ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគារ លោក Thaksin Shinawatra បាននិយាយនៅថ្ងៃអង្គារនេះថា ការស្វែងរកការលើកលែងទោសមួយពីព្រះរាជាឱ្យឪពុកអ្នកស្រី«អាស្រ័យលើខ្លួនលោក»ទាំងស្រុង ហើយដំណើរការនេះត្រូវចំណាយពេលវេលា។
នៅក្នុងអត្ថាធិប្បាយលើកដំបូងរបស់អ្នកស្រីអំពីប្រធានបទនេះតាំងពីឪពុកអ្នកស្រីវិលត្រឡប់មកប្រទេសថៃវិញ កាលពីសប្ដាហ៍មុនពីការនិរទេសខ្លួននៅប្រទេសក្រៅ អ្នកស្រី Paetongtarn Shinawatra បានថ្លែងថា លោក Thaksin ដែលត្រូវតែទទួលទោសជាប់ពន្ធនាគារ៨ឆ្នាំពីបទរំលោភអំណាចនិងទំនាស់ផលប្រយោជន៍ ជាមនុស្សតែម្នាក់គត់ដែលត្រូវធ្វើសំណើសុំនេះដោយខ្លួនលោកផ្ទាល់។
អ្នកស្រី Paetongtarn បាននិយាយប្រាប់ពួកអ្នកកាសែតថា៖ «ការព្រាងសំណើសុំលើកលែងទោសត្រូវចំណាយពេល ហើយស្រេចលើខ្លួនលោកដែលត្រូវជ្រើសរើសពេលវេលានិងធ្វើដំណើរការ»។
អ្នកស្រី Paetongtarn ដែលជាសមាជិកាជាន់ខ្ពស់ម្នាក់នៃគណបក្ស Pheu Thai ដឹកនាំរដ្ឋាភិបាលថ្មី បាននិយាយដូច្នេះមួយថ្ងៃក្រោយពីអ្នកស្រីបានទៅសួរសុខទុក្ខឪពុកអ្នកស្រីក្នុងមន្ទីរពេទ្យ ហើយអ្នកស្រីបានពោលថា អ្នកស្រីខ្វល់ខ្វាយអំពើបេះដូងឪពុកអ្នកស្រី។
លោក Thaksin អាយុ៧៤ឆ្នាំ ត្រូវបានផ្ទេរពីពន្ធនាគារទៅកាន់មន្ទីរពេទ្យប៉ូលិសនៅក្រុងបាងកកកាលពីសប្តាហ៍មុន តែប៉ុន្មានម៉ោងក្រោយលោកស្ថិតនៅក្នុងពន្ធនាគារនៅយប់ទីមួយ ដោយលោកបានត្អូញត្អែរថា ចុកទ្រូងនិងមានសម្ពាធឈាមខ្ពស់។
ពួកអ្នករិះគន់លោកបាននិយាយថា ការសម្រាកនៅមន្ទីរពេទ្យនេះជាកលល្បិចមួយ ហើយទាមទារឱ្យមានភ័ស្តុតាងនៃជំងឺរបស់លោក។
ការវិលត្រឡប់របស់លោក Thaksin មកប្រទេសវិញចំពេលគ្នាដែលសម្ព័ន្ធមិត្តលោក គឺលោក Srettha Thavisin បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតក្នុងសភានៅថ្ងៃជាមួយគ្នា។
លោក Srettha កំពុងបង្កើតគណៈរដ្ឋមន្ត្រីសម្រាប់រដ្ឋាភិបាលដឹកនាំដោយគណបក្ស Pheu Thai ដែលជាមធ្យោបាយខាងនយោបាយរបស់គ្រួសារលោក Thaksin។
មានការសង្ស័យខ្លាំងថា លោក Thaksin ដែលមានឥទ្ធិពល បានព្រមព្រៀងជាមួយពួកសត្រូវលោកក្នុងក្រុមយោធានិងស្ថាប័នរាជានិយម ដើម្បីអនុញ្ញាតឱ្យលោកវិលត្រឡប់មកប្រទេសវិញនិងអាចមានការដោះលែងលោកមុនពេលកំណត់។ លោកបានបដិសេធការណ៍នេះហើយ។
ក្រុមមួយប្រឆាំងនឹងលោក Thaksin បានដាក់ពាក្យតវ៉ានៅមន្ទីរកែប្រែដើម្បីរារាំងលោក Thaksin មិនឱ្យសុំការលើកលែងទោសពីព្រះរាជា ដោយនិយាយបង្ហាញហេតុផលថា ករណីពុករលួយមិនគួរមានការលើកលែងទោសឡើយ៕