អ្នកមានជម្លោះដីធ្លីក្នុងគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរត់គេចខ្លួន ខណៈអាជ្ញាធរប្រកាសតាមចាប់ពលរដ្ឋផ្សេងទៀត ក្រោយមានការឃាត់ខ្លួនមនុស្ស៣០នាក់ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលមានសាច់ញាតិត្រូវបានឃាត់ខ្លួន។
ប្រជាពលរដ្ឋឲ្យដឹងថាអ្នកភូមិប្រមាណ៣០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនOCICរបស់លោកឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប៉ុន្តែសំណងសមរម្យមិនទាន់មានការឯកភាពពីប្រជាពលរដ្ឋមួយចំនួននៅឡើយទេ។
ការឃាត់ប្រជាពលរដ្ឋ៣០នាក់នេះ បន្ទាប់ពីពួកគេប្រមាណ១០០នាក់ បានប្រមូលផ្តុំតវ៉ាទាមទារឲ្យអាជ្ញាធររកដំណោះស្រាយដីធ្លី កាលពីព្រឹកថ្ងៃអាទិត្យ ដែលប្រជាពលរដ្ឋបានអះអាងថាពួកគេមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុនផ្តល់សំណងតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ខណៈតម្លៃទីផ្សារ នៅចន្លោះពី៦០ទៅ៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមសម្តីរបស់ប្រជាពលរដ្ឋ។
អ្នកស្រី សុង សុរិន អាយុ៤១ឆ្នាំ រស់នៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ប្រាប់វីអូអេនៅថ្ងៃចន្ទថាដីម្តាយគាត់ មានប្រមាណកន្លះហិកតា(៥០អា) ដែលអ្នកស្រីមិនទាន់ឯកភាពតាមការផ្តល់សំណងរបស់ក្រុមហ៊ុន។ អ្នកស្រីបន្ថែមថាអ្នកស្រីមានការភិតភ័យ និងតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលសមត្ថកិច្ចដេញចាប់ប្រជាពលរដ្ឋ ហើយអ្នកស្រីផ្ទាល់បានរត់ចូលក្នុងវាលស្រែ ជាមួយកូនតូចៗរបស់អ្នកស្រី។ ទោះជាយ៉ាងណា ប្អូនប្រុសភ្លោះរបស់អ្នកស្រីពីរនាក់ ត្រូវបានចាប់ខ្លួន។ ដោយសារភាពភ័យខ្លាច អ្នកស្រីមិនទាន់ហ៊ានត្រឡប់ចូលផ្ទះនៅឡើយទេ។
អ្នកស្រីថ្លែងថា៖ «មីងព្រួយ! មីងលែងហ៊ាននៅផ្ទះហើយហ្នឹង។ មីងអត់បាយ អត់ទឹកតាំងពីម្សិលមិញ»។
អ្នកស្រីជំរុញឲ្យក្រុមហ៊ុនOCICផ្តល់សំណងសមរម្យ ដែលមានតម្លៃប្រហាក់ប្រហែលទីផ្សារចន្លោះពី៨៥ដុល្លារទៅ៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រីថ្លែងថា៖ «អាជ្ញាធរគាត់ចេះតែហៅយើងទៅដែរ។ ហើយគាត់ចេះតែគំរាមកំហែងរហូត គំរាមកំហែង៨ដុល្លារ។ បើយើងមិនយកទេ គេនឹងធ្វើតាមផ្លូវច្បាប់ ឬមួយក៏ដូរដី។ បើមិនដូរទេ ត្រូវតែគេធ្វើហើយ អត់មានដំណោះស្រាយអ្វីក្រៅពីហ្នឹង មានតែប៉ុណ្ណឹង»។
ចំណែកពលរដ្ឋម្នាក់ទៀត គឺលោក ណៃ ភន រស់នៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងដែរ មានដីជម្លោះជាមួយក្រុមហ៊ុន ប្រមាណ១ហិកតា។ ខណៈកំពុងសម្ងំគេចខ្លួន លោកបានប្រាប់វីអូអេនៅថ្ងៃចន្ទថាភរិយារបស់លោក ត្រូវបានចាប់ខ្លួន ខណៈកូនប្រុសអាយុ១៨ឆ្នាំម្នាក់ បានរត់គេចខ្លួន ដូចរូបលោកដែរ ហើយកូនម្នាក់ទៀតអាយុ១២ឆ្នាំ ត្រូវបានអ៊ំជួយមើលថែ។
លោកថ្លែងថា៖ «៣ឆ្នាំនោះ វារងទុក្ខ វាអត់លុយចាយ អត់ការងារធ្វើវាវេទនាមួយតង់ហើយ។ ហើយមកម្សិលមិញនេះ គេចាប់ប្រពន្ធ គេចាប់បង ចាប់ប្អូនព្រាត់ប្រាស់គ្នា កូនរត់ទៅលិច ឪពុករត់ទៅកើត ប្រពន្ធជាប់គុក ហើយតើអារម្មណ៍មួយនេះ នរណាទទួលយកបាន»។
លោកក៏ទាមទារឲ្យក្រុមហ៊ុនដោះស្រាយជម្លោះដីធ្លី ដោយផ្តល់សំណងជាទឹកប្រាក់ ឲ្យប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។
លោកថ្លែងថា៖ «ឥឡូវនេះគេចាប់មនុស្សទៅហ្នឹងគេចាប់ធ្វើជាចំណាត់ខ្មាំង ប្រសិនបើយើងមិនព្រមយក៨ដុល្លារហ្នឹង គេអត់លែង(ប្រពន្ធ និងប្អូនរបស់លោក)ទេ...។ ហើយចាប់អាជ្ញាធរ អ្នកចាប់ ហើយដោះស្រាយខាងក្រុមហ៊ុន អញ្ចឹងមានន័យថាក្រុមហ៊ុន និងអាជ្ញាធរឃុបឃិតគ្នា ចាប់ជំរិតប្រជាពលរដ្ឋ»។
លោក ជូ កុកសាយ តំណាងក្រុមហ៊ុនOCIC ប្រាប់វីអូអេនៅថ្ងៃចន្ទថាក្រុមហ៊ុនផ្តល់សំណងដីធ្លីចំនួន៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានបដិសេធមិនទទួលយក។
លោកថ្លែងថា៖ «តម្លៃ៨ដុល្លារទូទៅទាំងអស់។ ហើយបើត្រូវផ្លូវRunway(ផ្លូវយន្តហោះរត់) អាចឲ្យជម្រើស[ទី]ពីរ [គឺ]ដោះស្រាយ ដោះដូរដីជូនគាត់ »។
លោក ជូ កុកសាយ បានកាត់ផ្តាច់ទូរសព្ទ ក្រោយការថ្លែងនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក លោក ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ OCIC បាននៅឡើយទេ។
រដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់ប្រជាពលរដ្ឋថាប្រើអំពើហិង្សា និងជេរប្រមាថកម្លាំងសមត្ថកិច្ច ហើយបានដុតកៅស៊ូកង់ និងប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង ទៅលើសមត្ថកិច្ច។ រដ្ឋបាលខេត្តបញ្ជាក់ថាសកម្មភាពទាំងនេះបណ្តាលឲ្យកងកម្លាំងសមត្ថកិច្ចចំនួន១៣នាក់រងរបួស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ចេញផ្សាយកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរខេត្តបានឲ្យដឹងទៀតថាកងកម្លាំងបានប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារ និងបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន៣០នាក់ ដែលមានស្ត្រី២០នាក់ ក្នុងការនាំយកមកសាកសួរនៅស្នងការដ្ឋាននគបាលខេត្តកណ្តាល។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបដិសេធមិនបកស្រាយជុំវិញបញ្ហាចាប់ខ្លួនប្រជាពលរដ្ឋ ដោយរុញឲ្យសួរអភិបាលខេត្តកណ្តាលវិញ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចោទប្រកាន់ប្រជាពលរដ្ឋថាបង្ករបួសស្នាម និងហិង្សាមកលើសមត្ថកិច្ច អំឡុងពេលកងកម្លាំងចុះបំពេញភារកិច្ចរបស់ខ្លួននៅក្នុងតំបន់នោះ។ លោកបន្ថែមថាការចាប់ខ្លួនជនបង្កទាំងនោះ ដោយសំអាងទៅលើភស្តុតាង តាមរយៈកាមេរ៉ាសុវត្ថិភាព និងដ្រូនដែលថតបានសកម្មភាពហិង្សាទៅលើកងកម្លាំង។
លោកប្រាប់វីអូអេថា៖ «ប៉ុន្តែអ្នកដែលពាក់ព័ន្ធទៅនឹងរឿងគប់ដោយហិង្សាលើកម្លាំងសមត្ថកិច្ចហ្នឹង គឺកំពុងតែធ្វើតាមនីតិវិធីច្បាប់។ ហើយឥឡូវនេះកំពុងស្រាវជ្រាវបន្តទៀតចំពោះអ្នកដែលគេចវេះ។ ប៉ុន្តែមិនដឹងបានប៉ុន្មានទៀតដែរ ព្រោះខ្ញុំមិនទាន់បានជ្រាប់ទាំងអស់ដែរ ព្រោះដោយសារមិនទាន់បានព័ត៌មានគាត់ផ្តល់មក»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធសុំមិនអត្ថាធិប្បាយជុំវិញបញ្ហាទំនាស់ដីធ្លីនៅស្រុកកណ្តាលស្ទឹងនេះទេ ដោយលោកបង្វែរឲ្យសួរគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីវិញ។
លោក អំ សំអាត នាយករងនៃទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាអំពើហិង្សាលើប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនេះ នឹងមិនអាចបញ្ចប់បានទេ ប្រសិនបើមិនមានការដោះស្រាយណាមួយ ប្រកបដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌៕