លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រថា កិច្ចចរចាពាណិជ្ជកម្មជុំខាងមុខរវាងស.រ.អា.និងប្រទេសចិនប្រហែលមិនកើតមានទេ។
នៅពេលវីអូអេសួរថា តើលោកនឹងលុបចោលកិច្ចចរចាដែលត្រូវគ្រោងធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោន ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា «ប្រហែលបែបហ្នឹង» ដោយទទួលស្គាល់ថា កិច្ចចរចាគ្នាមានកំណត់នឹងធ្វើនៅខែក្រោយ ក៏ប៉ុន្តែ ថាតើកិច្ចចរចានោះនឹងត្រូវលុបចោលឬបែបណា «យើងនឹងឃើញ»។
លោកប្រធានាធិបតីបានចាប់ផ្តើមនាទីសំណួរនិងចម្លើយ៣០នាទីជាមួយពួកអ្នកកាសែត នៅលើវាលស្មៅខាងត្បូងក្នុងបរិវេណសេតវិមាន ដោយលោកបានប្រកាសថា៖ «យើងមិនប្រុងប្រៀបធ្វើឱ្យមានកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសចិននៅពេលមានកំណើនសង្គ្រាមពាណិជ្ជកម្មនៅក្រោយកិច្ចចរចាជុំលើកមុនបានរលំនៅក្នុងក្រុង Shanghai កាលពីសប្តាហ៍មុន»។
លោក ត្រាំ បាននិយាយអំពីការដាក់កំហិតពន្ធគយពីរលើកដែលលោកបានដាក់លើប្រទេសចិនថា «យើងគ្មានជម្រើសទេ ក៏ប៉ុន្តែត្រូវធ្វើអ្វីដែលយើងកំពុងធ្វើ»។
លោក ត្រាំ បាននិយាយអំពីប្រទេសចិនថា រហូតមកដល់ពេលនេះពួកចិនមានការពិបាកខ្លាំងបំផុតដែលពួកគេមិនដែលមានច្រើនឆ្នាំមកហើយ ដោយលោកបានថ្លែងបន្ថែមថា យើងមានលទ្ធភាពទាំងអស់។
គេបានសួរលោក ត្រាំ អំពីរបាយការណ៍ថា រដ្ឋបាលលោកនឹងពន្យារពេលក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាមេរិកាំងដើម្បីចាប់ផ្តើមជាថ្មីការលក់ទំនិញឱ្យមហាក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei។ លោកប្រធានាធិបតីបានឆ្លើយតបថា៖ «យើងមិនធ្វើជំនួញជាមួយក្រុមហ៊ុន Huawei ទេ ក៏ប៉ុន្តែការណ៍នេះអាចផ្លាស់ប្តូរបានប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ»៕