ភាពយន្តបែបកំប្លែងដែលបង្កប់សារគួរឱ្យខ្លាចមួយអំពីវិសមភាពសេដ្ឋកិច្ចទទួលបានពានរង្វាន់អូស្ការចំនួន៤ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards ប្រចាំឆ្នាំលើកទី៩២ កាលពីថ្ងៃទី១០ ខែកុម្ភៈ ដែលរួមមានទាំងពានរង្វាន់ដ៏ធំបំផុតផងដែរគឺពានរង្វាន់ រូបភាពល្អបំផុត ឬ Best Picture។ នេះគឺជាខ្សែភាពយន្តភាសាបរទេសដំបូងគេដែលទទួលបានពានរង្វាន់រូបភាពល្អបំផុតនេះ ហើយក៏ជាភាពយន្តកូរ៉េខាងត្បូងទីមួយដែលទទួលបានពានរង្វាន់ Academy Awards ផងដែរ។
លោក Kyung Hyun Kim សាស្ត្រាចារ្យផ្នែកការសិក្សាពីទស្សនីយភាពនៅសាកលវិទ្យាល័យ University of California ក្នុងក្រុង Irvine បាននិយាយថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំគិតថា ភាពយន្ត Parasite មិនអាចឈ្នះពានរង្វាន់នេះទាល់តែសោះ។ ខ្ញុំគិតថា វាជារឿងដ៏អស្ចារ្យមួយ ហើយឥឡូវនេះនឹងមានឱកាសកាន់តែច្រើនសម្រាប់អ្នកផលិតភាពយន្តដែលមានទស្សនវិស័យ»។
វីដេអូលោក Bong ដើរទៅលើឆាកដើម្បីថ្លែងសុន្ទរកថាទទួលពានរង្វាន់ ត្រូវបានគេចែកចាយពាសពេញអ៊ីនធឺណិត ហើយនៅចំណុចមួយលោកបានលើកឡើងថា លោកនឹង «ផឹកស្រារហូតដល់ថ្ងៃស្អែក» និងបានថើបពានអូស្កាទាំងពីររបស់លោក នៅពេលលោកដើរនៅលើកម្រាលព្រំក្រហម។
ឥឡូវនេះ ការបញ្ចូលគ្នារវាងអត្តចរិតរួសរាយនៅតាមអ៊ីនធឺណិតរបស់លោក Bong និងជោគជ័យដ៏ធំនៃភាពយន្តរបស់លោកបានធ្វើឱ្យអ្នកជំនាញមួយចំនួនចោទសួរថាតើរោងភាពយន្ដនៅកូរ៉េខាងត្បូងនឹងទទួលបានជោគជ័យ ដោយមានការទទួលស្គាល់ជាអន្តរជាតិកាន់តែខ្លាំងឬយ៉ាងណា។
លោក Kim បាននិយាយថា៖ «វាជាពេលដ៏អស្ចារ្យមួយ ហើយខ្ញុំគិតថា នឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើរោងភាពយន្ដកូរ៉េខាងត្បូងនៅពេលនេះ។ ប៉ុន្តែវាក៏មានសារៈសំខាន់ដែរក្នុងការចងចាំថា លោក Bong Joon-ho មិនមែនជាអ្នកផលិតភាពយន្តដ៏ល្អឥតខ្ចោះនោះទេ។ ជ័យជម្នះដ៏សំខាន់របស់លោកបានមកពីការផលិតភាពយន្តរយៈពេល២៥ឆ្នាំរបស់លោក ហើយរោងភាពយន្ដផ្សេងទៀតក៏អីចឹងដែរ»។
ប្រទេសកូរ៉េខាងត្បូងទទួលបានជោគជ័យក្នុងវិស័យ K-pop និងកែសម្ផស្ស។ ក្រុម BTS ត្រូវបានគេជឿថា រកប្រាក់បានប្រមាណ៣ពាន់៦រយលានដុល្លារសម្រាប់សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ ខណៈដែលទីផ្សារកែសម្ផស្សរបស់កូរ៉េអាចរកទឹកប្រាក់បានប្រមាណជា១ម៉ឺន៣ពាន់១រយលានដុល្លារនៅក្នុងឆ្នាំ២០១៨។
