ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានឹងជួបប្រជុំជាមួយក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សប្រឆាំង បន្ទាប់ពីស្ថាប័នអង្គនីតិបញ្ញតិកំពូលនេះ បានទទួលការបកស្រាយពីមន្ត្រីតំណាងឲ្យរដ្ឋាភិបាល ដែលបានការពារសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ។
ជំនួបរវាងអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសុន ឆ័យ និងមន្ត្រីនៃក្រុមប្រឹក្សាធម្មនុញ្ញនឹងផ្តោតទៅលើការពិនិត្យមើលធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលត្រូវបានអនុម័តដោយរដ្ឋសភាជាតិ និងព្រឹទ្ធសភា។
លោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ប្រាប់វីអូអេថា លោកប៉ុល លឹម រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដែលជាតំណាងឲ្យរដ្ឋាភិបាល បានចូលទៅការពារសេចក្ដីព្រាងច្បាប់នេះកាលពីព្រឹកថ្ងៃអង្គារនេះនៅក្រុមប្រឹក្សាធម្មនុញ្ញ តែលោកមិនអាចបញ្ជាក់លម្អិតពីការប្រជុំនេះឡើយ ហើយថា តើសេចក្ដីព្រាងច្បាប់នេះនឹងមានការកែប្រែ ឬយ៉ាងណានោះ នឹងត្រូវបញ្ជាក់នៅក្រោយការប្រជុំជាមួយអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើនៅថ្ងៃស្អែកនេះ។
«អញ្ចឹងបានអ្វីៗចាំប្រជុំនៅថ្ងៃស្អែកសិន។ ការប្រជុំពេញអង្គថ្ងៃស្អែកបានយើងយកបញ្ហាទៅដាក់ដើម្បីជជែកគ្នាទៀត»។
កាលពីចុងខែកក្កដា ក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិបានដាក់ញ្ញត្តិទៅក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាស្នើសុំឲ្យស្ថាប័ននីតិបញ្ញត្តិនេះពិនិត្យមើលធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ពីព្រោះពួកគេយល់ថា សេចក្តីព្រាងច្បាប់នេះមានលក្ខណៈរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពក្នុងការចងក្រង បង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ពួកគេអះអាងថា មាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះគឺត្រូវបានសរសេរឡើងដោយមិនគោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទេ។
នៅក្នុងញ្ញត្តិនោះ ពួកគេបានដកស្រង់មាត្រា៦នៃសេចក្តីព្រាងច្បាប់នេះដែលបានកំណត់ថា៖ «សមាគម ឬអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ»។ ពួកបានហៅការតម្រូវឲ្យចុះបញ្ជីនៅក្រសួងដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនេះថា បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ«មានភាពស្មើគ្នាចំពោះមុខច្បាប់» និងជាការរើសអើងប្រឆាំងប្រជាពលរដ្ឋដែលរស់នៅទីឆ្ងាយពីរាជធានី។ ការតម្រូវបែបនេះនាំឲ្យប៉ះពាល់«ភាពស្មើគ្នាចំពោះមុខច្បាប់» ដោយសារវាមានវិសមភាពរវាងប្រជាពលរដ្ឋដែលរស់នៅក្នុង ឬនៅជិតរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅទីឆ្ងាយដោយមកពី«ស្ថានភាព»ខុសគ្នានេះ។
នៅគ្រានោះដែរ សមាគមអាដហុក និងអង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍ ទទូចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយអះអាងថា វាមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកសុន ឆ័យ អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកនិងតំណាងរាស្រ្តពីររូបផ្សេងទៀត នឹងចូលទៅពន្យល់ក្រុមប្រឹក្សាធម្មនុញ្ញអំពីអធម្មនុញ្ញភាពនៅក្នុងសេចក្តីព្រាងច្បាប់នេះ តែលោកក៏មិនអាចបញ្ជាក់បានដែរថា តើក្រុមប្រឹក្សាធម្មនុញ្ញនឹងពិចារណាសំណើរបស់ក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សជំទាស់នេះឬយ៉ាងណាទេ។
«យើងមិនដឹងវានឹងមានលទ្ធផលយ៉ាងណាទេ ប៉ុន្តែគ្រាន់ថា វាមានចង្អុលបង្ហាញច្បាស់លាស់អំពីមាត្រាណាដែលប៉ះពាល់ ហើយវាប៉ះពាល់បែបម៉េច ហើយក្រុមប្រឹក្សាធម្មនុញ្ញចាំបាច់ត្រូវតែឆ្លើយបំភ្លឺដែរ។ បើថា មិនប៉ះពាល់ទេនោះ តើហេតុអ្វី?»
អ្នកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា បានឲ្យដឹងថា មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង១០បានដាក់លិខិតទៅអង្គព្រះមហាក្សត្រកាលពីសប្តាហ៍មុន ស្នើសុំចូលគាល់ទូលពីក្តីបារម្ភរបស់សង្គមស៊ីវិលអំពីសេចក្តីព្រាងច្បាប់នេះ។ អ្នកស្រីបញ្ជាក់ថា ការអំពាវនាវទៅដល់អង្គព្រះមហាក្សត្រនេះ ជាជម្រើសចុងក្រោយក្នុងកិច្ចខិតខំប្រឹងប្រែងឲ្យមានការកែសម្រួលសេចក្តីព្រាងច្បាប់ ដែលអ្នកស្រីហៅថា មានលក្ខណៈរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។
«ទោះបីយ៉ាងណាក៏ដោយ យើងនៅមើលទៅលទ្ធភាពមួយទៀត គឺព្រះមហាក្សត្រ។ យើងចង់ឲ្យព្រះមហាក្សត្រហ្នឹងអាចធ្វើការពិចារណាដែរ ចំពោះតម្រូវការរបស់រាស្ត្រ ព្រោះព្រះអង្គធ្វើការបម្រើរាស្រ្ត។ អញ្ចឹងតំណាងថា រាស្រ្តចង់បាន យើងចង់ឲ្យព្រះអង្គហ្នឹងអាចពិចារណា»។
ដោយឡែក កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ លោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកអេង ឆៃអ៊ាង អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៅរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារនៃគណបក្សនយោបាយទាំងពីរនឹងធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់នេះ នៅក្រោយពេលសេចក្តីព្រាងច្បាប់បានក្លាយជាច្បាប់ ហើយប្រសិនជាមានការប៉ះពាល់សិទ្ធិ នៅពេលច្បាប់នេះត្រូវបានដាក់ឲ្យអនុវត្ត។ ពួកគេថ្លែងថា នីតិវិធីនៃការធ្វើច្បាប់នេះ នឹងបន្តទៅមុខទៀត នៅគ្រាដែលក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យមើលធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់ដែលមានអាយុកាល៤ឆ្នាំនេះ។
ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដ៏គួរឲ្យព្រួយបារម្ភនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីមេដឹកនាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ខណៈដែលសហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសភាសហភាពអឺរ៉ុបបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងកែសម្រួលមាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ ឬក៏ស្នើឲ្យបដិសេធសេចក្តីព្រាងច្បាប់នេះចោលតែម្តង ដោយសារតែវារឹតត្បិតសិទ្ធិសេរីភាព៕