ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហុង​កុង​នឹង​ពិចារណា​លើ​សំណើ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស


រូបឯកសារ៖​ សម្ព័ន្ធ​ពលករ​ចំណាកស្រុក​ ឈរកាន់ផ្ទាំង​អក្សរ ដើម្បីប្រឆាំងនឹង​ការសម្លាប់​ស្ត្រី​ឥណ្ឌូនេស៊ីពីរ​ កាល​ពី​ឆ្នាំ២០១៤ នៅខាង​ក្រៅតុលាការ​កំពូល​ កាល​ពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖​ សម្ព័ន្ធ​ពលករ​ចំណាកស្រុក​ ឈរកាន់ផ្ទាំង​អក្សរ ដើម្បីប្រឆាំងនឹង​ការសម្លាប់​ស្ត្រី​ឥណ្ឌូនេស៊ីពីរ​ កាល​ពី​ឆ្នាំ២០១៤ នៅខាង​ក្រៅតុលាការ​កំពូល​ កាល​ពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

ក្រោយពី​មាន​ការ​រិះគន់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​សំណាក់​ប្រជាពលរដ្ឋ តុលាការ និង​សហគមន៍​អន្តរជាតិ​មក អង្គ​នីតិប្បញ្ញត្តិ​របស់​ទីក្រុង​ហុងកុង​នឹង​ពិចារណា​លើ​សំណើ​ច្បាប់​មួយ ដែល​មាន​គោល​បំណង​រារាំង​ការ​ជួញដូរ​មនុស្ស​ដែល​កំពុងតែ​រីក​រាលដាល​ឡើង និង​ការ​រំលោភ​បំពាន​ទៅ​លើ​ពលករ​ចំណាក​ស្រុក និង​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ។

សេចក្ដី​ព្រាង​នៃ​សំណើ​ច្បាប់​នេះ នឹង​បង្កើត​ការិយាល័យ​មើល​ការ​ខុស​ត្រូវ​មួយ ដែល​នឹង​ស៊ើប​អង្កេត និង​កាត់​ទោស​លើ​ករណី​ទាសភាព និង​ការ​ជួញ​ដូរ​មនុស្ស។ ការិយាល័យ​នេះ​ក៏​ធ្វើ​ការ​ស្រាវជ្រាវ និង​សម្របសម្រួល​ផង​ដែរ​ជាមួយ​នឹង​ទីភ្នាក់ងារ​អន្តរជាតិ​នានា​អំពី​ពលករ​ដែល​ត្រូវ​គេ​ជួញដូរ។

សំណើ​ច្បាប់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​លើ​ពលករ​ចំណាក​ស្រុក

សេចក្ដី​ព្រាង​ច្បាប់​នេះ​គ្រោង​នឹង​ពិភាក្សា​នៅ​ថ្ងៃ​ទី ៤ ខែ​ឧសភា នៅ​ឯ​គណៈកម្មាធិការ​សន្តិសុខ​របស់​រដ្ឋសភា​ហុងកុង ដែល​សមាជិក​របស់​គណៈកម្មាធិការ​នេះ​ធ្វើ​ការ​ពិភាក្សា​វែកញែក​ដេញ​ដោល​លើ​គោល​នយោបាយ។ នេះ​គឺ​ជា​ជំហាន​ដំបូង​មួយ និង​ជា​ជំហាន​ដែល​មិន​ទាន់​មាន​ការ​ធានា​ណា​មួយ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បាន​ដំណើរការ​ទៅ​មុខ​នោះ​ទេ។

លោក​មេធាវី Azan Marwah ដែល​ជា​អ្នក​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ម្នាក់ បាន​និយាយ​ថា៖ «ការពិត​ដ៏​សាមញ្ញ​នោះ​គឺ​ថា ប្រព័ន្ធ​ច្បាប់​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ការពារ​ប្រកប​ប្រសិទ្ធភាព ការ​ស៊ើប​អង្កេត ការ​កាត់​ទោស ការ​ជួយ​សង្គ្រោះ ឬ​ក៏​ការ​កែ​ទម្រង់​នោះ​ទេ។ ការណ៍​ដែល​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​បញ្ហា​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ចង់​ធ្វើ​ឲ្យ​ទីក្រុង​ហុងកុង​ក្លាយ​ជា​កន្លែង​មិន​មិន​ស្វាគមន៍​ចំពោះ​ពលករ​ចំណាក​ស្រុក​ដែល​ពួកគេ​មិន​ចង់​បាន»។

លោក Marwah គឺ​ជា​មេធាវី​តំណាង​ឲ្យ​ពលករ​ប៉ាគីស្ថាន​ម្នាក់ ដែល​ពាក្យ​បណ្ដឹង​របស់​ពលករ​នេះ​អំពី​ការ​រង​ការ​រំលោភ​បំពាន ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​របស់​ទីក្រុង​ហុងកុង​ទទួល​ស្គាល់​កាល​ពី​ឆ្នាំ​មុន។

លោក Marwah បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ត្រូវ​បាន​រារាំង ដោយសារតែ​ការ​ទទួល​ខុសត្រូវ​មិន​មាន​ភាព​ច្បាស់លាស់។

លោក Marwah និយាយ​ថា៖ «នៅ​ក្នុង​ករណី​របស់​លោក ZN ដែល​ជា​ពលករ​ប៉ាគីស្ថាន ការ​រំលោភ​បំពាន​មាន​ដូចជា ការ​ធ្វើ​បាប ការ​មិន​ផ្ដល់​ប្រាក់​បៀវត្ស​ឲ្យ និង​បទល្មើស​ផ្នែក​អន្តោប្រវេសន៍​ផ្សេងៗ សុទ្ធ​តែ​ត្រូវ​បាន​រាយការណ៍​ទៅ​ទីភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ប៉ុន្តែ​គ្មាន​ទីភ្នាក់ងារ​ណា​មួយ​ចាត់​ទុក​ថា​នេះ​ជា​បញ្ហា​រួម​នោះ​ទេ។ ជា​លទ្ធផល ករណី​នេះ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ករណី​សំខាន់​នោះ​ទេ ហើយ​គ្មាន​ការ​ស៊ើប​អង្កេត ឬ​ក៏​ការ​កាត់​ទោស​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ដែរ»។

ភាព​ស្ទាក់ស្ទើរ​របស់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង

ឧបសគ្គ​មួយ​ចំពោះ​បញ្ហា​សំណើ​ច្បាប់​នេះ គឺ​ការ​បញ្ចុះ​បញ្ចូល​មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam ឲ្យ​ដឹង​ថា ច្បាប់​នេះ​គឺ​ពិតជា​ចាំបាច់។ គ្រប់​ច្បាប់​ទាំងអស់​ត្រូវ​តែ​មាន​ប្រភព​ដើម​ចេញ​ពី​ការិយាល័យ​របស់​មេដឹកនាំ​ទីក្រុង​ហុងកុង ហើយ​កន្លង​មក រដ្ឋបាល​ទីក្រុង​នេះ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​កាន់តែ​ច្រើន​ជាង​មុន​ដល់​ពលករ​ចំណាកស្រុក។

មជ្ឈមណ្ឌល​យុត្តិធម៌ (Justice Center) ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ជន​រងគ្រោះ​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ប៉ាន់​ប្រមាណ​ថា នា​ពេល​បច្ចុប្បន្ន​នេះ ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ទីក្រុង​ហុងកុង​មាន​ចំនួន ៣ សែន ៣ ម៉ឺន ៦ ពាន់​នាក់។

អ្នកស្រី Patricia Ho ដែល​ជា​មេធាវី​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​តាក់តែង​សំណើ​ច្បាប់​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​នឹង​មិន​ពិចារណា​អំពី​សំណើ​ច្បាប់​នេះ​ទេ ហើយ​ពួកគេ​ប្រហែល​ជា​នឹង​ពិចារណា​អំពី​សំណើ​ច្បាប់​នេះ តែ​នៅ​ពេល​ដែល​តុលាការ​បញ្ជា​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា ទាល់តែ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ការ​ដាក់​សំពាធ​របស់​សហគមន៍​អន្តរជាតិ ទើប​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​ចាប់ផ្ដើម​យល់​ពី​ទំហំ និង​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ»។

អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​មួយ​ចំនួន បាន​រក​ឃើញ​បញ្ហា​រីក​រាល​ដាល​នានា ដែល​ពលករ​ចំណាក​ស្រុក​ត្រូវ​បាន​គេ​នាំ​ចូល​មក​ក្នុង​ទីក្រុង​ហុង​កុង ហើយ​អ្នក​ខ្លះ​ទៀត​បន្ទាប់​មក ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត។ រដ្ឋាភិបាល​ក្រុង​ហុង​កុង​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ការ​ស៊ើប​អង្កេត​នេះ​នឹង​មិន​រាប់​បញ្ចូល​ច្បាប់ ដែល​ឆ្លើយតប​ជាក់​លាក់​ណា​មួយ​ទៅ​នឹង​ការ​ផ្លាស់ទី និង​ការ​ឃុំឃាំង​ដោយ​បង្ខំ​ចំពោះ​ពលករ​ចំណាក​ស្រុក​នោះ​ទេ។

លោក Lawrence Li អ្នក​នាំ​ពាក្យ​ឲ្យ​ការិយាល័យ​សន្តិសុខ​របស់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង បាន​សរសេរ​នៅ​លើ​សេចក្ដី​ប្រកាស​តាម​អ៊ីមែល​មួយ ដែល​សំដៅ​លើ​ការ​ជួញដូរ​មនុស្ស យ៉ាង​ដូច្នេះ​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ ច្បាប់​របស់​ទីក្រុង​ហុងកុង​បាន​ផ្ដល់​រចនាសម្ព័ន្ធ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ និង​រឹង​មាំ​រួច​ហើយ ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព»។

លោក Lawrence Li បាន​ទទួល​ស្គាល់​ថា ទីក្រុង​ហុងកុង​មិន​មាន​ច្បាប់​ជាក់​លាក់​ណា​មួយ ហាម​ឃាត់​ការ​បង្ខាំង​ ឬ​ផ្លាស់​ទី​ពលករ​ដោយ​ខុស​ច្បាប់​នោះ​ទេ។ លោក

Marwah បាន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការណ៍​ដែល​ថា​វិធានការ​របស់​រដ្ឋាភិបាល​គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​នោះ។ លោក​បាន​និយាយ​ថា ច្បាប់​ហុងកុង​មិន​បាន​បញ្ជាក់​អំពី​ការ​ហាម​ឃាត់​អំពើ​ទាសភាព ការ​ជួញដូរ​ទាសករ ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​លាង​លុយ​កង្វក់​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​ឡើយ។

ការ​ដាក់​សំពាធ​កើន​ឡើង

រដ្ឋាភិបាល​ក្រុង​ហុងកុង​កំពុង​រង​សំពាធ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ជួញដូរ​ពលករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ដែល​ពលករ​ភាគ​ច្រើន​បាន​ធ្វើ​ការ​ជា​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ក្នុង​គ្រួសារ​មធ្យម និង​គ្រួសារ​អ្នក​មាន។

កាល​ពី​ឆ្នាំ ២០១៦ តុលាការ​ជាន់​ខ្ពស់​ក្នុង​ទីក្រុង​នេះ​បាន​រក​ឃើញ​ថា ពលករ​ចំណាក​ស្រុក​ជនជាតិ​ប៉ាគីស្ថាន​លោក ZN ដែល​ត្រូវ​ថៅកែ​របស់​លោក​វាយ​ដំ និង​មិន​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ មិន​ត្រូវ​បាន​ទីភ្នាក់ងារ​ផ្លូវការ​ណា​មួយ ដែល​មាន​ទាំង​ប៉ូលិស​ផង​ដែរ ជួយ​សង្គ្រោះ​នោះ​ទេ។

ចៅក្រម​បាន​រក​ឃើញ​ថា លោក​ធ្លាប់​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ការ​ជួញដូរ​មនុស្ស និង​បាន​រក​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង​មិន​បាន​ទទួល​ជោគជ័យ​អ្វី​នោះ​ទេ សូម្បី​តែ​វត្ថុ​បំណង​ជា​មូលដ្ឋាន​សាមញ្ញ​បំផុត​ក៏​ដោយ។

កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ចូល​ទីក្រុង​ហុង​កុង​ទៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​នៃ​បណ្ដា​ប្រទេស​ដែល​មិន​បាន​បំពេញ​តាម​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បញ្ឈប់​ការ​ជួញដូរ​មនុស្ស ដូចជា​ការ​កាត់​ទោស​អ្នក​ជួញ​ដូរ ឬ​ក៏​ការ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ជា​ដើម។

ភាព​អសកម្ម​នេះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កើត​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​មួ​ចំនួន​ទៀត​ផង​ដែរ​ដូចជា ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ជា​ដើម។ របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​នោះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

ការសិក្សា​ដែល​រៀបរាប់​លំអិត​អំពី​ការរំលោភ​បំពាន

ជាង​នេះ​ទៅ​ទៀត មជ្ឈមណ្ឌល​យុត្តិធម៌ (Justice Center) ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហុងកុង បាន​រក​ឃើញ​ថា​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០០៦ ថា ពលករ​ចំណាក​ស្រុក​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​រាយការណ៍​ថា ពលករ​ភាគ​ច្រើន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

នៅ​ពេល​ដែល​ពួកគេ​នៅ​ក្នុង​ទីក្រុង​ហុងកុង ពួកគេ​ត្រូវ​បាន​រឹតត្បិត​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ទាក់ទង​ផ្សេងៗ។ ពលករ​ជា​ច្រើន​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ​ជា​ច្រើន​ម៉ោង រង​ការ​គំរាមកំហែង​ផ្លូវ​កាយ ឬ​ការ​គំរាមកំហែង​ផ្លូវ​ភេទ ហើយ​ទូរស័ព្ទ និង​ឯកសារ​ធ្វើ​ដំណើរ​របស់​ពួកគេ​ត្រូវ​បាន​ដក​ហូត។

ក្រុម​អ្នក​រិះ​គន់​និយាយ​ថា ពលករ​ចំណាក​ស្រុក​ហុងកុង​មាន​ចំណង​ជាមួយ​នឹង​និយោជក​របស់​ពួកគេ ដោយ​សារ​ពលករ​ភាគ​ច្រើន​មិន​មាន​សេរីភាព​ក្នុង​សុំ​ឈប់​ធ្វើ​ការងារ និង​ស្វែង​រក​ការងារ​ថ្មី​ធ្វើ​ឡើយ ដោយ​សារ​ពួកគេ​ខ្លាច​ទិដ្ឋាការ​របស់​ខ្លួន​ត្រូវ​បាន​លុប​ចោល ឬ​ក៏​ពួកគេ​មិន​អាច​សង​ប្រាក់​រាប់​ពាន់​ដុល្លារ​ដែល​ពួកគេ​បាន​បង់​ឲ្យ​ទីភ្នាក់ងារ​រក​ការងារ​ឲ្យ​ពួកគេ​ធ្វើ។

អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ជា​មធ្យម​ពលករ​ចំណាក​ស្រុក​ដូច​នេះ​ធ្វើ​ការ​ចំនួន​ជាង ៧១ ម៉ោង​ក្នុង​មួយ​អាទិត្យ ដែល​ស្មើ​នឹង​ជិត ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​ការ ៦ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ពលករ​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ឈ្នួល​តិច​បំផុត​ចំនួន ៥២៣ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

ការ​រំលោភ​បំពាន​លើ​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ក្លាយ​ទៅ​ជា​រឿងរ៉ាវ​ដែល​គេ​ចាប់​អារម្មណ៍​ជា​អន្តរជាតិមួយ​កាល​ពី​ឆ្នាំ ២០១៤ នៅ​ពេល​ដែល​រូប​ថត​បង្ហោះ​តាម​អ៊ីនធឺណិត​បាន​បង្ហាញ​ពី​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ ២១ ម្នាក់ ឈ្មោះ Erwiana Sulistyaningsih ដែល​មាន​រូបរាង​ស្គមស្គាំង និង​មាន​ស្នាម​ជាំ​នៅ​លើ​ដង​ខ្លួន។

នាង Erwiana Sulistyaningsihបាន​មក​ធ្វើ​ការ​នៅ​ទីក្រុង​ហុងកុង ដើម្បី​រក​លុយ​សម្រាប់​ចូល​រៀន​នៅ​មហាវិទ្យាល័យ។ នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​មួយ​ចំនួន ដែល​នាង​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​អ្វី​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​បង្អត់​អាហារ រង​ការ​វាយ​ដំ ទទួល​ដំណេក​មិន​គ្រប់​គ្រាន់ និង​មិន​មាន​ពេល​ទៅ​បន្ទប់​ទឹក​ជា​ដើម។

ការ​ប្រើ​ជា​ទូទៅ​នូវ​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​មិន​គ្រប់គ្រាន់ គឺ​ជា​បែប​ផែន​នៃ​ជីវិត​មិន​ងាយ​ស្រួល​មួយ និង​ងាយ​មើល​ឃើញ​នៅ​ក្នុង​ទីក្រុង​ហុងកុង។ លក្ខខណ្ឌ​ទិដ្ឋាការ​របស់​ពួកគេ​តម្រូវ​ឲ្យ​ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​និយោជក​របស់​ពួកគេ។ នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ ពលករ​រាប់​ម៉ឺន​នាក់ ចំណាយ​ពេល​ឈប់​សម្រាក​មួយ​ថ្ងៃ​ប្រចាំ​សប្ដាហ៍​របស់​ពួកគេ​នេះ​ដើម្បី​ជួប​ជុំ​គ្នា​នៅ​តាម​ឧទ្យាន​សាធារណៈ ឬ​ទី​សាធារណៈ​នានា៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG