ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ បន្ទាប់ពី​បាន​ទៅ​ដល់​ថៃ​ក្រោយ​និរទេស​ខ្លួន


អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra បន្ទាប់ពី​លោក​បាន​ទៅ​ដល់​អាកាស​យានដ្ឋាន Don Mueang ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra បន្ទាប់ពី​លោក​បាន​ទៅ​ដល់​អាកាស​យានដ្ឋាន Don Mueang ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ភ្លាមៗ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយពី​បាន​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​អស់​រយៈពេល ១៥ ឆ្នាំ​មក។

លោក Thaksin ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​រាប់​រយ​នាក់​នៅ​អាកាសយានដ្ឋាន Don Muang ក្នុង​ទីក្រុង​បាងកក មុន​ពេល​ត្រូវ​បាន​ប៉ូលិស​នាំខ្លួន​ទៅ​កាន់​តុលាការ​កំពូល ដែល​តុលាការនេះ​បាន​បញ្ជា​ឱ្យ​លោក​បំពេញ​ទោស​ជាប់​ពន្ធនាគារ ៨ ឆ្នាំ​ផ្អែក​លើ​ការ​ផ្តន្ទាទោស​កាលពី​លើក​មុន​ពី​បទ​ពុករលួយ។

អ្នកស្រី Paetongtarn Shinawatra ដែល​ជា​កូនស្រី​របស់​លោក Thaksin បាន​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ដែល​បង្ហាញ​អំពី​លោក Thaksin ថត​ជាមួយ​នឹង​កូន​របស់​លោក ៣ នាក់​និង​ចៅ ៧ នាក់​បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក ដោយ​អម​ជាមួយ​នឹង​សារ​ដែល​ថា​លោក Thaksin បាន​ត្រឡប់​មក​វិញ​ហើយ «និង​ដើម្បីបំពេញតាមនីតិវិធីរបស់តុលាការ»។

ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​និង​ការ​ចាប់​ដាក់​ពន្ធនាគារ​របស់​លោក Thaksin នេះ​បាន​កើតឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​រដ្ឋសភា​បានបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី គឺ​លោក Srettha Thavisin មកពីគណបក្សភឿថៃ។

នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ជាប់​គាំង​តាំងពី​ពេល​ដែល​គណបក្សឆ្ពោះ​ទៅ​មុខ (Move Forward Party) និង​ដៃគូ​សម្ព័ន្ធភាព​របស់​ខ្លួន​ទទួល​បាន​ជ័យជម្នះ​ដ៏​ខកចិត្ត​នៅ​ក្នុង​ការ​បោះឆ្នោត​រដ្ឋសភា​កាលពី​ខែ​ឧសភា។ ប៉ុន្តែ លោក Pita Limjaroenrat ដែល​ជា​មេដឹកនាំ​របស់​គណបក្ស​នេះ មិន​ទទួល​បាន​សំឡេង​គាំទ្រ​ចាំបាច់​ដើម្បី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ដោយសារ​មាន​ការ​ប្រឆាំង​ខ្លាំងក្លា​នៅ​ក្នុង​ព្រឹទ្ធសភា​អភិរក្ស​និយម​ដែល​គាំទ្រ​ដោយ​យោធា។

គណបក្ស Pheu Thai ដែល​ជា​គណបក្ស​ចុងក្រោយ​បង្អស់​ដែល​លេច​ចេញ​ពី​ចលនា​នយោបាយ​របស់​លោក Thaksin បាន​តែងតាំង​មហាសេដ្ឋី​អចលនទ្រព្យ​លោក Srettha Thavisin សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ។ គណបក្ស Pheu Thai ទទួល​បាន​ចំណាត់ថ្នាក់​លេខ ២ នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​ឧសភា ប៉ុន្តែ​បាន​បង្កើត​សម្ព័ន្ធភាព​ជាមួយ​នឹង​សមាជិក​សភា​ដែល​ជា​យោធា​និង​មាន​ទំនោរ​ទៅរក​រាជា​និយម ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​យូរ​មក​ហើយ​របស់​ខ្លួន​ជា​ច្រើន​មាន​ការ​ខឹង​សម្បា។

លោក Thaksin ដែល​ជា​មហា​សេដ្ឋី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​វ័យ ៧៤ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដំបូង​នៅ​ឆ្នាំ ២០០១ និង​ទទួល​បាន​ការ​គាំទ្រ​ស្មោះស្ម័គ្រ​ក្នុង​ចំណោម​អ្នក​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​ថៃ​ដោយសារ​គោល​នយោបាយ​មួយ​ចំនួន​ដូចជា​ការ​ធានា​រ៉ាប់រង​សុខភាព​ជា​ទូទៅ និង​ការ​បង់​ជា​លុយ​សុទ្ធ​ដល់​កសិករ​ជាដើម។

ប៉ុន្តែ លោក​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០០៦ ដោយ​យោធា​ដែល​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​សមាជិក​ក្រុម​ឥស្សរជន​ដែល​មាន​ទំនោរ​ទៅ​រក​របប​រាជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មើល​ឃើញ​លោក​ថា​ជា​ការ​គំរាមកំហែង​ចំពោះ​ការ​ក្ដោបក្ដាប់​យ៉ាង​តឹងណែន​ជា​យូរ​មក​ហើយ​របស់​ពួកគេ​លើ​របៀប​រៀបរយ​សង្គម។

លោក Thaksin ត្រូវ​បាន​កាត់ទោស​និង​ផ្ដន្ទាទោស​ដោយ​កំបាំងមុខក្រោម​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​លោក​ថា​មាន​លក្ខណៈ​នយោបាយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP Reuters និង AFP។

XS
SM
MD
LG