តារាហូលីវូដនឹងនាំគ្នាដើរលើកម្រាលព្រំពណ៌ក្រហមនៅយប់ថ្ងៃអាទិត្យដើម្បីចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការ ដែលជាកម្មវិធីធំបំផុតក្នុងឧស្សាហកម្មផលិតខ្សែភាពយន្ត។
ខ្សែភាពយន្តចំនួន៩នឹងប្រកួតប្រជែងគ្នាយកពានរង្វាន់អូស្ការសម្រាប់ប្រភេទខ្សែភាពយន្តដែលល្អបំផុត។ ប្រភពពីក្នុងឧស្សាហកម្មផលិតខ្សែភាពយន្តបានប្រាប់មកថា ខ្សែភាពយន្តដែលនឹងទទួលបានពានរង្វាន់នៅយប់នេះគឺភាពយន្ដ «១៩១៧» ដែលនិយាយអំពីសង្គ្រាមលោកលើកទីមួយ ដែលបានទទួលពានរង្វាន់មួយចំនួនរួចមកហើយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ក៏ប៉ុន្តែមានខ្សែភាពយន្តមួយទៀតដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់គឺភាពយន្ដ «Parasite» និងភាពយន្ដ «Once Upon a Time in Hollywood»។
ហើយនៅក្នុងនោះផងដែរ ភាពយន្ដ «Joker» ដែលផ្អែកតាមសៀវភៅ comic ត្រូវបានជ្រើសរើសឲ្យប្រកួតប្រជែងដើម្បីយកពានរង្វាន់អូស្ការនៅក្នុងផ្នែកចំនួន១១ ហើយភាពយន្តនេះនាំមុខគេលើក្នុងការប្រកួតទាំង១១ផ្នែកនោះ។ តួសម្តែងសំខាន់នៅក្នុងខ្សែភាពយន្តនេះ គឺលោក Joaquin Phoenix ត្រូវបានគេរំពឹងថា នឹងទទួលបានពានរង្វាន់អូស្ការផ្នែកតួសម្ដែងល្អបំផុត។
ខ្សែភាពយន្ត «The Irishman» ដែលមិនបានទទួលពានរង្វាន់សំខាន់ៗមួយចំនួននៅក្នុងផ្នែកតួសម្ដែងល្អបំផុតឬការដឹកនាំខ្សែភាពយន្តល្អបំផុត នៅតែស្ថិតក្នុងចំណោមភាពយន្ដចូលរួមប្រកួតប្រជែង១០សម្រាប់ផ្នែកភាពយន្តល្អបំផុត។
ភាពយន្ត «Parasite» ដែលនិយាយភាសាកូរ៉េ ត្រូវបានគេរំពឹងថានឹងទទួលបានពានរង្វាន់អូស្ការផ្នែកភាពយន្តអន្តរជាតិ។ វានឹងក្លាយជាប្រវត្តិសាស្ត្រ ប្រសិនបើភាពយន្តនេះទទួលបានពានរង្វាន់អូស្ការទាំងផ្នែកភាពយន្តអន្តរជាតិនិងភាពយន្តល្អបំផុត៕