៉ង់មិនឱ្យសម្រេចបាននូវអាវុធនុយក្លេអ៊ែរជាដើម»។
នៅក្នុងជំនួបនោះ អ្នកស្រី Truss បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបង្កើនការចំណាយផ្នែកយោធាដើម្បីទប់ទល់នឹងការប្រឈមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
អ្នកស្រីថ្លែងដូច្នេះថា៖ «យើងប្រឈមនឹងបញ្ហាធំៗនានា នៅពេលដែលរបបអត្តាធិបតេយ្យស្វះស្វែងពង្រឹងនិងបង្កើនភាពក្អេងក្អាងរបស់ខ្លួននៅជុំវិញពិភពលោក។ នេះគឺជាមូលហេតុដែលយើងបង្កើនការចំណាយផ្នែកយោធា ដោយត្រូវចំណាយចំនួន ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់យើង»។
អ្នកស្រីបានបន្ថែមថា៖ «បញ្ហាប្រឈមទាំងនេះក៏ជាមូលហេតុផងដែរដែលយើងចង់ធ្វើការឱ្យបានជិតស្និទ្ធបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសលើបញ្ហាសន្តិសុខថាមពលនិងបញ្ហាសន្តិសុខសេដ្ឋកិច្ច ប៉ុន្តែយើងក៏នឹងធ្វើការជាមួយនឹងបណ្ដាប្រទេសប្រជាធិបតេយ្យនានានៅទូទាំងពិភពលោកផងដែរដើម្បីធ្វើឱ្យប្រាកដថា លទ្ធិប្រជាធិបតេយ្យជាអ្នកឈ្នះ ហើយយើងការពារសេរីភាពនិងអនាគតរបស់ពលរដ្ឋរបស់យើង»៕
លោក Biden ជួបពិភាក្សាជាលើកដំបូងជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Truss
ទីក្រុង New York សហរដ្ឋអាមេរិក —