ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​៩​នាក់ ត្រូវ​បាន​ដោះលែង ក្រោយ​សន្យា​ឈប់​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល


ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)
ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)

នៅ​ក្នុង​ការ​សន្យា​មួយ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន សាច់​ញាតិ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជាប់​ឃុំ បាន​អះអាង​ថា ​ពួក​គេ​នឹង​ឈប់​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ ការ​សន្យា​នេះ​ធ្វើ​ឡើង​តាម​រយៈ​សំណើ​មួយ​ច្បាប់​ទៅ​អាជ្ញាធរ ដែល​ក្នុង​នោះ​មាន​ការ​សុំ​ទោស និង​ទទួល​កំហុស​ផង​ដែរ។

កាល​ពី​សប្តាហ៍​មុន ប្រជា​ពលរដ្ឋ​បាន​ចេញ​មុខ​តវ៉ា ហើយ​ក្នុង​នោះ​៣០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​មាន​ផ្ទុះ​ហិង្សា។ ប៉ុន្តែ​ក្រោយ​មក អាជ្ញាធរ​បាន​ដោះ​លែង​មនុស្ស​២១នាក់ និង​បញ្ជូន​អ្នក​ភូមិ៩​នាក់​ទៅ​តុលាការ។

ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

មួយ​សប្តាហ៍​ក្រោយ ពួកគេ​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យនៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​ស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និ​ង​ត្រូវ​គោរព​តាម​លក្ខ​ខណ្ឌ​របស់​អាជ្ញាធរ។

អ្នកនាំពាក្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​កណ្តាល​ លោក ​ជួន សុបញ្ញា ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា អ្ន​ក​ភូមិ​ទាំង​៩​នាក់​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ចន្ទ តាម​សំណើ​របស់​ជន​ត្រូវ​ចោទ​ទាំង​នោះ ប៉ុន្តែ​ពួក​គេ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និ​ងរង់​ចាំ​ការ​ជំនុំ​ជម្រះ​ក្តី។

លោក​ថ្លែង​ថា៖ «ម្សិល​មិញ​ ចៅ​ក្រម​ស៊ើប​សួរ​បាន​សម្រេច​ឲ្យ​៩​នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន តាម​ពាក្យ​សុំ​របស់​គាត់»។

លោក​បន្ត​ថា៖ «ចៅក្រម​ស៊ើប​សួរ គាត់​អា​ច​សម្រេច​តាម​ពាក្យ​សុំ​របស់​ជន​ត្រូវ​ចោទ​[ស្នើ​]នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន មិន​មែន​ចប់​សំណុំ​រឿង​ទេ នៅ​រង់​ចាំ​ការ​ជំនុំ​ជម្រះ ដើម្បី​ស្វែង​រក​ថា​ តើ​គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​អញ្ចឹង​មែន​អត់»។

ប្រជា​ពលរ​ដ្ឋ​៩​នាក់​នោះ​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ លោក ​វ៉ាន់ សុបញ្ញា ​បាន​សម្រេច​ចោទ​ចំនួន​៣​បទ​ចោទ «ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ប្រឆាំង​រាជ​ការ​សាធារណៈ​មាន​ស្ថានទម្ងន់​ទោស​ និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» ហើយ​សម្រេច​ឃុំ​ខ្លួន​របស់​ពួកគេ​កាល​ពី​សប្តាហ៍​មុន។ សមត្ថកិច្ច​បាន​អះអាង​ថា​ អ្ន​ក​ភូមិ​ទាំង​៩​នាក់​នោះ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​ធ្ងន់​ធ្ងរ​ដល់​កម្លាំង​សមត្ថកិច្ច ​ដោយ​មាន​ភស្តុតាង​នៃ​ការថត​រូបភាព​ពី​កន្លែង​ផ្ទុះ​ហិង្សាក្នុង​ការ​តវ៉ា កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ​ឆ្នាំ​២០​២១។

មុន​ពេល​មាន​ការ​ដោះ​លែង ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​មាន​ស្នាម​មេដៃ​ចំនួន​៩នាក់ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​លោក ​គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្តាល ​ដោយ​ស្នើសុំ​អភ័យ​ទោស​នូវរាល់​កំហុស​ឆ្គងដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បីមក​លើ​កង​កម្លាំង​សមត្ថកិច្ច​កំពុង​ឈរ​ជើង​បំពេញ​ការ​ងារ​រក្សា​សន្តិសុខ និ​ង​សណ្ដាប់​ធ្នាប់ ក្នុង​ទីតាំង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី កាល​ពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​លិខិត​សុំ​ទោស​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ។

លិខិត​សុំ​ទោស​ដ​ដែល ​ចុះ​ថ្ងៃទី១៧ ខែ​កញ្ញា ក៏​បាន​បញ្ជាក់​លក្ខ​ខណ្ឌ ​៣​ចំណុច ​ដើម្បីឲ្យ​មាន​ការ​យោគ​យល់ និង​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​មាន​សេរី និង​នៅ​ក្រៅ​ឃុំ​បាន។

លិខិតសុំ​ទោស​ឲ្យ​ដឹង​ថា​៖ «ទី១ ឈប់​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​ទាំង​នេះ​តទៅ​ទៀត​ ចាប់​ពី​ពេល​នេះ​តទៅ ទី​២ ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ពិសេស​ការ​ស្ថាបនា​ព្រលាន​យន្ត​ហោះ​ថ្មីឲ្យ​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ ទី​៣ [ក្នុង]​ករណី​ខ្ញុំ​បាទ នាង​ខ្ញុំ​ទាំង​អស់​គ្នា​បន្ត​សកម្ម​ភាព ឬ​ចូលរួម​សកម្ម​ភាព​រារាំង​ខាង​លើ​នេះ​ទៀត​ ខ្ញុំ​បាទ​ នាង​ខ្ញុំ​ទាំង​អស់​គ្នា សូម​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​បំផុត​លើស​កម្មភាព​នេះ ដោយ​ពុំ​ត្រូវ​លើក​លែង​ជា​លើក​ទី២​ឡើយ»។

អ្នកស្រី​ ទូច កែវ​ ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ ប្តី​របស់​អ្នក​ស្រី​ឈ្មោះ ស្រ៊ុន ញ៉ក់​ អាយុ​៤២​ឆ្នាំ និង​ពលរដ្ឋ​៨នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ វេលាម៉ោង​ប្រមាណ​៥​ល្ងាច។ អ្នកស្រី​បន្ត​ថា​ ​មុន​ពេល​ដោះ​លែង​សាច់​ញាតិ​របស់​ពួកគេ ​រូប​អ្នក​ស្រី​ផ្ទាល់​បាន​នាំ​គ្នា​ទៅ​ជួប​អាជ្ញាធរស្រុក ដើម្បី​សុំ​ការ​អន្ត​រាគមន៍​ឲ្យ​ក្រុម​គ្រួសារ​របស់ពួក​គាត់​មាន​សេរី​ភាព និង​បាន​នៅ​ក្រៅ​ឃុំ ដោយត្រូវ​ធ្វើ​តាម​លក្ខ​ខណ្ឌ​មួយ​ចំនួន។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ «គាត់​ធ្វើ​ក្រដាស​ស្នាម​ថា​ ថ្ងៃ​ក្រោយ យើង​កុំ​ឲ្យ​ទៅ​ហ្នឹង​ទៀត​ បើ​ថា​យើង​ស្នើ​សុំ​តវ៉ា​ដី យើង​ទៅ​ធ្វើ​ក្រដាស​ស្នាម​ទៅ​ កុំ​ទៅ​ធ្វើ​បាតុ​កម្ម​ចឹងហា៎» ។

