ក្រសួងយុត្តិធម៌កម្ពុជានៅថ្ងៃសុក្រនេះ បានបញ្ជាឲ្យតុលាការរាជធានីភ្នំពេញចោទប្រកាន់លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចំពោះការប្រើពាក្យអសុរោះធ្ងន់ៗមកលើព្រះកិត្តិនាមព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី។
ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអធិប្បាយថា អ្នកដែលរស់នៅលើទឹកដីកម្ពុជាគឺជាចំណាប់ខ្មាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូម្បីតែព្រះមហាក្សត្រក៏ជាចំណាប់ខ្មាំងរបស់លោកដែរ។ លោក សម រង្ស៊ី បន្ថែមថា លោក«មិនអាចពឹងព្រះមហាក្សត្រអ្វីបានទេដែល (ដោយសារ) ព្រះមហាក្សត្រជាអាយ៉ងរបស់លោកហ៊ុន សែន»។
ក្នុងលិខិតមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែលវីអូអេទទួលបាន នៅរសៀលថ្ងៃសុក្រនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា បានបញ្ជាទៅកាន់ព្រះរាជអាជ្ញានៃតុលាការជាន់ទាបឲ្យ «ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងដោយម៉ឺងម៉ាត់បំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
លោក អង្គ វង្សវឌ្ឍនា បានសំអាងថា សេចក្តីអត្ថាធិប្បាយរបស់លោកសម រង្ស៊ី «ជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញ»របស់ប្រទេសកម្ពុជា ដែលមានចែងក្នុងមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។
លោក គុជ គីមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់វីអូអេថា សាលាដំបូងរាជធានីភ្នំពេញបានទទួលលិខិតពីក្រសួងយុត្តិធម៌ និងបានសម្រេចធ្វើការចោទប្រកាន់លោក សម រង្ស៊ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានតួនាទីពិនិត្យលើសំណុំរឿងព្រហ្មទណ្ឌណាមួយ និងអាចបញ្ជាឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់អំពីសំណុំរឿងនោះបាន។
«គោលការណ៍ច្បាប់ប្បញ្ញត្តិមាត្រា២៩នៃក្រមនីតិវិធីព្រហ្មទណ្ឌហ្នឹង គឺថាអធិបញ្ជាហ្នឹង គឺព្រះរាជអាជ្ញាត្រូវតែធ្វើ ពីព្រោះថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធានឋានានុក្រមនៃព្រះរាជអាជ្ញា អញ្ចឹងគាត់អាចបញ្ជាឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បាន តែមិនអាចបញ្ជាព្រះរាជអាជ្ញាមិនឲ្យធ្វើការចោទប្រកាន់បានទេ»។
បទបញ្ជារបស់ក្រសួងយុត្តិធម៌ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលិខិតថ្កោលទោសលោក សម រង្ស៊ី របស់ក្រសួងព្រះបរមរាជវាំងចំពោះសេចក្តីអត្ថាធិប្បាយរបស់លោក តាមវិទ្យុអាស៊ីសេរី។
ក្រសួងព្រះបរមរាជវាំងបានសរសេរក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ»។
នៅកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីដដែលនោះ លោក សម រង្ស៉ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯក្រៅប្រទេស បានថ្លែងរៀបរាប់ពីប្រវត្តិនៃការដោះស្រាយជម្លោះនយោបាយនៅកម្ពុជា នាពេលកន្លងទៅ ថាមានតែព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ តែមួយអង្គគត់ដែលបានដើរតួសំខាន់ក្នុងការសម្របសម្រួលគូជម្លោះ។
លោក សម រង្ស៊ី ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែលថា ព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ តែងតែប្រទានតម្លៃដល់សកម្មភាពរបស់លោក ដែលលោក សម រង្ស៊ី ហៅថាជា «សកម្មភាពស្នេហាជាតិ» ប្រឆាំងអំណាចផ្តាច់ការ និងអំពើពុករលួយរបស់លោក ហ៊ុន សែន។
លោកបន្ថែមថា៖ «ព្រះបរមរាជវាំងសព្វថ្ងៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ ហ៊ុន សែន ដែលជាជនក្បត់ជាតិយ៉ាងពិតប្រាកដ»និង«ពូកែតែតាមធ្វើបាបអ្នកស្នេហាជាតិ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយលើកឡើងថា ការរិះគន់ព្រះមហាក្សត្រក្នុងន័យនយោបាយណាមួយ គឺជាការធ្វើនយោបាយដែលមិនទទួលបានផលចំណេញនោះទេ។
«អ្នកនយោបាយដែលចង់ទៅដឹកនាំប្រទេស ប្រហែលជាមិនបានចំណេញទេ បើសិនជាមានអរិយភាពចំពោះព្រះមហាក្សត្ររបស់យើង»។
នេះជាលើកទី២ហើយ ដែលលោក សម រង្ស៊ី ប្រឈមនឹងបណ្តឹងពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ តុលាការភ្នំពេញកាលពីខែសីហា ឆ្នាំ២០១៨ បានចោទប្រកាន់លោកសម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ ក្រោយលោកបានអធិប្បាយលើព្រះរាជសាររបស់ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ដែលបានអំពាវនាវឲ្យប្រជារាស្ត្រព្រះអង្គទៅបោះឆ្នោត។លោកសម រង្ស៊ី បានហៅព្រះរាជសារនៅពេលនោះថាជា«រាជសារក្លែងក្លាយ»៕