រង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨នេះ ត្រូវបានផ្ដល់ជូនមនុស្សពីរនាក់ គឺម្នាក់ឈ្មោះ Nadia Murad ជាសកម្មជនសិទ្ធិមនុស្សជនជាតិYazidi ដែលនៅរស់រានពីអំពើទាសភាពផ្លូវភេទ ប្រព្រឹត្តដោយពួករដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់។ ជ័យលាភីម្នាក់ទៀតឈ្មោះ Denis Mukwege ជាវេជ្ជបណ្ឌិតខាងរាងកាយស្ត្រី ដែលធ្វើការក្នុងមន្ទីរពេទ្យមួយក្នុងសាធារណរដ្ឋកុងហ្គោ ដោយបានព្យាបាលជនរងគ្រោះដោយការរំលោភសេពសន្ថវៈនិងអំពើហិង្សាផ្លូវភេទផ្សេងទៀតជាង៥ម៉ឺននាក់។
គណៈកម្មាធិការរង្វាន់ណូបែលក្នុងប្រទេសន័រវែស បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថារង្វាន់នេះ ទទួលស្គាល់ «ការខំប្រឹងប្រែងរបស់អ្នកទាំងពីរ ក្នុងការបញ្ចប់ការប្រើប្រាស់អំពើហិង្សាផ្លូវភេទ ជាអាវុធនៃសង្គ្រាមនិងជម្លោះប្រដាប់អាវុធ»។
លោកវេជ្ជបណ្ឌិត Mukwege អាយុ៦៣ឆ្នាំ គ្រប់គ្រងមន្ទីរពេទ្យPanzi នៅប៉ែកខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាតំបន់ដ៏គ្រោះថ្នាក់មួយ ដែលក្រុមប្រដាប់អាវុធ ជារឿយៗ បានប្រើការរំលោភបំពានផ្លូវភេទ ដើម្បីបំភិតបំភ័យជនស៊ីវិល។ លោកវេជ្ជបណ្ឌិតរូបនេះ និងបុគ្គលិកផ្សេងទៀតក្នុងមន្ទីរពេទ្យនេះ បានព្យាបាលឬធ្វើការវះកាត់ទៅលើសរីរាង្គកាយស្ត្រីរាប់ពាន់នាក់ ដែលបានរងរបួសក្នុងអំពើរំលោភសេពសន្ថវៈនិងរំលោភបំពារបំពានផ្លូវភេទតាមរូបភាពផ្សេងៗទៀត ក្នុងអំឡុងសង្គ្រាមស៊ីវិលនៅប្រទេសកុងហ្គោ។
លោកវេជ្ជបណ្ឌិត Mukwege បានប្រសាសន៍ថា «រង្វាន់នេះ មានអត្ថន័យពិតប្រាកដ តែពេលណាវាជួយកៀរគរមនុស្សម្នាឱ្យផ្លាស់ប្ដូរស្ថានភាពរបស់ជនរងគ្រោះនៅក្នុងតំបន់ដែលមានជម្លោះប្រដាប់អាវុធតែប៉ុណ្ណោះ»។
លោកបន្តទៀតថា«ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវឩក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងស្ត្រី ក្មេងស្រី និងសូម្បីតែទារិកា មិនមែនតែក្នុងប្រទេសរបស់ខ្ញុំប៉ុណ្ណោះទេ តែក៏នៅក្នុងប្រទេសផ្សេងៗទៀតដែរ»។ លោកបន្ថែមទៀតថា «ខ្ញុំចង់ប្រាប់ទៅជនរងគ្រោះទាំងឡាយនៅទូទាំងពិភពលោកថា តាមរយៈរង្វាន់ណូបែលនេះ ពិភពលោកទាំងមូល កំពុងស្ដាប់អ្នកនិយាយ និងពួកគេ បានប្រកែក មិននៅស្ងៀម ឈអោបដៃមើល ក្តីឈឺចាប់របស់អ្នកនោះទេ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកវេជ្ជបណ្ឌិត Mukwege «គឺជាជើងឯកដែលឥតញញើត ដើម្បីសិទ្ធិរបស់ស្ត្រី ដែលរងការឈឺចាប់ដោយសារការរំលោភសេពសន្ថវៈ ការកេងប្រវ័ញ្ចនិងការរំលោភបំពានដ៏យង់ឃ្នងផ្សេងៗទៀត»។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តទៀតថា «ទោះបីជាលោកវេជ្ជបណ្ឌិតMukwege បានទទួលការគំរាមកំហែងអាយុជីវិតជាប់ជាប្រចាំក៏ដោយ ក៏លោកបានធ្វើឱ្យមន្ទីរពេទ្យ Panzi នោះ ក្លាយជាឋានសួគ៌ សង្គ្រោះអ្នកដែលគេធ្វើបាប»។
ជ័យលាភីណូបែលសន្តិភាពម្នាក់ទៀតនៅឆ្នាំនេះ គឺនាង Nadia Murad អាយុ២៥ឆ្នាំ ជាស្ថាបនិកនៃអង្គការ គំនិតផ្ដួចផ្ដើមរបស់ Nadia (ឬNadia's Initiative ) ដែលបានបូជាចំពោះការជួយស្ត្រីរងគ្រោះដោយអំពើប្រល័យពូជសាសន៍និងអំពើឃោរឃៅផ្សេងៗទៀត៕