ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ ប្រជុំ​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​ជាមួយ​អ្នកគាំទ្រ​នៅ​ស.រ.អា


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នក​គាំទ្រគណបក្ស​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ថ្លែង​ទៅកាន់អ្នក​គាំទ្រគណបក្ស​នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

លោក​សម រង្ស៊ី​ បាន​រស់នៅ​នីរទេស​ខ្លួន​នៅ​ប្រទេស​បារំាង​​ជិត​៤ឆ្នាំ ​ដើម្បី​គេចចេញ​​ពី​បណ្តឹង​បរិហាកេរ្តិ៍​នានា​ ​ដែល​ប្តឹង​ដោយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​លោក​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ ​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​លោក​ហោណាំហុង​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​​ជាដើម។

លោក​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នឹងជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​គណបក្ស​និង​អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​រៀបចំ​ផែនការ​លម្អិតជា​លើក​ចុងក្រោយមុន​នឹង​លោក​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ខែវិច្ឆិកា។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​គណបក្ស។​

លោក​ប៉ែន សុកផល ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋម៉ាស្សាឈូសិត ដែល​ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ឡូវែលនៅ​ថ្ងៃសៅរ៍​នេះ​ បាន​បញ្ជាក់​ថា៖

«ខ្ញុំគិត​ថា ​នេះ​ជា​ការ​ជួបជុំ​គ្នា​ចុងក្រោយ​ ហើយ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ដូច្នេះ​ជា​រឿង​សំខាន់​បំផុត​ដែល​បងប្អូន​ខ្មែរ​នៅ​តំបន់​ជុំវិញ​នេះ​ត្រូវ​អញ្ជើញ​ចូលរួម​កុំ​បី​ខកខាន​ ដើម្បី​មក​ស្តាប់​សេចក្តី​ថ្លែងការណ៍​ក៏ដូចជា​មក​មាន​យោបល់​គំនិត​អ្វីៗ ​គឺ​សូម​អញ្ជើញ​មក ​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ផង ជា​ការ​បង្ហាញ​នូវ​ការ​ខ្វល់ខ្វាយ​ផងក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ ក្នុង​នាម​ជា​អ្នកស្រឡាញ់​សេ្នហា​ទឹកដី‍»។​

កិច្ចប្រជុំនេះ​កើត​មាន​ឡើង​ក្នុង​ពេលដែល​មេដឹកនាំ​ក្រុម​ប្រឆាំងរូបនេះ​កំពុង​រង​សម្ពាធ​ពីផ្លូវ​តុលាការ​កម្ពុជាថ្មី​មួយ​ទៀត ​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​ ថា​ជា​«អាយ៉ង‍»របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​

លោក​សម រង្ស៊ី​ បាន​រស់នៅ​នីរទេស​ខ្លួន​នៅ​ប្រទេស​បារំាងជិត​៤ឆ្នាំ ​ដើម្បី​គេចចេញពី​បណ្តឹង​បរិហាកេរ្តិ៍​នានា​ ​ដែល​ប្តឹង​ដោយលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​លោក​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ ​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​លោក​ហោណាំហុង​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជាដើម។

លោក​សម រង្ស៊ី​ បាន​កំណត់​ពេល​វេលា​ធ្វើ​មាតុភូមិ​និវត្តន៍​នៅថ្ងៃទី​៩ ខែ​វិច្ឆិកា​ដែល​ជា​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ បន្ទាប់​ពី​បាន​ធ្វើ​យុទ្ធនាការ​ក្រៅ​ប្រទេស​ទាក់ទាញ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ហើយ​មាន​អ្នក​តំណាងរាស្ត្រ​នៃ​ប្រទេស​មួយ​ចំនួន​សន្យា​ថា​នឹង​អមដំណើរ​លោក​ត្រឡប់ទៅ​ប្រទេស​វិញ​ បើ​ទោះបីជា​មាន​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​ជា​គូប្រជែង​អំណាច​ដ៏​ជូរចត់​នឹង​គ្នា​ក៏ដោយ។

លោក​ប៉ែន សុកផល​ បាន​បញ្ជាក់​បន្ថែម​ថា៖

«បន្ទាប់ពី​យើង​ធ្វើការ​ទូត​ទំនាក់ទំនង​ទាំង​ផ្នែក​អន្តរជាតិ​ គឺ​បាន​សឹងតែ​គ្រប់​លើ​ពិភពលោក​ ហើយ​គឺ​បាន​សញ្ញា​មក​ប្រាប់​ថា​ ដល់ពេល​វេលា​ដែល​លោក​ប្រធាន​ស្តីទី​ត្រូវតែ​សម្រេច​ជោគ​វាសនា​ប្រទេស​ជាតិ​របស់​យើង ​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​ដោះលែង​លោកកឹម សុខា​ ជា​បន្ទាន់​ព្រោះ​នេះ​គឺជា​បំណងប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ពិភពលោក​ដែរ‍»។​

រដ្ឋាភិបាលដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​បង្រ្កាប​លើ​អង្គការ​សង្គម​ស៊ីវិល ​បណ្តាញ​សារព័ត៌មាន​និង​ក្រុម​ប្រឆាំងក្នុង​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​នេះ​រហូត​ឈាន​ទៅ​រំលាយ​និង​រឹបអូស​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ជាង​៥០០០​របស់គណបក្ស​សង្គ្រោះ​ជាតិ។

​មន្ត្រី​គណបក្ស​អះអាង​ថា ​គម្រោង​វិលត្រឡប់​របស់​លោក​សម រង្ស៊ី​ ត្រូវ​បាន​លើក​ទឹកចិត្ត​ថែម​ទៀត​ នៅ​ពេល​ដែល​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​ខិតខំ​រិះរក​វិធី​សង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ដោយ​មាន​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​និងរៀបចំ​សវនាការ​កាលពី​ថ្ងៃពុធ​ ដោយ​ផ្តោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលករ​នៅ​កម្ពុជា។

លោក​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​ដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​បាន​ចូលរួម​ស្តាប់​សវនាការ​នោះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​យល់​ថា​ នេះ​គឺជា​ទុន​ដ៏ធំ​មួយ​សម្រាប់​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួកយើង​ខ្ញុំ​ ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​ដូចជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទូទាំង​ពិភពលោក ក្នុងការ​ចូលរួម​ថ្ងៃ​៩វិច្ឆិកា​នេះ ​ដែល​ជា​ថ្ងៃ​វិល​ត្រឡប់​ទៅវិញ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែលដឹកនាំ​ដោយ​លោក​សម រង្ស៊ី‍»។​

លោក​សម រង្ស៊ី​ ក៏​មាន​គម្រោង​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ ​ដើម្បី​ជួប​ជាមួយ​នឹងស្ថាប័ន​នានា​ដែល​ធ្វើការ​លើ​ផ្នែក​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ៕

XS
SM
MD
LG