ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ថ្មី Pompeo ចាប់​ផ្ដើម​ធ្វើ​ការ​ភ្លាម


លោក Mike Pompeo រង់​ចាំ​ការ​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​អាត្លង់ទិច​ខាង​ជើង​ នៅ​ស្នាក់ការ​អង្គការ​អូតង់ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃ​ទី​២៧ មេសា ២០១៨។
លោក Mike Pompeo រង់​ចាំ​ការ​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​អាត្លង់ទិច​ខាង​ជើង​ នៅ​ស្នាក់ការ​អង្គការ​អូតង់ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃ​ទី​២៧ មេសា ២០១៨។

លោក Mike Pompeo ​ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថ្មី ​បាន​ចាប់​ផ្ដើមធ្វើ​ដំណើរ​ទស្សនកិច្ចលើក​ទី១របស់​លោក​ក្នុង​នាម​ជា​អ្នក​ការទូត​អាមេរិក​កំពូលហើយ​ បើ​ទោះ​ជា​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង។

ដំបូង លោក Pompeo នឹង​ទៅ​ជួប​រដ្ឋមន្រ្តី​ការ​បរទេស​ទាំង​ឡាយ​នៅ​ឯ​អង្គការ​អូតង់ ក្នុង​រដ្ឋធានី​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក។ ហើយ​បន្ទាប់​មក ​លោក ​Pompeo នឹង​បន្ត​ដំណើរ​ទៅ​កាន់​មជ្ឈិមបូព៌ា។

លោក Pompeo បាន​ឡើង​ជិះ​យន្ដហោះ​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​បាន​ទទួល​ការ​បោះឆ្នោត​អនុម័តតែងតាំង​ពី​ព្រឹទ្ធសភា។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថ្មី Mike Pompeo មិន​បាន​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​បាន​ចាប់​ផ្តើម​ធ្វើ​ការភ្លាម នេះ​បើ​យោង​តាម​ការ​ពន្យល់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស គឺ​អ្នកស្រី Heather Nauert មុន​ពេល​លោក Pompeo ចេញ​ដំណើរ។

អ្នកស្រី Nauert មាន​ប្រសាសន៍​ថា៖ «លោក​រដ្ឋមន្ត្រី​ការបរទេស​ Mike Pompeo ទើប​ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ ដោយ​លោក​ចៅក្រម ​Alito នៅ​ឯ​តុលាការ​កំពូល​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​ទទួល​ការ​បោះឆ្នោត​អនុម័តតែងតាំង​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។ មិន​ដែល​មាន​រដ្ឋមន្ត្រី​ការបរទេស​ផ្សេង​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​ទេ ដែល​បាន​ចាប់​ផ្ដើម​ចេញ​ធ្វើ​ដំណើរ​កិច្ច​ការទូត​ឆាប់​រហ័ស​ដូច​លោក Pompeo ទេ»។

លោក Mike Pompeo ដែល​ជា​អតីត​នាយក​ភ្នាក់ងារ​ស៊ីប​អង្កេត CIA បាន​ស្បថ​ចូល​កាន់​តំណែង បន្ទាប់​ពី​ព្រឹទ្ធសភា​ដែល​ខ្វែង​គំនិត​គ្នា​បាន​បោះឆ្នោត​អនុម័ត​ទទួល​ស្គាល់ បេក្ខជន​ស្នើ​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្នុង​នោះ សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំង​អស់​គាំទ្រ លោក Pompeo ប៉ុន្តែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​៦​នាក់ ​រួម​ជាមួយ​អ្នក​តាក់​តែង​ច្បាប់​ឯករាជ្យ​ម្នាក់​មិន​គាំទ្រ​លោក Pompeo ទេ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ លោក Ben Sasse និយាយ​ថា៖ «តើ​មាន​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ ដែល​មាន​បំណង​ចង់​បោះឆ្នោត ឬ​មាន​បំណង​ផ្លាស់​ប្តូរ​សំឡេង​ឆ្នោត​ទេ? បើ​មិន​ដូច្នោះ​ទេ សំឡេង​គាំទ្រ​គឺ ៥៧ សំឡេង​ប្រឆាំង​គឺ ៤២។ បេក្ខជន​ជ្រើសរើស​ដោយ​ប្រធានាធិបតី ត្រាំ​ ត្រូវ​បាន​អនុម័ត​តែងតាំង»។

មេដឹកនាំ​ព្រឹទ្ធសភា​ភាគច្រើន លោក ​Mitch McConnell ខាង​គណបក្ស​សាធារណរដ្ឋ​បាន​សរសើរ​ លោក ​Pompeo ដែល​លោក​បាន​ជួប​ជាមួយ​លោក​មេដឹកនាំ​កូរ៉េ​ខាងជើង គីម ជុងអ៊ុន​ រួច​ទៅ​ហើយ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ងាត់​មួយ។

លោក McConnell ថ្លែង​ថា៖ «លោក Pompeo ​ទទួល​បាន​ភាព​ជឿជាក់និង​ទំនុក​ចិត្ត​ពី​អគ្គ​មេបញ្ជាការ​កង​ទ័ព ដោយ​លោក​បាន​ផ្តល់​ការ​ប្រឹក្សា​កំពូល​លើ​បញ្ហា​សំខាន់ៗ និង​ជួយ​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង កំពុង​ដំណើរ​ការ ដើម្បី​ដាក់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការចរចា​នានា ក្នុង​គោល​បំណង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ»។

ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា លោក Pompeo ប្រហែល​ជា​ជិត​ស្និទ្ធ​នឹង លោក ត្រាំ​ ពេក ហើយ​ឆាប់​ងាក​ទៅ​រក​ដំណោះ​ស្រាយ​យោធា​ជាជាង​ការទូត​ពេក។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក ​Ben Cardin និយាយ​ថា៖ «លោក Pompeo ត្រូវ​តែ​តាំង​ខ្លួន​ជា​សំឡេង​ឯករាជ្យ​មួយ​នៅ​សេតវិមាន។ ខ្ញុំ​មាន​សំណួរ​ថា តើ​លោក​នឹង​ក្លាយ​ជា​សំឡេង​ឯករាជ្យ​មួយ​ឬ​ទេ។ លោក​ចាំបាច់​ត្រូវ​ទាញ​សម្ព័ន្ធមិត្ត​របស់​យើង​ឲ្យចូលរួម នេះ​ជា​របៀប​របប​ការទូត​របស់​យើង។ លោក​ត្រូវ​តែ​ជា​សំឡេង​ខ្លាំង​បំផុត សម្រាប់​កិច្ច​ការទូត​និង​សន្តិសុខ​ជាតិ​របស់​យើង នៅ​ពេល​ប្រើ​ប្រាស់​ឧបករណ៍​នានា​របស់​យើង។ យោធា​ត្រូវតែ​ជា​ដំណោះស្រាយ​ចុង​ក្រោយ»។

បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​អង្គការ​អូតង់ ​លោក Pompeo នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ មជ្ឈិមបូព៌ា ដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទំនង​ជា​ប្រធានបទ​សំខាន់​ក្នុង​របៀបវារៈ​នៃ​កិច្ចចរចា​របស់​លោក​ជាមួយ​មេដឹកនាំ ប្រទេស​អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និង​ហ៊្សកដានី៕

ប្រែ​សម្រួល​ដោយ ចាប ចិត្រា

XS
SM
MD
LG