ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​និង​បាតុករ​កាន់​សាសនា​ឥស្លាម​នីកាយ Shi'ite ប៉ះ​ទង្គិច​គ្នា​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា


បាតុករ​កាន់​សាសនា​ឥស្លាម​នីកាយ Shi'ite ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក El Zakzaky នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
បាតុករ​កាន់​សាសនា​ឥស្លាម​នីកាយ Shi'ite ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក El Zakzaky នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ពួកបាតុករ​កាន់​សាសនា​ឥស្លាម​នីកាយ Shi'ite កាល​ពី​ថ្ងៃអង្គារ​នៅក្នុង​រដ្ឋធានី Abuja ប្រទេស​នីហ្សេរីយ៉ា​នៅ​អំឡុង​ពេល​ហេតុការណ៍​ប៉ះទង្គិច​ជាមួយ​ពួកបាតុករ​នៅថ្ងៃ​បាតុកម្ម​ទីពីរ​ ដែលពួក​បាតុករ​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សាសនា​របស់​ពួកគេ។

មេដឹកនាំ​សាសនា​នីកាយ Shi'ite លោក Ibrahim Zakzaky ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​គ្មានការ​ចោទប្រកាន់​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ២០១៥មក។

ក្រុម​ប៉ូលិស​ប្រដាប់​អាវុធ​បាន​ចាប់ខ្លួន​បាតុករ​ជាច្រើន​កាល​ពី​ថ្ងៃអង្គារ។ នេះ​បើ​យោង​តាម​លោក Deji Adeyanju សកម្មជន​សង្គមស៊ីវិល​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នេះ។ លោក​បាន​និយាយ​ថា «បើ​ពួកប៉ូលិស​វាយប្រហារ​លើ​បាតុករ​កាន់​តែ​ខ្លាំង ពួក​បាតុករ​ចេញ​តវ៉ា​កាន់​តែ​ច្រើន»។

មិន​ទាន់​មាន​ការឆ្លើយតប​ភ្លាមៗ​ពី​សំណាក់​ក្រុមប៉ូលិស​ចំពោះ​បាតុកម្ម​កាល​ពី​ថ្ងៃអង្គារ​នេះ​នៅ​ឡើយ​ទេ។ លោក Zakzaky គឺ​ជា​មេដឹក​នាំ​ចលនា​មូស្លីម​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ហៅ​កាត់​ថា IMN ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ចាប់​តាំង​ពី​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​ និង​ពួក​អ្នកគាំទ្រ​របស់​លោក​នៅក្នុង​ទីក្រុង Zaria​ កាល​ពី​ខែធ្នូ ឆ្នាំ២០១៥​មក។ លោក​នៅ​ជាប់​ឃុំឃាំង​នៅ​ឡើយ​ បើ​ទោះ​បី​ជា​តុលាការ​បញ្ជា​ឲ្យ​ដោះ​លែង​រូបលោក​យ៉ាងណា​ក៏ដោយ។ ចលនា IMN និង​រដ្ឋាភិបាល​មាន​ជម្លោះ​ជាមួយ​គ្នា​រាប់​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​ចលនា IMN បំផុស​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ភាគខាងជើង​ដែល​ជា​កន្លែង​មាន​ពួក​ម៉ូស្លីម​នីកាយ Sunni ជាច្រើន​រស់​នៅ​ទី​នោះ៕

XS
SM
MD
LG