តម្លៃនៃការនាំចេញសម្រាប់វិស័យភាពយន្តរបស់កូរ៉េខាងត្បូងមានចំនួនតិចជាងនេះឆ្ងាយណាស់ ដែលមានទឹកប្រាក់ត្រឹមតែជាង៤១លានដុល្លារនៅក្នុងឆ្នាំ២០១៨ប៉ុណ្ណោះ។ នេះបើយោងតាមផ្នែកស្រាវជ្រាវនៃគេហទំព័រ Statista ប៉ុន្តែនេះមិនមែនមានន័យថា តួលេខនេះមិនអាចផ្លាស់ប្តូរបានទេ។
លោក Kim បានប្រាប់ VOA ថា៖ «ខ្ញុំដឹងថា សៀវភៅរបស់ខ្ញុំស្តីពីរោងភាពយន្ដកូរ៉េដែលខ្ញុំចេញផ្សាយកាលពី៨ឆ្នាំមុនស្រាប់តែលក់ដាច់ជាងមុននៅលើគេហទំព័រទិញទំនិញអនឡាញ Amazon។ ខ្ញុំមានសុទិដ្ឋិនិយមអំពីរោងភាពយន្ដកូរ៉េនៅពេលអនាគតច្បាស់ណាស់។ ទោះបីជាសេដ្ឋកិច្ចមិនសូវល្អក្តី ខ្ញុំគិតថា ភាពយន្ត Parasite គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់រោងភាពយន្ដរបស់កូរ៉េ»។
ពីការធ្វើទុក្ខបុកម្នេញទៅជាជោគជ័យដ៏អស្ចារ្យ
កូរ៉េខាងត្បូងបានឆ្លងកាត់រយៈពេលខ្មៅងងឹតសម្រាប់ភាពយន្តដែលធ្វើឲ្យអ្នកមើលមានការត្រិះរិះពិចារណា និងជំរុញការគិតខ្ពស់ដូចជាភាពយន្តParasite នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ថិតនៅក្រោមការដឹកនាំរបស់អ្នកស្រីប្រធានាធិបតី Park Geun-hye ដែលត្រូវបានដកតំណែង និងជំនួសដោយលោកប្រធានាធិបតី Moon Jae-in នៅក្នុងឆ្នាំ២០១៧ អ្នកដឹកនាំរឿងដូចជាលោក Bong ត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារតែមានសារនយោបាយបង្កប់នៅក្នុងភាពយន្តរបស់ពួកគេ។
ឥឡូវនេះ លោក Bong ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងអបអរសាទរយ៉ាងខ្លាំងថាជារឿងជោគជ័យចុងក្រោយបំផុតរបស់ប្រទេស ដោយមិនគិតថា ភាពយន្ត Parasite បានបង្ហាញពីវិសមភាពដ៏អាក្រក់រវាងអ្នកមាន និងអ្នកក្រនៅក្នុងប្រទេសនោះទេ។ ប៉ុន្តែក្រោយមក ការរួមបញ្ចូលគ្នាថ្មីៗនៃគុណតម្លៃប្រជាធិបតេយ្យ និងរោងភាពយន្ដសិល្បៈអាចនឹងក្លាយជារូបមន្តមួយសម្រាប់អំណាចទន់ខ្លាំងក្លាមួយ និងជាអំណាចមួយដែលប្រទេសផ្សេងដូចជាប្រទេសចិនអាចនឹងច្រណែន។
លោក Jason Bechervaise អ្នកជំនាញផ្នែកភាពយន្តកូរ៉េខាងត្បូងដែលបានសរសេរសារណាថ្នាក់បណ្ឌិតអំពីលោក Bong បានប្រាប់ VOA ថា៖ «ប្រទេសកូរ៉េស្ថិតក្នុងការដឹកនាំផ្តាច់ការ ហើយវាមិនមែនជារឿងចៃដន្យនោះទេដែលប្រទេសកូរ៉េចាកចេញពីការដឹកនាំបែបផ្តាច់ការមកការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យវិញ។ នោះហើយជាពេលដែលវិស័យភាពយន្តរបស់កូរ៉េចាប់ផ្តើមលូតលាស់។ ដូច្នេះ ប្រសិនបើចិនមើលមកកូរ៉េ ខ្ញុំគិតថាត្រូវតែមានការផ្លាស់ប្តូរនយោបាយ មុនពេលអ្នកមើលឃើញវិស័យភាពយន្តមានការរីកចម្រើន។ ខ្ញុំគិតថា ប្រទេសជិតខាងរបស់កូរ៉េនៅក្នុងតំបន់នឹងច្រណែននឹងកូរ៉េ ហើយពួកគេព្យាយាមដើរតាមដើម្បីទទួលបានជោគជ័យនេះដែរ។ ប៉ុន្តែនេះមិនមែនអាចធ្វើបានភ្លាមៗនោះទេ ហើយមានការផ្លាស់ប្តូរច្រើនកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលធ្វើឱ្យរឿងនេះកើតឡើង»។
ទោះជាយ៉ាងនេះក្តី លោក Jihoon Kim សាស្ត្រាចារ្យផ្នែកការសិក្សាប្រព័ន្ធផ្សព្វផ្សាយ និងភាពយន្តនៅសាកលវិទ្យាល័យ Chungang University ក្នុងក្រុងសេអ៊ូល មិនមានសុទិដ្ឋិនិយមថា កូរ៉េខាងត្បូងនឹងអាចបន្តសា្នដៃដូចភាពយន្តParasite និងបន្តបង្កើនអំណាចទន់ផ្នែកភាពយន្តរបស់ខ្លួននោះទេ។
លោកបាននិយាយថា៖ «ខ្ញុំមានមោទនភាពលើជោគជ័យនេះក្នុងនាមជាពលរដ្ឋកូរ៉េ និងក្នុងនាមជាអ្នកធ្វើការក្នុងអាជីពដែលបានលះបង់សិក្សាពីភាពយន្តកូរ៉េ ប៉ុន្តែនៅពេលជាមួយគ្នា ខ្ញុំគិតថា ជោគជ័យដ៏ធំរបស់ភាពយន្តParasite គឺជាករណីលើកលែង។ ខ្ញុំមិនគិតថា នឹងមានជោគជ័យបែបនេះទៀតទេ សម្រាប់ភាពយន្តកូរ៉េខាងត្បូងភាគច្រើន»។
លោក Kim បានចាត់ទុកថាភាពយន្ត Parasite ជា «ភាពយន្តដ៏អស្ចារ្យមួយ» ប៉ុន្តែនិយាយថា ជោគជ័យកើតមានឡើងដោយសារការរួមចំណែកនៃកត្តាផ្សេងៗ។ ជាឧទាហរណ៍ ការឈ្នះពានរង្វាន់ Palme d'Or នៅក្នុងកម្មវិធីភាពយន្ត Cannes Film Festival ដែលជាពានរង្វាន់ខ្ពស់បំផុតមួយបានធ្វើឱ្យភាពយន្តនេះនឹងកាន់តែមានភាពល្បីល្បាញ។ ទោះជាយ៉ាងនេះក្តី លោក Kim និយាយថា ភាពយន្ត Parasite ក៏បានប្រើ «អ្នកយុទ្ធសាស្ត្រអាជីពដ៏ល្អ» ដើម្បីធ្វើយុទ្ធនាការសម្រាប់ពានរង្វាន់រូបភាពល្អបំផុត (Best Picture) មុនកម្មវិធីប្រគល់ពានរង្វាន់ Academy Awards ប្រព្រឹត្តទៅ ហើយលោក Bong បានធ្វើឱ្យខ្លួនលោកទៅជាមនុស្សម្នាក់ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតចែករំលែកព័ត៌មានអំពីលោកដោយមិនដឹងខ្លួន។
លោកបាននិយាយថា៖ «ភាពយន្ត Parasite និងភាពល្បីល្បាញរបស់លោក Bong Joon-ho គឺអាស្រ័យលើការកើនឡើងនៃទស្សនិកជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមនិងការចង់មើលភាពយន្តប្រភេទថ្មីៗ។ វាពាក់ព័ន្ធជាមួយនឹងបណ្តាញសង្គមខ្លាំងណាស់។ មនុស្សម្នាចាប់ផ្តើមចែករំលែកបទសម្ភាសន៍របស់លោក និងការបញ្ចេញយោបល់របស់លោកនៅតាមបណ្តាញអ៊ីនធឺណិត និងចំណាប់អារម្មណ៍របស់លោកនៅក្នុងភាពយន្តនោះ ហើយឥឡូវនេះពួកគេបានក្លាយទៅជាអ្នកគាំទ្ររបស់លោក Bong Joon-ho នៅតាមបណ្តាញ Twitter បណ្ដាញ Facebook និង YouTube ជាដើម»។
នៅពេលនេះ វាពិបាកក្នុងការនិយាយថាតើភាពយន្ត Parasite គឺជាជោគជ័យសម្រាប់ចលនាកូរ៉េ ឬគេហៅជាភាសាកូរ៉េថា hallyu ឬក៏ជាការប្រឆាំងនឹងចលនានេះនោះទេ។
លោក Kyun Hyun Kim បាននិយាយថា៖ «លោក Bong Joon-ho និងសហការីរបស់លោកជាអ្នកប្រឆាំងនឹងចលនា hallyu។ ពិតមែនហើយ ពួកគេយកតួសម្តែង hallyu មកថត ប៉ុន្តែវាមិនដូចជារឿងភាគកូរ៉េ ដែលមិនបង្ហាញពីការពិតនោះទេ។ នេះជាភាពយន្តដែលព្យាយាមធ្វើឱ្យអ្នកទស្សនាពិបាកចិត្ត ហើយជួនកាលតក់ស្លុត ដោយប្រើប្រាស់សារសង្គមខ្លាំងៗ។ ពួកគេធ្វើឱ្យអ្នកគិតពីជំងឺសង្គមនៅពេលបច្ចុប្បន្ន។ ភាពយន្តភាគរបស់កូរ៉េមិនអ៊ីចឹងទេ។ វាមានទំនាក់ទំនងគ្នា ប៉ុន្តែយើងមិនអាចនិយាយថា វាដូចគ្នានោះទេ»។
មកទល់នឹងពេលនេះ ភាពយន្ត Parasite ទទួលបានចំណូលជាង១៦៨លានដុល្លារនៅទូទាំងពិភពលោក ហើយរោងភាពយន្ដនៅទូទាំងទីក្រុងសេអ៊ូល កំពុងចាប់ផ្តើមចាប់បញ្ចាំងភាពយន្តនេះឡើងវិញ ដើម្បីសាទរដល់ការឈ្នះពានរង្វាន់អូស្ការដែលមិនធ្លាប់មាននេះ។
លោក Kyung Hyun Kim បាននិយាយថា៖ «រោងភាពយន្ដកូរ៉េលក់សំបុត្រភាពយន្តអស់គ្មានសល់នៅក្នុងកម្មវិធីមហោស្រពភាពយន្តក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។ អ្នកចូលចិត្តមើលភាពយន្ដ និងអ្នកគាំទ្ររោងភាពយន្ដអន្តរជាតិបានដឹងពីចំណុចនេះ។ ប៉ុន្តែខ្ញុំគិតថា វាមកដល់ចំណុចមួយដែលថា អ្នកទៅមើលភាពយន្តធម្មតាយល់ថា ប្រទេសកូរ៉េខាងត្បូងមានភាពយន្តល្អអស្ចារ្យដែរ»៕