អស់រយៈពេលជាង៦ខែមកហើយ តាំងពីមានការបង្ក្រាបយ៉ាងឃោរឃៅរបស់ពួកយោធាមីយ៉ាន់ម៉ា ដែលបង្កឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ារាប់សែននាក់គេចចេញពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។
ប៉ុន្តែ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានៅតែបន្តយុទ្ធនាការរបស់ខ្លួនដើម្បី «បោសសម្អាតពូជសាសន៍» រ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចកាន់សាសនាឥស្លាមដដែល។
លោក Andrew Gilmour អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស បានថ្លែងថា៖ «មនុស្សនៅតែត្រូវគេសម្លាប់ នៅតែត្រូវគេចាប់រំលោភ និងនៅតែត្រូវគេវាយដំ»។
នាពេលថ្មីៗនេះ លោក Andrew Gilmour បានជួបជាមួយនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលទើបតែមកដល់ជំរំជនភៀសខ្លួននៅក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដេស។ លោកនិយាយថា ពួកយោធាមីយ៉ាន់ម៉ាកំពុងប្រើគោលនយោបាយបង្ខំឲ្យមានការអត់ឃ្លាន ប្រឆាំងទៅលើអ្នកកាន់សាសនាឥស្លាមនៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។
លោក Andrew Gilmour បានថ្លែងបន្តទៀតថា៖ «អាជ្ញាធរបានរឹបអូសយកដីស្រែចម្ការរបស់កសិករ។ អ្នកជិតខាងដែលជាអ្នកកាន់សាសនាព្រះពុទ្ធបានលួច ឬក៏សម្លាប់សត្វពាហនៈរបស់អ្នកទាំងនោះ។ ហើយផ្សារនានាក៏ត្រូវបានគេដុតបំផ្លាញផងដែរ»។
រដ្ឋាភិបាលមីយ៉ាន់ម៉ានៅតែបដិសេធម្ដងហើយម្ដងទៀតថាខ្លួនមិនបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នោះទេ។
លោក Thaung Tun ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ាបានថ្លែងថា៖ «ជារឿយៗ យើងបានឭអំពីការចោទប្រកាន់ជាច្រើនដែលថាមានការបោសសម្អាតពូជសាសន៍ ឬក៏អំពើប្រល័យពូជសាសន៍កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដូចដែលខ្ញុំធ្លាប់បាននិយាយកាលពីលើកមុន ហើយខ្ញុំសូមនិយាយម្ដងទៀត នេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ។ ហើយពាក់ព័ន្ធនឹងបញ្ហានេះ យើងអាចធានាចំពោះអ្នកបានថា បើមានការចោទប្រកាន់ យើងចង់ឃើញភស្តុតាងច្បាស់លាស់»។
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធមិនធ្វើការសហការជាមួយនឹងក្រុមអ្នកស៊ើបអង្កេត។
លោក Andrew Gilmour បានបញ្ជាក់ថា៖ «ប្រាកដណាស់ ត្រូវតែមានការបន្តដាក់សម្ពាធពីអន្តរជាតិទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីរារាំងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនេះកុំឲ្យបន្តអនុវត្តសកម្មភាពដូចដែលពួកគេកំពុងធ្វើនាពេលនេះជាបន្តទៀត»។
មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ដែលធ្លាប់ជានិមិត្តរូបតំណាងឲ្យសិទ្ធិមនុស្ស កំពុងតែរងការរិះគន់ថាមិនបាននិយាយប្រឆាំងនឹងពួកយោធា។ ករណីនេះបានធ្វើឲ្យពានរង្វាន់មួយចំនួនផ្សេងទៀតត្រូវបានចាត់ទុកជាមោឃៈ ក៏ដូចជាបណ្ដាលឲ្យមានការរិះគន់ជាសាធារណៈពីអ្នកទទួលជ័យលាភីពានរង្វាន់ណូបែលសន្តិភាពដទៃទៀតផងដែរ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា