ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​៩​នាក់​និង​តាម​រក​ចាប់​បន្ថែម​ទៀត


រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុង​​សេចក្ដី​ថ្លែងការណ៍​​​​ចុះ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០១៩ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា សកម្មជន​របស់​គណបក្ស​នេះ​សរុប​ចំនួន ២៦នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក។

អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​នាក់ ក្នុង​នោះ​បី​នាក់​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធគារព្រៃស។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ។

សកម្មជន​នយោបាយ​ទាំង​នេះ​ត្រូវ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ប្រជុំដើម្បី​រៀប​គម្រោង​ត្រៀម​ទទួល​លោក សម រង្ស៊ី ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​មួយ​រូប ចូល​កម្ពុជា​វិញ​នា​ដើម​ខែ​វិច្ឆិកា ខាង​មុខ។

នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់ ​VOA នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ឃាត់​ខ្លួន​ពួកគេ​ទាំង​៩​នាក់ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភស្តុតាង​ជា​សារ និង​រូប​ថត​ដែល​ពួកគេ​បាន​ចូលរួម​ប្រជុំ​ជាមួយ​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​ការ​រៀប​គម្រោង​ទទួល​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ចូល​មក​កម្ពុជា​វិញ។

លោក​ខៀវ សុភ័គ​បាន​បន្ថែម​ថា៖

«អ្នកដែល​ឃាត់​ខ្លួន​ទាំង​អស់​ហ្នឹង ពិសេស​គឺ​បី​នាក់​ដំបូង បន្ទាប់​មក​យើង​បាន​ប្រាំមួយ​នាក់​ទៀត។ បី​នាក់​ដំបូង​ក៏​បាន​សារភាព​ទាំងអស់​ ​ហើយ​ឯកសារ​អី​យើង​មាន​គ្រប់​គ្រាន់ ហើយ​មាន​ទាំង​រូប​ថត​ទៅ​ប្រជុំ មាន​ទាំង​អី​ទាំងអស់​ហ្នឹង។ ឯកសារ​អី​ផ្សេងៗ​ទាំង​អស់ ដែល​ជា​យុទ្ធសាស្រ្ត យុទ្ធ​វិធី​អី​ទាំង​ប៉ុន្មានមាន​ទាំង​អស់»។

នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ ​បន្ថែម​ថា ​សមត្ថកិច្ច​កម្ពុជា​បាន​និង​កំពុង​បន្ត​ស៊ើប​អង្កេត​ស្វែង​រកអ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។

ក្នុងដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ចេញ​នៅថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​លោក កូយ សៅ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​ បានបង្គាប់​ឲ្យ​ឃុំ​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចំនួន​បី​នាក់ ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​តុលាការ​ ពីបទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

អ្នក​ទាំង​បី​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​នោះ​មានលោក ទុំ ប៊ុនថន​ យ៉ាត ភារម្យ ​និង​ កញ្ញា យូ ចាន់ធានី។ កញ្ញា យូ ចាន់ធានី គឺជា​អតីត​អ្នក​អាន​ព័ត៌មាន​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​គណបក្ស​ប្រឆាំង​ និង​ជា​អតីត​បុគ្គលិក​ធនាគារ អេប៊ីអេ ក្នុង​រាជធានីភ្នំពេញ។ ​

លោក អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ លើក​ឡើង​ថា ​ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នោះ មិនទាន់​បាន​បញ្ចេញ​សកម្មភាព​ណាមួយប្រឆាំង​រដ្ឋា​ភិបាលនៅឡើយ​ទេ។ លោក​បន្តថា ការ​ឃាត់​ខ្លួន​បែប​នេះនឹង​នាំ​ឲ្យមាន​ការ​រិះគន់​បន្ថែម​ទៀត​ពី​ការរិតត្បិត​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​។

«លោក​ស្រី រ៉ូណាស្មីត អ្នក​រាយការណ៍​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សក៏បាន​សម្តែង​ការ​កង្វល់ គឺ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​ ការប្រមូល​ផ្តុំ ឬ​ក៏​សេរីភាព​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ដែល​មានចែង ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង មាត្រា​៣៥​ផង​ដែរ។ អីចឹង​បញ្ហា​ទាំងអស់​នេះ​នាំ​ឲ្យ​គេ​មាន​ការ​រិះគន់​បន្ថែម​ទៀត ទាក់ទង​នឹងសេរីភាព​ការ​ចូលរួម​នយោបាយ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​»។

ក្នុងសេចក្ដី​ថ្លែងការណ៍ចុះ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០១៩ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា សកម្មជន​របស់​គណបក្ស​នេះ​សរុប​ចំនួន ២៦នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ បញ្ជាក់​ថា ការណ៍​នេះ​គឺ​ជា «ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​រដ្ឋធម្មនុញ្ញ​និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ស្លូតត្រង់ មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តស៊ូ​ទាមទារ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ ដោះលែង​សកម្មជន​របស់​ខ្លួន និងអំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំងក្លា​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា រួម​ទាំង​សកម្មជន​គណបក្ស និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត ក៏​ដូចជា​ឲ្យ «បញ្ឈប់​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តាម​គ្រប់​រូបភាព»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG