អ្នកស្រី Frances McDormand បានឈ្នះរង្វាន់អូស្ការជាតារាស្រីសម្តែងល្អបំផុត នៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា Three Billboards Outside Ebbing, Missouri ដើរតួជាម្តាយដែលបានប្តេជ្ញាថានឹងធ្វើឲ្យស្នងការប៉ូលិសរងភាពអាម៉ាសក្នុងការស្វែងរកឃាតករដែលសម្លាប់កូនស្រីរបស់អ្នកស្រី។ នៅពេលដែលអ្នកស្រីឡើងទទួលពានរង្វាន់អូស្ការ អ្នកស្រី McDormand បានហៅបេក្ខនារីរង្វាន់អូស្ការផ្សេងទៀតឲ្យឡើងមកឈរជាមួយនឹងអ្នកស្រី ដោយរួមទាំងតារាសម្តែងមានឈ្មោះថា Meryl Streep ផងដែរ៖ «តារាសម្តែងទាំងអស់សូមអញ្ជើញក្រោកឈរឡើង! Meryl បើអ្នកស្រីឡើងមក អ្នកផ្សេងទៀតនឹងឡើងមកដែរ! សូមអញ្ជើញឡើងមក អ្នកផលិតរឿង អ្នកដឹកនាំ អ្នកនិពន្ធ អ្នកថត អ្នកនិពន្ធបទភ្លេង អ្នកនិពន្ធបទចម្រៀង និងអ្នករចនាម៉ូត ទាំងអស់គ្នាសូមអញ្ជើញក្រោកឈរឡើង»។
អ្នកស្រីបានថ្លែងថាស្ត្រីម្នាក់ៗសុទ្ធតែមានរឿងរ៉ាវផ្ទាល់ខ្លួនដើម្បីប្រាប់និងមានគម្រោងដែលត្រូវការថវិកា។ ប្រធានបទសំខាន់នៅយប់នេះគឺ៖ ការចោទប្រកាន់ពីការបៀតបៀនផ្លូវភេទ និងការប្រឆាំងនឹងបុរសកាន់តែច្រើនឡើងៗនៅក្នុងហូលីវូដ។ លោក Harvey Weinstein ជាអ្នកផលិតភាពយន្តដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទជាច្រើននោះ ត្រូវបានបណ្តេញចេញពីគណៈកម្មការរៀបចំរង្វាន់អូស្ការកាលពីខែតុលា។
អ្នកចូលរួមជាច្រើនបានពាក់គន្លាស់អាវពណ៌សលាយខ្មៅ ដែលមានសរសេរអក្សរថា Time's Up ដែលជាចលនាមួយសម្រាប់ផ្តល់ជំនួយផ្លូវច្បាប់ដល់ស្ត្រីដែលរងការបំពាននៅកន្លែងធ្វើការ។
អ្នកផ្សេងទៀតពាក់បូព៌ណទឹកក្រូច និងគន្លាស់អាវ ដែលអំពាវនាវឲ្យយកចិត្តទុកដាក់លើអំពើហិង្សាដោយកាំភ្លើង បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់មនុស្សចំនួន១៧នាក់នៅវិទ្យាល័យក្នុងរដ្ឋ Florida កាលពីខែមុន។
ប្រធានបទមួយទៀតនៅយប់នោះ គឺអំណាចនៃខ្សែភាពយន្ត។
អ្នកដឹកនាំភាពយន្តលោក del Toro ដែលបានទទួលរង្វាន់អូស្ការជាអ្នកដឹកនាំរឿងល្អបំផុតបានថ្លែងថាខ្សែភាពយន្តជួយដករបាំងចេញ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំគិតថាចំណុចសំខាន់បំផុតដែលសិល្បៈរបស់យើង និងឧស្សហកម្មភាពយន្តរបស់យើងអាចធ្វើបានគឺលុបបំបាត់ការកំណត់ព្រំដែន។ យើងគួរតែធ្វើបន្តទៀត នៅពេលដែលពិភពលោកប្រាប់យើងឲ្យធ្វើកាន់តែខ្លាំងឡើង»។
លោក Jordan Peele ជាអ្នកផលិតខ្សែភាពយន្តអាមេរិកាំងដើមកំណើតអាហ្វ្រិកទី១ បានឈ្នះពានរង្វាន់អូស្ការសម្រាប់សាច់រឿងរបស់ខ្សែភាពយន្តល្អបំផុតមានចំណងជើងថា Get Out ដែលជាខ្សែភាពយន្តភ័យរន្ធត់នៃគូសង្សារដែលមានជាតិសាសន៍ខុសគ្នាមួយគូ។ លោក Jordan Peele បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលគិតថាខ្សែភាពយន្តនេះបានទទួលពានរង្វាន់នោះទេ។ ខ្ញុំធ្លាប់គិតថាគ្មានអ្នកណាមើលរឿងនេះទេ។ ប៉ុន្តែខ្ញុំនៅតែបន្តផលិតវាឡើង ពីព្រោះខ្ញុំដឹងថាប្រសិនអ្នកណាម្នាក់ឲ្យខ្ញុំផលិតរឿងនេះ នោះមនុស្សនឹងអាចឭ និងអាចមើលឃើញពីព្រឹត្តការណ៍នេះ។ ដូច្នេះខ្ញុំសូមឧទ្ទិសពានរង្វាន់នេះទៅមនុស្សរាល់គ្នាដែលជួយផ្សព្វផ្សាយពីទស្សនៈរបស់ខ្ញុំ»។
លោក Gary Oldman បានឈ្នះពានរង្វាន់ជាអ្នកសម្តែងល្អបំផុតនៅក្នុងរឿង Darkest Hour ដើរតួជានាយករដ្ឋមន្ត្រី Winston Churchill ក្នុងសម័យសង្គ្រាមនៅចក្រភពអង់គ្លេស។ ខ្សែភាពយន្តនេះក៏ឈ្នះរង្វាន់អូស្ការសម្រាប់ការផាត់មុខដែលល្អបំផុតផងដែរ។ ខ្សែភាពយន្តអំពីសង្គ្រាមមួយទៀតមានចំណងជើងថា Dunkirk បានឈ្នះរង្វាន់សម្រាប់ការកាត់ត ការបញ្ជូលសំឡេង និងការបញ្ជូលសាច់ភ្លេង។
អ្នកនាង AllisonJanney បានឈ្នះពានរង្វាន់អូស្ការសម្តែងជាតួរងបានល្អជាងគេបំផុតនៅក្នុងខ្សែភាពយន្តមានចំណងជើងថា I, Tonya ដែលជាខ្សែភាពយន្តរៀបរាប់ពីជីវប្រវត្តិ។ អ្នកនាងដើរតួជាម្តាយរបស់កីឡាការនីរអិលទឹកកកមានឈ្មោះថា Tonya Harding។ លោក Sam Rockwell ឈ្នះពានរង្វាន់អូស្ការសម្តែងជាតួរងបានល្អជាងគេបំផុត ដើរតួជាប៉ូលិសដែលរើសអើងពូជសាសន៍នៅក្នុងខ្សែភាពយន្ត Three Billboards Outside Ebbing, Missouri៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា