សន្ទស្សន៍ភាគហ៊ុននៅក្នុងទ្វីបអាស៊ី និងស.រ.អា.បានចុះថ្លៃកាលពីថ្ងៃសុក្រជាប្រតិកម្មនឹងសេចក្តីប្រកាសរបស់លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ កាលពីមួយថ្ងៃមុននោះថា លោកនឹងដកពន្ធ១០ភាគរយលើទំនិញចិននៅសេសសល់មានទឹកប្រាក់ ៣០០ពាន់លានដុល្លារ។
ពួកមន្ត្រីរដ្ឋបាល ត្រាំ បាននិយាយថា សន្ទស្សន៍ភាគហ៊ុនមានប្រតិកម្មខ្លាំងហួសហេតុដោយពួកគេបាននិយាយទទូចថា ពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគអាមេរិកាង នឹងមិនពិបាកដោយសារការដំឡើងពន្ធដារលើទំនិញចិនទាំងនេះទេ។
លោក Larry Kudlow នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាននិយាយប្រាប់ពួកអ្នកកាសែត កាលពីថ្ងៃសុក្រ ជាការឆ្លើយតបនឹងសំណួរមួយពីវីអូអេថា៖ «បន្ទុកសេដ្ឋកិច្ចធ្លាក់ធ្ងន់ ដោយភាគច្រើនទៅលើប្រទេសចិន។ ពួកចិនត្រូវតែកាត់បន្ថយតម្លៃដើម្បីខិតខំព្យាយាមប្រកួតប្រជែង។ ការណ៍នេះធ្វើឱ្យមានការខូចខាតដល់ប្រាក់កម្រៃរបស់ពួកគេ, ដល់ក្រុមហ៊ុននិងសេដ្ឋកិច្ចពួកគេ»។
ពួកអ្នកសេដ្ឋសាស្ត្រទស្សន៍ទាយថា ពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគស.រ.អា.នឹងបង់បា្រក់ច្រើនជាងមុនសម្រាប់ទិញវត្ថុផ្សេងៗដូចជាទូរសព្ទដៃ សម្លៀកបំពាក់ និងល្បែងក្មេងលេងសម្រាប់ពិធីបុណ្យណូអែល ហើយពួកតំណាងវិស័យឧស្សាហកម្មក៏បានសម្តែងកង្វល់ខ្លាំងដែរ។
លោក Rick Helfenbein ប្រធាននៃសមាគមផលិតសម្លៀកបំបាក់និងស្បែកជើងអាមេរិកាំងនិយាយថា៖ «យើងមានការពិបាកជាងមុន។ ការដកពន្ធគយជាការដកពន្ធលើពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគអាមេរិកាំង»៕