នាយកទីភ្នាក់ងារស៊ើបការណ៍ CIA របស់សហរដ្ឋអាមេរិកគឺលោក Mike Pompeo បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជួបជាសម្ងាត់ជាមួយមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន។ នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន។
ជំនួបដើម្បីរៀបចំកិច្ចចរចាដោយផ្ទាល់រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក គីម ជុនអ៊ុន បានធ្វើឡើងនៅពីចុងសប្តាហ៍ដើមខែមេសានេះ។ នេះបើផ្អែកតាមប្រភពមន្ត្រីមួយចំនួនដែលមិនបង្ហាញឈ្មោះ ហើយដែលត្រូវបានផ្សព្វផ្សាយដោយស្ថាប័នព័ត៌មានជាច្រើន។
លោក ត្រាំ បានទទួលស្គាល់កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកពិតជាបានពិភាក្សាគ្នាដោយផ្ទាល់ជាមួយកូរ៉េខាងជើងក្នុងកម្រិតជាន់ខ្ពស់មែន។
នៅពេលដើរជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងភរិយារបស់ពួកលោកទាំងពីរនៅឯកន្លែងលំហែកាយMar-a-Lago របស់លោកត្រាំ លោកប្រធានាធិបតីត្រូវបានអ្នកយកព័ត៌មានម្នាក់សួរថា តើលោកពិតជាបាននិយាយជាមួយលោក គីម ជុនអ៊ុន មែនដែរឬទេ។
លោក ត្រាំ បានងាកទៅរកក្រុមអ្នកកាសែត ហើយញញឹមដោយនិយាយថា «បាទ»។
ពីរបីនាទីក្រោយមក នៅពេលចាប់ផ្តើមទទួលទានអាហារពេលល្ងាចជាមួយគូរស្វាមីភរិយាជប៉ុននោះ លោកប្រធានាធិបតីត្រូវបានចោទសួរសំណួរដដែលនេះ។
លោកត្រាំ បានឆ្លើយតបថា «តោះ! កុំនិយាយឱ្យវែងឆ្ងាយអី គឺយើងបាននិយាយគ្នាក្នុងកម្រិតខ្ពស់បំផុត ហើយការជជែកគ្នានោះដំណើរការទៅយ៉ាងល្អ។ ចាំមើលថាតើមានអ្វីកើតឡើង»។
ប៉ុន្តែ ប៉ុន្មានក្រោយមក អ្នកនាំពាក្យសេតវិមានគឺអ្នកស្រី Sarah Huckabee Sanders បានច្រានចោលការអះអាងបញ្ជាក់ណាមួយអំពីទំនាក់ទំនងដោយផ្ទាល់រវាងលោកប្រធានាធិបតីឬមន្ត្រីកំពូលរបស់លោក ជាមួយនឹងលោក គីម ជុងអ៊ុន៕