គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ ២០១៧ បាន «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តចាប់ខ្លួនសកម្មជនរបស់ខ្លួនដាក់ឃុំ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ ដែល VOA ទទួលបាន គណបក្សនេះបានបញ្ជាក់ថា សកម្មជនរបស់ខ្លួនចំនួន ៦ នាក់ទៀត ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន «ដោយគ្មានដីកាតាមទំនើងចិត្ត» តែក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះកាលពីពេលថ្មីៗនេះ។
អ្នកទាំង ៦ នាក់នោះគឺ លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន កញ្ញា យូ ចាន់ធានី លោក លី ម៉េងឃាង លោក លី លីន និងលោក ឈុន ថៃយុទ្ធ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដដែលនេះ។
គណបក្សសង្គ្រោះជាតិអះអាងថា សកម្មជនរបស់ខ្លួនសរុបចំនួន ២៦ នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីដើមឆ្នាំ ២០១៩ នេះមក ដែលការធ្វើដូច្នេះគឺជា «ទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ប្រៀបដូចជាទង្វើរបស់របបខ្មែរក្រហម «ដើម្បីបង្ក្រាប និងបំបាក់ស្មារតីប្រជាពលរដ្ឋស្លូតត្រង់ មិនឲ្យហ៊ានងើបឡើងតស៊ូទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ខ្លួន»។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងទៀតថា បន្ថែមទៅនឹងការទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងសកម្មជនរបស់ខ្លួន និងអ្នកទោសមនសិការទាំងអស់ គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធខ្លាំងក្លាបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា រួមទាំងសកម្មជនគណបក្ស និងអ្នកទោសមនសិការផ្សេងទៀត ក៏ដូចជាឲ្យ «បញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមគ្រប់រូបភាព»៕