នៅក្នុងរឿងជម្លោះដីធ្លីដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងការផ្តល់សំណងដែលមានតម្លៃដីទាបជាងទីផ្សារ ប្រជាពលរដ្ឋចំនួន៩នាក់ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃអង្គារ។
ប្រជាពលរដ្ឋទាំងនោះបានចេញមុខតវ៉ា កាលពីថ្ងៃអាទិត្យ រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCICរបស់ឧកញ៉ា ពង់ ឃាវសែ ដែលសាងសង់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង។ មនុស្ស៣០នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែ២១នាក់ត្រូវបានដោះលែងវិញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
សមត្ថកិច្ចខេត្តកណ្តាលបានអះអាងថាអ្នកភូមិទាំង៩នាក់នោះ ជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កម្លាំងសមត្ថកិច្ច ដោយមានភស្តុតាងនៃការថតរូបភាពពីកន្លែងផ្ទុះហិង្សាក្នុងការតវ៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
លោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់វីអូអេនៅថ្ងៃពុធថាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចចោទប្រកាន់ប្រជាពលរដ្ឋ៩នាក់នោះ ចំនួន៣បទចោទ ហើយសម្រេចឃុំខ្លួនរបស់ពួកគេ។
លោកថ្លែងថា៖ «ពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រឆាំងរាជការសាធារណៈមានស្ថានទម្ងន់ទោស និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។
បទចោទទាំង៣នេះ អាចនាំឲ្យពួកគេជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ប្រសិនបើរកឃើញកំហុស។
នៅក្នុងរឿងជម្លោះដីធ្លីដែលតានតឹងនេះ រដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់ប្រជាពលរដ្ឋថាប្រើអំពើហិង្សា និងជេរប្រមាថកម្លាំងសមត្ថកិច្ច ហើយបានដុតកៅស៊ូកង់ និងប្រើដំបង គប់ដុំថ្ម បាញ់ចំពាមកៅស៊ូ គប់ដបសាំង ទៅលើសមត្ថកិច្ច។ រដ្ឋបាលខេត្តបញ្ជាក់ថា សកម្មភាពទាំងនេះបណ្តាលឲ្យកងកម្លាំងសមត្ថកិច្ចចំនួន១៣នាក់រងរបួស។
ប៉ុន្តែក្រុមគ្រួសារដែលសមាជិកត្រូវបានតុលាការចោទប្រកាន់យល់ថាការចោទប្រកាន់នេះ«អយុត្តិធម៌ណាស់»សម្រាប់សាច់ញាតិរបស់ខ្លួន ដែលគ្រាន់តែទាមទាររកដំណោះស្រាយបញ្ហាដីធ្លីស្របច្បាប់តែប៉ុណ្ណោះ។
អ្នកស្រី សុង សុរិន អាយុ៤១ឆ្នាំ រស់នៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ប្រាប់វីអូអេថាប្អូនប្រុសបង្កើតម្នាក់ត្រូវបានតុលាការឃុំខ្លួន និងប្អូនប្រុសម្នាក់ទៀត ត្រូវបានចាប់ខ្លួន ប៉ុន្តែដោះលែងវិញកាលពីថ្ងៃអង្គារ។ អ្នកស្រីស្នើឲ្យដោះលែងប្អូនប្រុស និងប្រជាពលរដ្ឋផ្សេងទៀតឲ្យមានសេរីភាពវិញ ដោយអ្នកស្រីអះអាងថាពួកគេមិនមានកំហុសអ្វីនោះទេ ហើយក៏មិនបានប្រើប្រាស់ដំបង ឬសម្ភារៈផ្សេងទៀត ដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយ។
អ្នកស្រីថ្លែងថា៖«វត្ថុតាងហ្នឹងខ្ញុំក៏មានឃើញ រណា ចបជីក ចកចក់ តែគាត់[សមត្ថកិច្ច]ប្រមូលហ្នឹងមិនមែនជាភស្តុតាងដែល[សម្រាប់]ប្រើហិង្សានេះទេ គេ[ពលរដ្ឋ]យកមកជីកបង្គោលរបង ដែលបាំងរនាំងកុំឲ្យគាត់[សមត្ថកិច្ច]ហ្នឹង លើកខិតចូលមកដីភូមិយើងទៀតអញ្ចឹង។ ជីកដីធ្វើរបងហ្នឹងទេ កុំឲ្យគាត់[សមត្ថកិច្ច]ខិតរនាំងរបស់គាត់ចូលកណ្តាលភូមិពេក»។
អ្នកស្រីក៏បានអំពាវនាវទៅដល់រដ្ឋាភិបាលក្នុងការជួយរកដំណោះស្រាយលើបញ្ហានេះ។
អ្នកស្រីប្រាប់វីអូអេថា៖ «អំពាវនាវដល់សម្តេចពុកសម្តេចម៉ែ ជួយដោះលែងបងប្អូនទាំង៩នាក់ របស់ខ្ញុំវិញមក ហើយសុំឲ្យមានដំណោះស្រាយដីហ្នឹងផង។ ហើយក្នុងចំណោមហ្នឹងមានស្ត្រីមេម៉ាយ [ម្នាក់ដែល]មានកូន៤ មានចាស់ ហើយមានក្មេងរៀងដល់តែ២[នាក់]»។
អ្នកស្រីបានចោទប្រកាន់ថាតំណាងក្រុមហ៊ុនធ្លាប់គំរាមប្រជាពលរដ្ឋឲ្យលក់ដីក្នុងតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េទៅឲ្យក្រុមហ៊ុន ដែលពលរដ្ឋអះអាងថាខុសតម្លៃទីផ្សារឆ្ងាយ។
អ្នកស្រីថ្លែងថា៖ «ល្ងាចមិញហ្នឹងគាត់ [លោក ជូ កុកសាយ តំណាងក្រុមហ៊ុន] មិនហ៊ាននិយាយ[គំរាមឲ្យលក់តម្លៃ៨ដុល្លារ]ទេ ប៉ុន្តែពីកន្លងមក គាត់និយាយគំរាមកំហែងហ្មង។ តែដល់យប់ម៉ិញនេះ គាត់អត់ហ៊ាននិយាយអញ្ចឹងទៀតទេ ហើយ[លោក ជូ កុកសាយ]ថានិយាយអត់បានទេ សុទ្ធតែថាខ្ញុំដាក់គំរាមកំហែង ហើយខ្ញុំក៏បាននិយាយថាគំរាមកំហែងមែនហ្នឹង ហើយឥឡូវគាត់លែងគំរាមកំហែងហើយ [គឺ]ច្បាប់ផ្សេង [ដោះ]ដូរដីផ្សេង គាត់ធ្វើនិយាយអញ្ចឹងវិញ»។
ចំណែកអ្នកស្រី ទូច កែវ អាយុ៤០ឆ្នាំ បានថ្លែងថាស្វាមីរបស់អ្នកស្រី គឺលោក ស្រ៊ុន ញក់ អាយុ៤២ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ អ្នកស្រីអំពាវនាវឲ្យតុលាការដោះលែងស្វាមីឲ្យបាននៅក្រៅឃុំ។
អ្នកស្រីប្រាប់វីអូអេថា៖ «ចំណែកខ្ញុំ ខ្ញុំគិតថាអយុត្តិធម៌ណាស់ ប្តីខ្ញុំមិនទៅធ្វើបាបអ្នកណា...។ ហើយបើពួកគាត់[សមត្ថកិច្ច]ឲ្យខ្ញុំទៅមើលដីស្រែខ្ញុំ ក៏អត់មានរឿងអញ្ចឹងដែរ»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ឲ្យខាងអាជ្ញាធរដោះលែងប្តីខ្ញុំឲ្យឆាប់ៗ ពីព្រោះថារឿងប៉ុណ្ណឹងមិនគួរណាយកគាត់ទៅដាក់គុកអញ្ចឹងទេ»។
តំណាងក្រុមហ៊ុន លោក ជូ កុកសាយ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាក្រុមហ៊ុននៅតែផ្តល់ជម្រើស២ទៅប្រជាពលរដ្ឋ ដែលរួមមានការផ្តល់សំណងចំនួន៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដោះដូរដីចំពោះដីប្រជាពលរដ្ឋមានការប៉ះពាល់ផ្លូវយន្តហោះរត់។ លោកបញ្ជាក់ថាក្រុមហ៊ុនមិនបានបង្ខំប្រជាពលរដ្ឋណាម្នាក់ក្នុងការលក់ដីឲ្យក្រុមហ៊ុននោះទេ ហើយការចរចាតម្លៃដីយ៉ាងណា លោកមិនអាចបញ្ជាក់បានទេ ដោយលោកថាធ្វើតាមគោលការណ៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អត់ទេ អត់មានបង្ខំទេ សិទ្ធិរបស់គាត់... គ្រាន់តែខ្ញុំមានភារកិច្ចដើរទិញដីសម្រាប់ឲ្យព្រលានយន្តហោះ»។
លោក អំ សំអាត នាយករងនៃទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ រឿងទំនាស់ដីធ្លីនេះ ប្រសិនបើមិនចរចារកដំណោះស្រាយឲ្យបានសមរម្យនោះទេ វានឹងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
លោកជំរុញឲ្យអាជ្ញាធរ និងក្រុមហ៊ុន ជជែកចរចាជាមួយប្រជាពលរដ្ឋក្នុងការផ្តល់សំណងឲ្យបានសមរម្យ ប្រកបដោយតម្លាភាព ដោយមានការព្រមព្រៀងពីពួកគេ។ លោកបន្តថាប្រសិនបើមិនការដោះស្រាយបានលឿន និងតាមសន្តិវិធីនោះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមានការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការអភិវឌ្ឍន៍[ដែល]ប្រជាពលរដ្ឋមិនទាន់ទទួលបានផលប្រយោជន៍ដែលរងផលប៉ះពាល់ទេ បែបហ្នឹងអភិវឌ្ឍបានយ៉ាងម៉េចកើត ពីព្រោះយើងឃើញហើយក្រុមហ៊ុននឹងអាចមានផល់ប្រយោជន៍ទៅថ្ងៃក្រោយ ប៉ុន្តែបើពលរដ្ឋមិនទាន់ទទួលបានការដោះស្រាយហើយបញ្ហាកើតឡើងបន្តបន្ទាប់ បែបហ្នឹង វាប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់[ប្រជាពលរដ្ឋ]។ បែបហ្នឹងគេហៅការអភិវឌ្ឍន៍មិនទាន់ប្រកបដោយតម្លាភាពនិងយុត្តិធម៌ទេ»។
គួរបញ្ជាក់ថាគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលនេះ ធ្វើឡើងនៅលើផ្ទៃដីប្រមាណ២.៦០០ហិកតា ដែលនឹងចំណាយទឹកប្រាក់ប្រមាណ១៥០០លានដុល្លារអាមេរិក៕