លើសពីការបកស្រាយរបស់សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់អន្តរជាតិ អ្នកវិភាគសង្គម និងនយោបាយប្រទេសកម្ពុជា បានមើលឃើញផងដែរថា ច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាមានខ្លឹមសារល្អប្រសើរសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែច្បាប់ទាំងបីដែលធ្វើឡើងដោយមិនគោរពទៅតាមមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ បានធ្វើឲ្យអំណាចនីតិប្រតិបត្តិរឹតតែរីកធំឡើង និងបានគ្របដណ្តប់ លើប្រព័ន្ធតុលាការ រហូតធ្វើឲ្យតុលាការបាត់បង់ឯករាជ្យភាពក្នុងការរៀបចំនិងតែងតាំងសមាសភាពរបស់ខ្លួន។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយកម្ពុជា បានពន្យល់ថា៖ «នៅពេលដែលអំណាចរដ្ឋាភិបាលមានសិទ្ធិត្រួតត្រាគ្រប់បែបយ៉ាង ដកដាក់ស្រេចតែចិត្ត វាធ្វើឲ្យអំណាចកាន់តែធំទៅៗនៅរដ្ឋាភិបាល អញ្ចឹងអ្នកដែលមានអំណាច មានសិទ្ធិទៅរំលោភលើប្រជាពលរដ្ឋសាមញ្ញ អញ្ចឹងហើយបានមានបញ្ហាដីធ្លី មានបញ្ហាពុករលួយ មានបញ្ហាផ្សេងៗ វាកើតឡើងចេញពីការមិនប្រតិបត្តិតាមរដ្ឋធម្មនុញ្ញហ្នឹងឯង»។
លោកបានបន្ទោសអ្នកនយោបាយខ្មែរមកពីបក្សទាំងពីរ គឺបក្សកាន់អំណាច និងបក្សប្រឆាំង ដែលបានបំពានរដ្ឋធម្មនុញ្ញកន្លងមក ដូចជាការបោះឆ្នោតជាកញ្ចប់ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៦ ដែលអនុញ្ញាតឲ្យរដ្ឋសភាធ្វើការសម្រេចចិត្តពីសំឡេង២ភាគ៣ មកសំឡេង៥០ភាគរយបូក១ ដើម្បីបើកផ្លូវឲ្យគណបក្សនយោបាយមួយអាចគ្រប់គ្រងបានទាំងរដ្ឋាភិបាល និងរដ្ឋសភា។
ការណ៍នេះ នាំឲ្យមិនមានតុល្យភាពអំណាច នៅក្នុងសភា ឬតុល្យភាពរវាងសភា និងរដ្ឋាភិបាល។ នេះជាការរាំងខ្ទប់បក្សប្រឆាំង មិនឲ្យមានលទ្ធភាពធ្វើកំណែទម្រង់សម្រាប់ជួយដល់ប្រជាពលរដ្ឋឲ្យទទួលបានយុត្តិធម៌សង្គម ពីព្រោះតែបក្សប្រឆាំងពុំមានសំឡេងគ្រប់គ្រាន់នៅក្នុងការសម្រេចចិត្តក្នុងកិច្ចប្រជុំសភាពេញអង្គ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃគណបក្សទាំងពីរ បានថ្លែងការពារចំពោះការធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកាលពីពេលកន្លងមកថា ជាការចាំបាច់សម្រាប់សម្របទៅតាមស្ថានការណ៍សង្គម នយោបាយជាក់ស្តែង រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បាន ការពារស្ថាប័នរបស់ខ្លួនថា បានធ្វើការត្រឹមត្រូវមួយ ចំពោះការរៀបចំច្បាប់ទាំងបីសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ច្បាប់រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់រដ្ឋ តែក្នុងកាលៈទេសៈខ្លះ ការធ្វើវិសោធនកម្មនៃច្បាប់នេះគឺជៀសមិនរួច៖ «វាជាច្បាប់កំពូលមែន ក៏ប៉ុន្តែតាមការអនុវត្ត តាមដំណាក់កាលនីមួយៗ បើសិនណាជាមានបញ្ហារាំងស្ទះ អាហ្នឹងចាំបាច់ត្រូវធ្វើវិសោធនកម្ម ហើយប្រទេសណាក៏មានធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែរ ឲ្យតែការធ្វើវិសោធនកម្មនោះអនុវត្តទៅត្រឹមត្រូវ ទៅតាមនីតិវិធីនៃច្បាប់ អត់មានខុសអីទេ»។
លោកបានច្រានចោលការរិះគន់ចំពោះការធ្វើច្បាប់ទាំងបីសម្រាប់ផ្តល់សិទ្ធិអំណាចដល់ស្ថាប័ននីតិប្រតិបត្តិ ក្នុងការគ្រប់ប្រព័ន្ធតុលាការ។ លោកថាច្បាប់ទាំងបីនេះ គឺស្ថិតក្នុងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។
រីឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឆ្លើយតបចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថា គឺជាចាំបាច់មួយដើម្បីស្វែងរកផ្លូវក្នុងការជ្រើសរើសរដ្ឋាភិបាលថ្មី ដោយលោកបានពន្យល់ពីការវិសោធនកម្មចុងក្រោយទាក់ទងនឹងការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យ៉ាងដូច្នេះថា៖
«បើសិនជាយើង មិនធ្វើវិសោធនកម្មទាក់ទងនឹងការកែទម្រង់សមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ ដូច្នេះការកែទម្រង់ដែលយើងបាននឹងកំពុងប្រព្រឹត្តទៅ យើងធ្វើទៅអត់កើតទេ អញ្ចឹងហើយពេលខ្លះ គឺជាចាំបាច់ តែយើងមិនបានធ្វើអ្វីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺយើងធ្វើក្នុងន័យផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋគឺស្របតាមឆន្ទៈប្រជាពលរដ្ឋ»។
ទាក់ទិននឹងការធ្វើឲ្យមានឯករាជ្យនៃស្ថាប័នតុលាការ អ្នកនាំពាក្យគណបក្សទាំងពីរថ្លែងថា ការធ្វើវិសោធនកម្ម នឹងត្រូវធ្វើឡើង ប្រសិនបើច្បាប់ដែលបានអនុម័តកន្លងមកមិនបានបម្រើផលប្រយោជន៍សាធារណៈពេញលេញនោះទេ។
នៅពេលដែល VOA សួរថា តើបក្សប្រឆាំងនឹងធ្វើយ៉ាងណា ដើម្បីឲ្យតំណាងរាស្រ្តនៃបក្សកាន់អំណាចដែលជាសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ធ្វើវិសោធនកម្មលើច្បាប់ទាំងបីដែលអាចផ្តល់យុត្តិធម៌ពិតប្រាកដ ដល់ប្រជាពលរដ្ឋខ្មែរ លោក យឹម សុវណ្ណ ថ្លែងថា ការកើនឡើងកៅអីជាបន្តបន្ទាប់របស់បក្សប្រឆាំងនៅក្នុងរដ្ឋសភា នឹងជំរុញឲ្យមានការកែទម្រង់មួយនៅក្នុងប្រព័ន្ធតុលាការ ហើយថាបក្សប្រឆាំងត្រូវការពេលវេលាច្រើនថែមទៀតដើម្បីទទួលបានសំឡេងគ្រប់គ្រាន់សម្រាប់ការតស៊ូមតិនៅក្នុងរដ្ឋសភា។
ដោយឡែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងការពារច្បាប់ទាំងបីដែលរងការចោទប្រកាន់ថា អំពីភាពមិនស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៃច្បាប់ទាំងបីនោះ។
«អ្វីដែលយើងធ្វើក្នុងនាមជាអ្នកកែទម្រង់ យើងយល់ថា ការរៀបចំច្បាប់បីនេះ គឺដើម្បីឆ្លើយតបទៅនឹងគោលការណ៍ ប្រជាធិបតេយ្យ នីតិរដ្ឋ និងឯករាជ្យភាពនៃអំណាចតុលាការ ដែលធានាដោយរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែអ្វីដែលការលើកឡើងរបស់សង្គមស៊ីវិល គឺហាក់ដូចជាមានការយល់ខុសគ្នារវាង អ្នកកែទម្រង់»។
លោកបន្តថា៖ «ទីមួយគឺគាត់ថា ច្បាប់ហ្នឹងគឺទីមួយមានការរំលោភបំពានទៅលើឯករាជ្យភាពនៃអំណាចតុលាការ។ តាមពិតទៅនៅក្នុងទស្សនៈនៃការកែទម្រង់ យើងបានសិក្សាស្រាវជ្រាវពីការអនុវត្តរបស់បណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន ជាពិសេសគឺបែប Civil Law គឺដូចជានៅប្រទេសបារាំង នៅប្រទេសអាល្លឺម៉ង់ ហើយការដែលយើងរៀបចំច្បាប់នេះ គឺយើងយកទៅ system បែបហ្នឹង»។
លោកពន្យល់បន្ថែមថា ប្រទេសដែលអនុវត្តប្រព័ន្ធ Common Law ស្ថាប័នតុលាការត្រូវបានបែងចែកឲ្យដាច់ពីអង្គនីតិប្រតិបត្តិ ខណៈដែលប្រទេសអនុវត្តប្រព័ន្ធ Civil Law ស្ថាប័នតុលាការត្រូវគ្រប់គ្រងរួមគ្នាដោយអង្គនីតិប្រតិបត្តិនិងតុលាការ។ លោកបញ្ជាក់ថា នៅក្នុងប្រព័ន្ធ Civil Law ការសម្រេចចិត្តក្នុងរឿងក្តី គឺជាអំណាចឯករាជ្យ និងភារកិច្ចឯករាជ្យរបស់តុលាការ ដោយអំណាចនីតិប្រតិបត្តិមិនអាចជ្រៀតជ្រែកឬក៏បញ្ជាបានទេ។ លោកឲ្យដឹងទៀតថា អំណាចនីតិប្រតិបតិ្តមានសិទ្ធិក្នុងការចាត់ចែងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិករបស់ស្ថាប័នតុលាការ។
ដោយមិនបាននិយាយទៅដល់ ប្រព័ន្ធច្បាប់ទាំងពីរ អ្នកស្រី Brenda Lee Edwards សមាជិកស្ថាប័នតុលាការនៅក្នុងប្រទេសកាណាដា សង្កត់ធ្ងន់ថា កិច្ចការរបស់តុលាការគួរតែចែកឲ្យដាច់ពីកិច្ចរបស់រដ្ឋាភិបាល។
«ក្រសួងយុត្តិធម៌មិនគួរចូលពាក់ព័ន្ធនឹងកិច្ចការណាក្រៅពីការងាររដ្ឋបាលដែលមិនធ្វើឲ្យខូចឯករាជ្យភាពរបស់តុលាការ។ ឬអាចនិយាយម្យ៉ាងទៀតថា រដ្ឋាភិបាលគួរតែកុំពាក់ព័ន្ធកិច្ចការរបស់តុលាការ ដូចដែលតុលាការមិនពាក់ព័ន្ធនឹងការងាររបស់រដ្ឋាភិបាល»។
ក្រុមអ្នកច្បាប់នៃវិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ បានសរសេរនៅក្នុងរបាយការណ៍របស់ពួកគេ អំពីមាត្រា១២៩នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីបទដ្ឋានខ្ពស់របស់ចៅក្រម។ នៅក្នុងមាត្រានោះ ចៅក្រមទាំងឡាយ ត្រូវបានតម្រូវឲ្យបំពេញភារកិច្ចរបស់ពួកគេ ដោយ គោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឲ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
ប៉ុន្តែការណ៍នេះ គឺមានតែនៅក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ខណៈដែលការអនុវត្តជាក់ស្តែងគឺផ្ទុយគ្នាស្រឡះ។ នៅក្នុងរបាយការណ៍ដដែលនេះ បានលាតត្រដាងពីការស៊ីសំណូកសូកប៉ាន់ អំពើពុករលួយ និងចំណងទាក់ទងគ្នារវាងមន្រ្តីតុលាការនិងគណបក្សនយោបាយ។ ចំណុចអវិជ្ជមានទាំងអស់នេះហើយ ដែលបានធ្វើឲ្យប្រជាជនសាមញ្ញ មានការភ័យខ្លាច និងស្អប់ខ្ពើមមិនចង់ពាក់ព័ន្ធជាមួយតុលាការឡើយ ក្នុងករណីដែលពួកគេអាចធ្វើបាន។
ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកតាមដានការវិវត្តន៍សង្គមនិងនយោបាយខ្មែរ លើកឡើងថា ពលរដ្ឋខ្មែរពិបាកនឹងឃើញពន្លឺយុត្តិធម៌ និងជឿជាក់ទៅលើប្រព័ន្ធតុលាការ ប្រសិនបើច្បាប់រដ្ឋធម្មនុញ្ញត្រូវបានបង្កើតសម្រាប់បន្ថែម ឬកែសម្រួលខ្លឹមសារដើម្បីតែផលប្រយោជន៍នយោបាយនោះ៕