ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស​នៅ​នីហ្សេរីយ៉ា​កសាង​ជីវិត​ថ្មី​ឡើង​វិញ


រូបឯកសារ៖ ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​ម​នុស្ស​នៅ​ប្រទេស​លីប៊ី កំពុង​ដេរ​សម្លៀក​បំពាក់​នៅ​តំបន់ Benin រដ្ឋ Edo ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ ២០១៦។
រូបឯកសារ៖ ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​ម​នុស្ស​នៅ​ប្រទេស​លីប៊ី កំពុង​ដេរ​សម្លៀក​បំពាក់​នៅ​តំបន់ Benin រដ្ឋ Edo ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ ២០១៦។

ទីភ្នាក់ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស​នីហ្សេរីយ៉ា​កំពុង​ធ្វើ​មាតុភូមិ​និវត្តន៍ និង​ការ​តាំង​ទី​លំនៅ​ឡើង​វិញ​ចំពោះ​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​ពលកម្ម​ដោយ​បង្ខំ និង​អំពើ​ពេស្យាចារ ក្រោយ​ពី​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដោយ​ការ​សន្យា​បោក​ប្រាស់​ថា​នឹង​ផ្ដល់​ការងារ​ប្រាក់​ខែ​ល្អ​ឲ្យ​ធ្វើ។

ស្ត្រី​នីហ្សេរីយ៉ា​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ជួញដូរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទោះបីជា​អ្នក​ខ្លះ​មាន​សំណាង​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ក៏​ដោយ។

សម្រាប់​នាង Beatrice អាយុ ៣៥ ឆ្នាំ វា​គឺ​ជា​ការ​ផ្ដល់​ឲ្យ​ដ៏​ល្អ​មួយ​ដែល​នាង​មិន​អាច​មិន​ទទួល​យក​មិន​បាន ដែល​នោះ​គឺ​ការ​ធ្វើ​ការ​នៅ​ឯ​កសិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ប្រទេស​អ៊ីតាលី ដែល​ពួក​អ្នក​ជួញដូរ​មនុស្ស​បាន​ប្រាប់​នាង​កាល​ពី​ឆ្នាំ ២០១៣។

នាង​យល់ព្រម​ទទួល​យក​ការ​ផ្ដល់​ឲ្យ​ដែល​ជា​អន្ទាក់​នេះ ដោយ​គិត​ថា នាង​អាច​ជួយ​ឪពុក​ម្ដាយ​របស់​នាង​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​បាន ដោយ​ការ​ធ្វើ​ការ​នៅ​ឯ​បរទេស។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បន្ទាប់ពី​ត្រូវ​បាន​គេ​ជួញដូរ​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ក្រោម​ស្ថានភាព​ធ្វើ​ដំណើរ​យ៉ាង​លំបាកលំបិន​មក នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​រក​ប្រាក់​ឲ្យ​ពួក​អ្នក​ដែល​ជួញដូរ​នាង។

នាង Beatrice និយាយ​ដូច្នេះ​ថា៖ «មិត្តភ័ក្ដិ​របស់​ខ្ញុំ​ម្នាក់​បាន​ណែនាំ​ខ្ញុំ​ដោយ​និយាយ​ថា សូម​មើល​កន្លែង​នេះ​ចុះ អ្នក​នឹង​ធ្វើ​ការ​នៅ​ឯ​កសិដ្ឋាន​នៅ​ទី​នោះ។ គាត់​មិន​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​ធ្វើ​ការ​នៅ​ឯ​កសិដ្ឋាន​នោះ។ នៅ​ទី​បំផុត យើង​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​លីប៊ី ដោយ​ជិះ​តាម​នាវា។ មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់‍»។

នាង Beatrice នៅ​ទី​នោះ​រយៈពេល ៤ ឆ្នាំ។ នាង​មក​ពី​រដ្ឋ Edo នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នីហ្សេរីយ៉ា។ រដ្ឋ​នេះ​ត្រូវ​គេ​ដឹង​ថា​ជា​រដ្ឋ​ដែល​មាន​ស្ត្រី​ជា​ច្រើន​ត្រូវ​បាន​គេ​ជួញដូរ។

ស្ត្រី​ជាង ១ ម៉ឺន ១ ពាន់​នាក់​នៃ​ក្រុម​ស្ត្រី​ដែល​ត្រូវ​គេ​ជួញដូរ​នេះ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​កំពុង​ធ្វើ​ការ​ជា​ទាសករ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។

នាង Beatrice និយាយ​ថា ការ​ឈឺចាប់​របស់​នាង​គឺ​មិន​អាច​ទ្រាំ​បាន​នោះ​ទេ។

នាង​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​រក​លុយ​មិន​បាន​ទេ ពួកគេ​នឹង​វាយ​ដំ​អ្នក ឬ​ក៏​ធ្វើ​បាប​តាម​វិធី​ផ្សេងៗ។ ពួកគេ​នឹង​ញី​ម្ទេស​ស្រស់ៗ​លើ​ភ្នែក​របស់​អ្នក។ ពួកគេ​ឲ្យ​យើង​ដាក់​ម្ទេស​នោះ​ចូល​ក្នុង​ប្រដាប់​ភេទ​របស់​យើង។ ទោះបីជា​អ្នក​មក​រដូវ​ក៏​ដោយ ក៏​អ្នក​ត្រូវតែ​ចេញ​ទៅ​ធ្វើ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ដែរ‍»។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ស្ត្រី​មាន​ចំនួន​ជាង​ពាក់​កណ្ដាល​នៃ​មនុស្ស​រាប់​ពាន់​នាក់ ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ពី​ទ្វីប​អាហ្វ្រិក​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ជា​រៀង​រាល់​ឆ្នាំ។

ប៉ុន្តែ បុរស​នីហ្សេរីយ៉ា​ក៏​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ផង​ដែរ។

លោក Chukwuemeka Asiegbu អាយុ ៤៥ ឆ្នាំ បាន​ចំណាយ​ពេល ៦ ឆ្នាំ នៅ​ប្រទេស​លីប៊ី និង​បាន​រត់​គេច​ប៊ិះ​នឹង​អស់​ជីវិត។ បន្ទាប់ពី​លោក​បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​នីហ្សេរីយ៉ា​វិញ លោក​បាន​ចាប់ផ្ដើម​បង្កើត​ក្រុម​តស៊ូ​មតិ​មួយ​ដើម្បី​សិទ្ធិ​របស់​ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ។

លោក Chukwuemeka Asiegbu និយាយ​ដូច្នេះ​ថា៖ «អ្នក​ជួញដូរ​មនុស្ស​ធ្វើ​អ្វី​ដើម្បី​បំពេញ​តម្រូវការ​ខ្លួន​ឯង។ តើ​វា​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ​មែនទេ? តាម​ពិត យើង​រក​ឃើញ​ថា ការ​ជួញដូរ​មនុស្ស​គឺ​ប៉ះពាល់​ដល់​អ្នក​ដទៃ។ វា​ជា​រោគ​រាតត្បាត។ វា​ជា​មហន្តរាយ ដោយសារតែ​អ្នក​ជួញដូរ​មនុស្ស​បំពេញ​តម្រូវការ​ខ្លួន​ឯង ទោះបីជា​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ជីវិត​រស់នៅ​របស់​អ្នក​ដទៃ​ក៏​ដោយ‍»។

ទីភ្នាក់ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស​នីហ្សេរីយ៉ា ដែល​ហៅ​កាត់​ថា NAPTIP ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៣ ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​នេះ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ទីភ្នាក់ងារ​នេះ​សម្រេច​បាន​កិច្ចការ​មួយ​ចំនួន​នៅ​ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ និង​ការ​តាំង​ទី​លំនៅ​ឡើង​វិញ​ដល់​ជន​រងគ្រោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Arinze Orakwe ប្រធាន​ផ្នែក​អប់រំ​សាធារណៈ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស​នីហ្សេរីយ៉ា។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ជួញដូរ​មនុស្ស​ជា​អំពើ​ឧក្រិដ្ឋ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នីហ្សេរីយ៉ា​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ។ វា​ជា​អំពើ​ឧក្រិដ្ឋ​ដែល​ពួក​យើង​គ្មាន​មោទនភាព​ជាមួយ​នោះ​ទេ។ រដ្ឋាភិបាល​គិត​ថា រឿងរ៉ាវ​នៃ​ការ​ជួញដូរ​មនុស្ស​នេះ​គឺ​ជា​រឿង​សំខាន់ ដែល​យើង​ត្រូវតែ​រក​ដំណោះស្រាយ​ចំពោះ​រឿង​នេះ‍»។

ដោយ​មាន​ជំនួយ​ពី​ទីភ្នាក់ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជន​រងគ្រោះ​ដូចជា​នាង Beatrice ជា​ដើម កំពុង​ចាប់ផ្ដើម​ជីវិត​ជា​ថ្មី​ឡើង​វិញ បន្ទាប់ពី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ។ ឥឡូវ​នេះ នាង Beatrice មាន​ហាង​លក់​ម្ហូប​អាហារ​ផ្ទាល់​ខ្លួន​នៅ​ឯ​ស្រុក​កំណើត​របស់​នាង៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

អត្ថបទ​ទាក់ទង

XS
SM
MD
LG