ពួកមន្ត្រីបាននិយាយកាលពីថ្ងៃពុធថាអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra បានទៅសម្រាកក្នុងមន្ទីរពេទ្យមួយកាលពីយប់មិញ ដោយសារមានកង្វល់អំពីបេះដូងលោកនិងសម្ពាធឈាមខ្ពស់នៅពេលលោកឋិតក្នុងគុកនៅយប់ទីមួយ ក្រោយការវិលត្រឡប់ជាប្រវត្តិសាស្ត្ររបស់លោកពីការនិរទេសខ្លួនដោយខ្លួនឯង។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃពុធ គេដឹងមិនច្បាស់លាស់ទេអំពីស្ថានភាពថ្មីៗបំផុតរបស់លោក Thaksin អាយុ៧៤ឆ្នាំ ដែលជាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារនិងជាស្ថាបនិកគណបក្ស Pheu Thai ដ៏មានប្រជាប្រិយភាព ហើយពួកអ្នកតំណាងលោកមិនបានឆ្លើយតបជាបន្ទាន់នឹងសំណើសុំអត្ថាធិប្បាយពី Reuters ទេ។
នាយកដ្ឋានអប់រំកែប្រែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Thaksin មានការតឹងក្នុងទ្រូងនិងមានសម្ពាធឈាមខ្ពស់ ហើយគេបានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យប៉ូលិសនៅក្រុងបាងកកនៅប្រមាណម៉ោង២ព្រឹកថ្ងៃពុធ។
លោក Thaksin បានវិលត្រឡប់មកប្រទេសវិញកាលពីថ្ងៃអង្គារ ហើយត្រូវនាំខ្លួនទៅកាន់ពន្ធនាគារដែលនាំឱ្យមានការយកចិត្តទុកដាក់ច្រើនជាងលោក Srettha Thavisin សម្ព័ន្ធមិត្តនយោបាយរបស់លោកដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតមួយក្នុងសភានៅថ្ងៃនោះដែរ។
មន្ត្រីសភាម្នាក់បាននិយាយនៅថ្ងៃពុធនេះថាលោក Srettha នៃគណបក្សPheu Thai ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី បានទទួលការគាំទ្រពីព្រះរាជា។
ពួកប៉ូលិសបានថ្លែងថាលោក Thaksin បានទៅសម្រាកឯមន្ទីរពេទ្យពីព្រោះពន្ធនាគារមិនអាចធានាថាលោកបានទទួលការព្យាបាលត្រឹមត្រូវទេ។
តុលាការកំពូលបានបញ្ជាក់កាលពីថ្ងៃអង្គារថាលោក Thaksin នឹងជាប់ពន្ធាគារ៨ឆ្នាំក្រោយពីលោកត្រូវកាត់ទោសពីបទរំលោភអំណាចនិងទំនាស់ផលប្រយោជន៍។
លោក Ayuth Sintoppant អគ្គនាយកនៃនាយកដ្ឋានអប់រំកែប្រែបាននិយាយប្រាប់Reuters ថាឆ្មាំគុក៨នាក់បានអមដំណើរលោក Thaksin នៅពេលត្រូវផ្ទេរទៅមន្ទីរពេទ្យកាលពីពេលយប់៕