ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចរចាដែលអាចទទួលជោគជ័យបានជាមួយនឹងប្រទេសកូរ៉េខាងជើងមិនត្រឹមតែអាស្រ័យលើជំនួបរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅសប្ដាហ៍ក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើជំនួបដែលបានគ្រោងធ្វើឡើងបន្ទាប់មករវាងលោក Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ផងដែរ។
លោក Moon Jae In បានបញ្ជាក់ថា លោកឃើញអំពីសក្ដានុពលនៃកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលធ្វើឲ្យប្រទេសកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ និងធ្វើឲ្យមានការផ្ដល់ជំនួយអន្តរជាតិជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង។
ការលើកឡើងរបស់លោកដូចនេះបានធ្វើឡើង បន្ទាប់ពីលោក Trump បានបង្ហាញនូវសុទិដ្ឋិនិយមកាលពីថ្ងៃពុធម្សិលមិញអំពីភាពដែលអាចទៅរួចនៃការធ្វើឲ្យប្រទេសកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ។
លោក Trump បានបញ្ជាក់ថា ប្រធានទីភ្នាក់ងារ CIA លោក Mike Pompeo «មានភាពចុះសម្រុងគ្នាយ៉ាងល្អ» ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងអំឡុងពេលជំនួបសម្ងាត់រវាងលោកទាំងពីរនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
ប៉ុន្តែ លោក Trump ព្រមានថា ប្រសិនបើការចរចារបស់លោកជាមួយនឹងលោក Kim Jong Un មិនដូចអ្វីដែលលោករំពឹងទុកទេនោះ នោះលោកនឹងដើរចេញពីការចរចានេះ។
លោក Trump ក៏បានបង្ហាញផងដែរថា ការចរចាកំពុងតែធ្វើឡើងដើម្បីឲ្យមានការដោះលែងពលរដ្ឋអាមេរិកាំង ៣ នាក់ដែលកំពុងត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងដាក់ឃុំ៕