អ្នកស្រី​បន្ថែម​ថា​ អ្នក​ស្រី​ពិត​ជា​ចង់​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ណាស់ ប៉ុន្តែ​អ្នកស្រីស្នើឲ្យ​អាជ្ញា​ធរ​បង្កើន​តម្លៃ​ដី​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​បន្តិច​ទៀត គឺ​លើស​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ទោះ​បី​ជា​តម្លៃមិន​បាន​ស្មើ​ទីផ្សារ ប៉ុន្តែ​សុំ​ផ្តល់​តម្លៃ​មួយ​ដែល​ប្រជាពល​រដ្ឋ​ទូទៅ​អាច​ទទួល​យក​បាន ដើម្បី​យក​ទៅ​ដោះ​ស្រាយ​ជីវ​ភាព​រស់​នៅ។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​គ្រាន់​តែ​ថា​ ស្នើ​សុំ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​គាត់​សុំ​ដំឡើង[ថ្លៃ]​ដី​ដែល​ប៉ះ​ពាល់​ក្នុង​ព្រលាន​[យន្តហោះ​]​ហ្នឹង​បន្តិច​ទៀត​មក ដូច​ថា​ ៨​ដុល្លារ​យើង​មើល​ទៅ​ជុំវិញ​ខេត្ត​កណ្តាល​ស្ទឹង​វា​អត់​មាន​ចឹង​ហា៎ វា​មាន​តែ​ថ្លៃ​» ។

លោក ​អ៊ូច សៅវឿន ​ អភិបាល​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្តាល បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការដោះ​លែង​អ្នក​ភូមិ​ទាំង​៩​នាក់​នេះ ​ដោយ​សារ​តែ​មាន​ការ​សម្រប​សម្រួល​របស់អភិបាល​ខេត្ត​កណ្តាល​ ជាមួយ​តុលាការ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​គ្រួសារ​របស់​សាច់​ញាតិ​ដែល​ជាប់​ឃុំ។

លោក​ថ្លែង​ថា៖ «​ប្រជា​ពល​រដ្ឋ​របស់​គាត់​ដែរ គាត់[អភិបាល​ខេត្ត​កណ្តាល]​សុំ​ទៅ​តុលាការ​ទៅ គាត់​សុំ​ឲ្យ​មាន​ការ​យោគ​យល់​ គាត់​[តុលាការ]​ឲ្យ​មាន​ការ​ចេញ​មក​វិញ​»។

អភិបាល​ស្រុក​កណ្ដាល​ស្ទឹង​បាន​ឲ្យ​ដឹង​ទៀត​ថា រឿង​តម្លៃ​ដីដែល​ប្រជាពល​រដ្ឋ​ស្នើ​លើស​ពី៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ អាជ្ញា​ធរ​ស្រុក​មិន​អាច​កំណត់​បាន​នោះ​ទេ ដោយ​មាន​តែការ​សម្រប​សម្រួល​បន្ត​ទៀត។

លោក គង់​ សោភ័ណ អភិបាល​ខេត្ត​កណ្តាល​បាន​ប្រាប់​វីអូអេ​ថា​ លោក​បាន​ស្នើសុំ​ទៅ​តុលាការ​ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំរបស់ពលរដ្ឋ។

លោកបញ្ជាក់​ថា​៖ «គាត់​ គ្រួសារ​គាត់​ និង​បង​ប្អូន​ទាំង​អស់​ គាត់​បាន​យល់​ថា ​គាត់​យល់​ហា៎! គាត់​យល់​អំពី​អ្វី​ដែល​គាត់​បាន​ជ្រុល​ជ្រួស​ មើល​លើ​សមត្ថ​កិច្ច​របស់​យើ​ង អញ្ចឹង​ទេ​គាត់​ក៏​បាន​សុំ​ថា​គាត់មិន​បន្ត​ឲ្យ​មាន​ការ​គ្រោះ​ថ្នាក់ ​ឬ​បញ្ហា​អី​ផ្សេង​ៗ​លើ​សមត្ថ​កិច្ច​ត​ទៅ​ទៀត​ទេ​។ គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​ចឹង​ហា៎ ចឹង​ទៅ​ខាង​តុលាការ​គេ​ក៏​សុំ​ថា​គាត់​បាន​ភ្ញាក់​រឭក​ហើយ»។

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​ទៅ​តំណាង​ក្រុមហ៊ុន​ OCIC ដែល​វិនិយោគ​សាង​សង់​ព្រលាន​យន្ត​ហោះ​នៅ​តំបន់​នោះ លោក ​ជូ កុកសាយ ​ប៉ុន្តែ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ លោកបាន​ប្រាប់​វីអូអេ​កាល​ពីសប្តាហ៍​មុន​ថា ​ក្រុម​ហ៊ុន​នៅ​តែ​ផ្តល់​ជម្រើស​២​ទៅ​ប្រជា​ពលរដ្ឋ ដែល​រួម​មាន​ការ​ផ្តល់​សំណង​ចំនួន​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ដោះ​ដូរ​ដី​ចំពោះ​ដី​ប្រជា​ពល​រដ្ឋ​មាន​ការ​ប៉ះ​ពាល់​ផ្លូវ​យន្ត​ហោះ​រត់។

លោក​បញ្ជាក់​ទៀត​ថា​ ក្រុម​ហ៊ុន​មិន​បាន​បង្ខំ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ក្នុង​ការ​លក់ដី​ឲ្យ​ក្រុម​ហ៊ុន​នោះ​ទេ ហើយ​ការ​ចរចា​តម្លៃ​ដី​យ៉ាង​ណា​ លោក​មិន​អាច​បញ្ជាក់​បាន​ទេ ដោយ​លោក​ថា ​ធ្វើ​តាម​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ។

លោក ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ការ​ដោះ​លែង​ពលរដ្ឋ​ទាំង​៩​នាក់​នេះ ជា​ការ​ល្អ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរសិក្សា និង​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ និ​ង​ហ្មត់​ចត់លើ​ករណី​មួយ​នេះ ជា​ពិសេស​ការ​កាត់​ទោស​ដោយ​យុត្តិធម៌។

លោក​ថ្លែង​ថា៖ «ពេល​ដែល​កើត​ហេតុ​ហិង្សា​ហ្នឹង​កើត​ឡើង គឺ​អត់​ទាន់​មាន​ដំណោះ​ស្រាយ​ណាមួយ​កើត​ឡើង​ទេ [និង]​ដំណោះ​ស្រាយ​ណា​មួយ​អាច​ទទួ​ល​យក​បាន​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រើ​នូវ​សម្ពាធ​ផ្សេង​ៗ ទៅ​លើ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​យក​អាកា​រ​ដោះ​ស្រាយ​ពី​ខាងអាជ្ញាធរ​ ហើយ​និង​ក្រុម​ហ៊ុន​ហ្នឹង គឺ​មិន​សម​ស្រប​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​ទាម​ទារ​របស់​ពួក​គាត់»។

មន្រ្តី​សិទ្ធិ​មនុស្ស​មនុស្ស​រូប​នេះ​បន្ត​ថា អាជ្ញាធរ​ពាក់​ព័ន្ធត្រូវ​ស្វែង​រក​វិធី​សាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយជូន​ប្រជាពល​រដ្ឋ​ឲ្យ​បាន​សមស្រប​និង​អាច​ទទួល​យក​បាន​ទាំង​គ្រប់​ភាគី ហើយ​លោក​យល់​ថា​ អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​កន្លង​មក មិន​មែន​ជា​កំហុស​ដែល​បង្កដោយ​ភាគី​ពលរដ្ឋ​តែ​ម្ខាង​នោះ​ទេ។

លោក​យល់​ថា​ ការ​ដែល​ប្រជាពលរដ្ឋ​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា គឺ​ដោយ​ហេតុ​ថា​ពលរដ្ឋ​ជា​ម្ចាស់​ដី​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ​សាស្រ្ត​ដី​ធ្លី​ដែល​ពលរដ្ឋ​អះអាង​ថា​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​ក៏​អំពាវ​នាវ​ឲ្យ​មាន​ការអន្ត​រាគមន៍​មួយ​សម​ស្រប និង​ផ្តល់​ភាព​យុត្តិធម៌​ ទាក់​ទង​ហិង្សា​ដែល​កើត​ឡើង​ក្នុង​រឿងជម្លោះ​ដី​ធ្លី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG