លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក បានរិះគន់សកម្មភាពចិនដែលធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងអំឡុងនៃដំណើរទស្សនកិច្ចលើកទីដំបូងរបស់លោកទៅកាន់តំបន់អាស៊ី។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងក្រុងស៊ីដនីជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងសមភាគីរបស់លោក។ លោក Esper បាននិយាយថា សហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងចំពោះឥរិយាបថរំខានដ៏គគ្លើន និងអស្ថិរភាពរបស់ចិន។
លោក Esper និងលោក Pompeo បានចង្អុលបង្ហាញដល់ប្រជុំកោះដែលប្រើដើម្បីប្រយោជន៍ខាងយោធានៅក្នុងសមុទ្រចិនខាងត្បូងហើយបានចោទប្រកាន់ចិនថា បានលួចកម្មសិទ្ធបញ្ញារបស់ប្រទេសដទៃ និងជាអ្នកជញ្ជក់ប្រយោជន៍ខាងសេដ្ឋកិច្ចពីប្រទេសដទៃ។
អត្ថាធិប្បាយនេះទំនងសំដៅដល់ «អន្ទាក់បំណុល» ដូចជាកិច្ចព្រមព្រៀងឆ្នាំ២០១៧ ដែលបានធ្វើឲ្យចិនត្រួតត្រាកំពង់ផែក្នុងប្រទេសស្រីលង្កា។ បន្ទាប់ពីមិនបានសងប្រាក់បំណុលរបស់ខ្លួនទៅឲ្យចិន ស្រីលង្កា បានប្រគល់កំពង់ផែនិងដីចំនួន១ម៉ឺន៥ពាន់ហិកតាទៅឲ្យរដ្ឋាភិបាលចិនសម្រាប់ប្រើប្រាស់ក្នុងរយៈពេល៩៩ឆ្នាំ។
លោក Bradley Bowman ជានាយកនៃមជ្ឈមណ្ឌលស្តីពីយោធានិងអំណាចនយោបាយនៅឯមូលនិធិការពារប្រជាធិបតេយ្យ និយាយថា កម្មសិទ្ធបញ្ញាដែលរដ្ឋាភិបាលក្រុងប៉េកាំងបានលួច បានត្រូវប្រើដើម្បីធ្វើឲ្យអាវុធចិនទំនើប ក្នុងករណីមានជម្លោះខាងយោធានៅថ្ងៃអនាគត នឹងត្រូវចិនប្រើដើម្បីសម្លាប់ប្រជាពលរដ្ឋអាមេរិកាំង និងសម្ព័ន្ធមិត្តរបស់អាមេរិក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មិនសុំឲ្យប្រទេសនានាធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិកនិងចិនទេ៕