ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រាជរដ្ឋាភិបាល​ថ្មីរបស់​ថៃ​ស្បថ​ចូលកាន់​តំណែង


នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin ដឹកនាំ​សមាជិក​គណៈរដ្ឋមន្រ្តី​របស់​លោក​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ចំពោះ​មុខ​ព្រះភក្រ្ត​ព្រះ​មហា​ក្សត្រ​ថៃ​ព្រះបាទ​ Maha Vajiralongkorn (ស្តាំទីពីរ) និង​ម្ចាស់ក្សត្រី Suthida នៅ​វិមាន Dusit ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រី​ថៃ​លោក Srettha Thavisin ដឹកនាំ​សមាជិក​គណៈរដ្ឋមន្រ្តី​របស់​លោក​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ចំពោះ​មុខ​ព្រះភក្រ្ត​ព្រះ​មហា​ក្សត្រ​ថៃ​ព្រះបាទ​ Maha Vajiralongkorn (ស្តាំទីពីរ) និង​ម្ចាស់ក្សត្រី Suthida នៅ​វិមាន Dusit ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី​លោក​ Srettha Thavisin​ បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ចំពោះ​មុខ​ព្រះភក្រ្ត​ព្រះ​មហា​ក្សត្រ​ថៃ​ព្រះបាទ​ Maha Vajiralongkorn ​កាល​ពី​ថ្ងៃ​ទី​៥​កញ្ញា​ ឆ្នាំ​២០២៣។​

នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មីលោក​ Srettha ​បាន​សន្យា​ថា​ «នេះ​ជា​រដ្ឋាភិបាល​សម្រាប់​ប្រជារាស្រ្ត»​នៅ​ក្នុង​សុន្ទរកថា​ឡើង​កាន់​អំណាច​របស់​លោក​ ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ​ បន្ទាប់​ពី​រូប​លោក​ និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​ទាំង​៣៣​នាក់​ បាន​ស្បថ​ចូល​កាន់​តំណែង​រួម​មក។ ​លោក​បាន​និយាយ​ថា​ លោក​នឹង​បង្ហាញ​នូវ​របៀបវារៈ​គោល​នយោបាយ​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។​

មហា​សេដ្ឋី​អចលន​ទ្រព្យដែល​មាន​វ័យ​៦១​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​សភា​ថៃ​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​នេះ​ ​កាល​ថ្ងៃ​ទី​២២ ​ខែ​សីហា​ កន្លង​ទៅ​ ​បន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ដោយ​គណបក្ស​ Pheu Thai។​ លោក​គឺ​ជា​បុគ្គល​ថ្មី​ចុង​ក្រោយ​បំផុត​ម្នាក់​ ដែល​លេច​មុខ​នៅ​ក្នុង​ចលនា​នយោបាយ​ ដែល​បង្កើត​ឡើង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ Thaksin Shinawatra​ ដែល​មាន​ប្រជាប្រីយ៍​ភាព​ខ្លាំង​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​ក្រីក្រនៅ​តាម​ទី​ជនបទ​ ជុំវិញ​គោល​នយោបាយ​របស់​លោកស្តី​ពី​ការ​ថែទាំ​សុខភាព​ទូទៅ​ និង​ការ​ផ្តល់​ប្រាក់​ដល់​ប្រជា​កសិករ។

ការ​តែងតាំង​លោក ​Sretta ​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មីនៅពេល​នេះ​ បាន​បិទ​បញ្ចប់​នូវ​ភាព​ជាប់​គាំង​ខាង​នយោបាយ​ ដែល​បាន​កើត​មាន​ឡើង ចាប់​តាំង​ពី​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ ឬ​ Move Forward Party​ និង​សម្ព័ន្ធ​មិត្ត​របស់​បក្ស​នេះ​ បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ដ៏​ភ្ញាក់ផ្អើល​មួយ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។​

មេ​ដឹកនាំ​គណបក្ស​ឆ្ពោះទៅ​មុខ​ ឬ​ Move Forward Party ​គឺ​លោក​ Pita Limjaroenrat​ បាន​បរាជ័យ​មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ក្នុង​សភា​ថៃ​ ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ដោយ​សារ​តែ​មាន​ការ​ជំទាស់​ខ្លាំង​ពីក្រុម​អភិរក្ស​នៃ​ព្រឹទ្ធសភា​ថៃ​ ដែល​គាំទ្រ​ដោយ​ក្រុម​យោធា។​ ​
បើ​ទោះ​បី​ជា​គណបក្ស​ភឿថៃ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​ឧសភា​ក្តី​ ប៉ុន្តែ​គណបក្ស​នេះ​ បាន​ងាក​ទៅ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុម​យោធា​និង​ក្រុម​សមាជិក​សភា​រាជា​និយម​ ​និង​ឈាន​ទៅ​បំបែក​ភាព​ទាល់ច្រក​បាន។

នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី​ លោក Srettha ​ក៏​នឹង​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ​ផង​ដែរ​ ហើយ​គណបក្ស​ Pheu Thai​ បាន​កាន់​តំណែង​ក្រសួង​សំខាន់ៗ​ ដែល​មាន​ដូច​ជា​ ក្រសួង​ការ​បរទស​ ក្រសួង​ការពារ​ជាតិ​ ក្រសួង​ពាណិជ្ជ​កម្ម​ ក្រសួង​ដឹកជញ្ជូន​ និង​ក្រសួង​សុខាភិបាល។​

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ​Thaksin​ បាន​វិល​ត្រឡប់​ទៅ​កាន់​រាជធានី​បាងកក​វិញ​ នៅ​ចំ​ថ្ងៃ​ដែល​លោក ​Sretta ​ត្រូវ​បាន​សភា​ថៃ​បោះឆ្នោត​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​នេះ​ ហើយ​ការវិល​ត្រឡប់​ របស់​លោក ​Thaksin​ មក​កាន់​មាតុភូមិ​វិញ​ នេះ​ បាន​បិទ​បញ្ចប់​នូវ​ការ​រស់​នៅ​និរទេស​ខ្លួន​ចំនួន​១៥​ឆ្នាំ​នៅ​ក្រៅ​ប្រទេស​ ដែល​បាន​ចាប់​ផ្តើម​ឡើង​២​ឆ្នាំ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែងជា​នាយក​រដ្ឋមន្ត្រី​ ដោយ​ក្រុម​យោធា​ដែល​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​ក្រុម​គាំទ្រ​រាជានិយម​ ​ហើយ​ដែល​បាន​មើល​ឃើញ​រូប​លោក​ថា​ ជា​ការ​គំរាម​កំហែង​មួយ​ ទៅ​លើ​អំណាច​ដ៏​យូរលង់​របស់​គេ​ នៅ​ក្នុង​រក្សា​របៀប​របប​សង្គម។​ ​

លោក​ Thaksin​ បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ពេល​មក​ដល់​មាតុភូមិ​ភ្លាម​ និង​ត្រូវ​បាន​តុលាការ​កំពូល​របស់​ថៃ​ បញ្ជា​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ​ ដោយ​ផ្អែក​លើ​ការ​កាត់​ទោស​ក្នុង​ពេល​កន្លង​ទៅ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។​ ​ព្រះ​មហា​ក្សត្រ​ថៃ​ បាន​បន្ថយ​ទោស ​របស់​លោក​ Thaksin ​ពី​ចំនួន​៨​ឆ្នាំ​មក​នៅ​ត្រឹម​១​ឆ្នាំ​វិញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៕​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន AP និង Reuters។

ប្រែ​សម្រួល​ដោយ​ លោក​ ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG