គណបក្សភឿថៃ (Pheu Thai) របស់ថៃបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនមានការគាំទ្រពីគណបក្សចំនួន៦ថែមទៀតនៅក្នុងការប៉ុនប៉ងរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលមួយ ប៉ុន្តែនៅមិនទាន់ទទួលបានការគាំទ្រគ្រប់ចំនួន នៅពេលប្រទេសនេះស្ថិតនៅភាពជាប់គាំងខាងនយោបាយជិត៣ខែបន្ទាប់ពីការបោះឆ្នោត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសថៃបានស្ថិតនៅក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល១៤២ថ្ងៃ ហើយបានប្រឈមភាពមិនប្រាកដប្រជាយូរបន្ទាប់ពីគណបក្សទទួលជ័យជម្នះក្នុងការបោះឆ្នោតគឺគណបក្ស Move Forward បានត្រូវរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដោយពួកសមាជិករដ្ឋសភាអភិរក្សនិយមដែលចងសម្ព័ន្ធភាពជាមួយពួកយោធាគាំទ្ររបបរាជានិយម។
គណបក្សភឿថៃដែលស្ថិតនៅលំដាប់ទី២ដែលមានឥទ្ធិពលខាងនយោបាយដែលត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារនៅឆ្នាំ២០០៦និង២០១៤បានដកការគាំទ្ររបស់ខ្លួនដល់គណបក្ស Move Forward កាលពីសប្តាហ៍មុន ក៏ប៉ុន្តែ ប្រឈមការប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីឱ្យបានទទួលការគាំទ្រពីសភាដែលពួកយោធាមានឥទ្ធិពលយ៉ាងខ្លាំង។
មេដឹកនាំគណបក្សភឿថៃលោកChonlanan Srikaew បានប្រាប់សន្និសីទកាសែតថា៖ «គណបក្សភឿថៃសង្ឃឹមនឹងបន្ធូរបន្ថយការបែកបាក់ខាងនយោបាយនិងទទួលបានការគាំទ្រមកពីសមាជិករដ្ឋសភា គណបក្សនយោបាយនិងសមាជិកព្រឹទ្ធសភាទាំងអស់»។
ការប្រកាសនេះកើតមានឡើងបន្ទាប់ពីគណបក្សភឿថៃបានទទួលការគាំទ្រមកពីគណបក្ស Bhumjaithaiដែលស្ថិតនៅក្នុងលំដាប់ទី៣ដែលបានបដិសេធមិនគាំទ្រគណបក្ស Move Forward អំពីផែនការចម្រូងចម្រាសរបស់ខ្លួនដើម្បីធ្វើវិសោធនកម្មច្បាប់ដែលការពាររបបរាជានិយមមិនឲ្យរងការរិះគន់។
គណបក្សភឿថៃដែលត្រូវបានបង្កើតដោយក្រុមគ្រួសារមហាសេដ្ឋី Shinawatraបានទទួលការគាំទ្រពីគណបក្សចំនួន៧ផ្សេងទៀត ក៏ប៉ុន្តែ គេនៅមិនទាន់ច្បាស់នៅឡើយថាតើគណបក្សនេះអាចទទួលបានការគាំទ្រពីព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយពួកយោធាដែលបានបង្ខំរដ្ឋាភិបាលចុងក្រោយរបស់គណបក្សនោះចេញពីតំណែង។
នៅក្រោមរដ្ឋធម្មនុញ្ញដែលសរសេរដោយពួកយោធាហើយត្រូវបានរៀបចំឡើងដើម្បីការពារអំណាចនយោបាយរបស់ខ្លួននោះ ពួកសមាជិករដ្ឋសភានិងព្រឹទ្ធសភាត្រូវបោះឆ្នោតដើម្បីធ្វើការសម្រេចបង្កើតរដ្ឋាភិបាលដែលតម្រូវឱ្យមានការគាំទ្រពីសមាជិកសភាជាងចំនួនពាក់កណ្តាល៕
សម្ព័ន្ធភាពគណបក្សថៃ បានពង្រីកនៅក្នុងការខំប្រឹងប្រែងថ្មីដើម្បីបង្កើតរដ្ឋាភិបាល
- Reuters
បាងកក —