ផលិតករភាពយន្តចិនអ្នកស្រី Chloe Zhao បានក្លាយជាស្ត្រីទី២ និងជាស្ត្រីមិនមែនជនស្បែកសទី១ ដែលបានឈ្នះពានរង្វាន់អូស្ការសម្រាប់ការដឹកនាំសម្តែងដ៏ល្អបំផុតក្នុងរឿង «Nomadland» ដែលភាពយន្តនេះក៏បានទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំល្អជាងគេ ឬ Best Picture នៅក្នុងកម្មវិធីទទួលរង្វាន់អូស្ការនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យផងដែរ។
ខែ្សភាពយន្តនេះនិយាយពីស្ត្រីម្នាក់ ដែលបានចាកចេញពីភូមិកំណើតដ៏តូចរបស់ខ្លួន ដើម្បីធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ភាគខាងលិចសហរដ្ឋអាមេរិក ហើយតាមផ្លូវបានជួបអ្នកស្វែងរកជីវិតត្រាច់ចរដទៃទៀត ដែលគេចពីសង្គមធម្មតានោះ។
តួឯកនៅក្នុងភាពយន្ត «Nomadland» គឺអ្នកស្រី Frances McDormandក៏បានទទួលពានរង្វាន់ Oscar សម្រាប់តួឯកស្ត្រីល្អជាងគេផងដែរ។
សម្រាប់ជ័យលាភីការសម្តែងល្អបំផុតរបស់តួឯកប្រុសវិញ បានទៅលើលោក Anthony Hopkins ដែលបានសម្តែងក្នុងរឿង «The Father»។
ដោយឡែកទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ជ័យជម្នះជាប្រវត្តិសាស្ត្រនៅអូស្ការរបស់ផលិករចិនអ្នកស្រី Chloé Zhao មិនត្រូវបានអាជ្ញាធរចិនអបអរសាទរអ្វីទេ ដោយទូរទស្សន៍រដ្ឋមិនបានផ្សាយអ្វីទេត្រឹមរសៀលថ្ងៃច័ន្ទ ហើយអាជ្ញាធរថែមទាំងបានបិទខ្ទប់ព័ត៌មាននេះលើបណ្តាញអ៊ីនធឺណិតទៀតផង។ កន្លងមកអ្នកស្រីធ្លាប់រងការរិះគន់ពីអ្នកជាតិនិយមចិនថា អ្នកស្រីបានមាក់ងាយចំពោះប្រព័ន្ធនយោបាយប្រទេសខ្លួន។
ពិធីទទួលពានរង្វាន់អូស្ការនៅឆ្នាំនេះត្រូវបានបង្រួមតូចនៅក្រុង Los Angeles ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