ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​អំពី​បំណុល​នៅ​កម្ពុជា៖ អ្នកខ្ចី​ប្រាក់​ភាគច្រើន​ជាប់​ជំពាក់​បំណុល​ច្រើន​លើស​លប់


រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

របាយ​ការណ៍​ថ្មី​មួយ​ដែល​សិក្សា​ដោយ​អង្គការ​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​បាន​រក​ឃើញ​ថា អ្នក​ខ្ចី​ប្រាក់​ភាគ​ច្រើន​គឺ​«ជាប់​ជំពាក់​បំណុល​ច្រើន​លើស​លប់»​ ហើយ​ក៏​មាន​ករណី​លក់​ដី​ដើម្បី​សង​បំណុល​ផង​ដែរ។​

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​មាន​ចំណង​ជើង​ថា ​ហានិភ័យ​នៃ​បំណុល៖​ ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ។​ របាយ​ការណ៍​នេះ​ស្ទង់​មតិ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ចំនួន​៧១៧​ខ្នង​ផ្ទះ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ដើម​ឆ្នាំ​២០២២។​

បើ​តាម​របាយ​ការណ៍​នេះ​ ​អ្នក​ខ្ចី​ប្រាក់​ជាង​២/៣​«យល់​ស្រប​ទាំង​ស្រុង» ​ឬ​«យល់​ស្រប»​ថា​ ​គ្រួសារ​របស់​ពួក​គេ​ជំពាក់​បំណុល​ច្រើន​ពេក។​ អ្នក​ខ្ចី​ជាង​២៧%​កំពុង​ចំណាយ​ប្រាក់​ចំណូល​របស់​ពួក​គេ​ជាង​៧០%​លើ​ការ​បង់​សង​បំណុល​ ជា​រៀង​រាល់​ខែ។​

របាយ​ការណ៍​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១៦៧.០០០​នាក់​នៅ​ទូទាំង​ប្រទេស​បាន​លក់​ដី​ ដោយ​សារ​ភាព​ជាប់​ជំពាក់​បំណុល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំង​ពីរ​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ​ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បង្ហាញ​ថា​ ការ​រីក​រាល​ដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់​បាន​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ច្រើន​ រួម​មាន​ភាព​អត់​ឃ្លាន​ ពលកម្ម​កុមារ ​និង​ការ​លក់​ដី​ដោយ​បង្ខំ​ជា​ដើម​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា៖​ «អ្នក​ខ្ចីប្រាក់​កំពុង​ធ្វើ​ការ​លះ​បង់​ដោយ​មិន​សម​ស្រប​ជា​ច្រើន ​ដើម្បី​បង់​សង​កម្ចី​ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដ៏​ច្រើន​លើស​លប់ ​ហើយ​ជា​រឿយៗ​វា​តែង​តែ​លើស​ពី​ប្រាក់​ចំណូល​និង​សមត្ថ​ភាព​របស់​អ្នក​ខ្ចី​ក្នុង​ការ​បង់​សង»។​

អ្នកស្រី ​ពីឡូក ណាលី ​នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ ​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​ «ការ​ស្រាវជ្រាវ​នេះ​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​គឺ​កំពុង​កើត​ឡើង​ជា​ញឹក​ញាប់​និង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​វិស័យ​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា»។​

អ្នកស្រី​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​មិន​មាន​ពេល​វេលា​សម្រាប់​ការ​ពន្យារ​ពេល​ទៀត​នោះ​ទេ ​ហើយ​ពួកគេ​ត្រូវ​ការ​ការ​អនុ​គ្រោះ​បំណុល​បន្ទាន់​សម្រាប់​អ្នក​ជាប់​ជំពាក់​បំណុល​ច្រើន​លើស​លប់​ជាង​គេ​ ដើម្បី​ទប់​ស្កាត់​វិបត្តិ​សិទ្ធិ​មនុស្ស​នេះ​កុំ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។​

រូបឯកសារ៖ កសិករ​ម្នាក់​រែក​សន្ទូង​នៅ​ស្រែ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។
រូបឯកសារ៖ កសិករ​ម្នាក់​រែក​សន្ទូង​នៅ​ស្រែ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។

បើ​តាម​របាយ​ការណ៍ ​ប្រជា​ពលរដ្ឋ​តាមខ្នង​ផ្ទះ​ជាង​៩២% ​ត្រូវ​បាន​តម្រូវ​ឱ្យ​ដាក់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​យ៉ាង​តិច​មួយ​ដើម្បី​វាយ​តម្លៃ​ពី​កម្ចី​ឥណទាន​ខ្នាត​តូច​មួយ។​ ​របាយ​ការណ៍​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​៦,១% ​នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប​ជាង​៧០០​ ដែល​ត្រូវ​បាន​សម្ភាស បាន​លក់​ដីដើម្បី​សង​បំណុល។​

ពលកម្ម​កុមារ​ និង​កុមារ​បោះបង់​ការ​សិក្សា​ដោយ​សារ​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ធនាគារ​ គឺ​កើត​ឡើង​ញឹក​ញាប់​ខ្លាំង។​ ប្រមាណ​ជា​៣%​នៃ​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​បាន​ឱ្យ​កូន​បោះបង់​ការ​សិក្សា​ ដោយសារ​តែ​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ធនាគារ​ ដោយ​កុមារ​ជា​ច្រើន​ត្រូវ​ទៅ​ធ្វើការ​ជួយ​រក​ប្រាក់​ ដើម្បី​បង់​សង​កម្ចី​ទាំង​នោះ​វិញ។​ នេះ​បើ​តាម​របាយ​ការណ៍។​ អ្នក​ផ្ដល់​បទ​សម្ភាសន៍​ជិត​១/៥​ (១៨,៣%)​ បរិភោគ​អាហារ​តិច​ជាង​មុន​ក្រោយ​ពេល​យក​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ។​

ប្រជា​ពលរដ្ឋ​កំពុង​បង្កើន​ការ​យក​កម្ចី​ថ្មី​ ដើម្បី​ទៅ​សង​កម្ចី​ចាស់។​ បើ​តាម​របាយ​ការណ៍​នេះ អ្នក​ខ្ចី​ភាគ​ច្រើន​ មិន​បាន​យល់​ដឹង​ពី​ដំណើរ​ការ​ផ្លូវ​ច្បាប់​ ក្នុង​ករណី​ខក​ខាន​ការ​បង់​សង​កម្ចី ​ឬ​មិន​ជឿ​ថា មាន​ការ​ប្រើ​ប្រាស់​ដំណើរ​ការ​ផ្លូវ​ច្បាប់។​

អង្គការ​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​បាន​ជំរុញ​ដល់​វិនិយោគិន​ អាជ្ញាធរ​និង​តួអង្គ​អភិវឌ្ឍន៍​នានា​ត្រូវ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ខ្ចី​ប្រាក់​និង​ធានា​ថា​ ​ការ​អនុវត្ត​បែប​កេង​ប្រវ័ញ្ច​ទាំង​នេះ​នឹង​ត្រូវ​បញ្ឈប់​ព្រមទាំង​ដាក់​ចេញ​នូវ​វិធាន​ការ​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់​ដើម្បី​អាច​ឱ្យ​យើង​ធានា​បាន​ថា​ សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​អ្នក​ខ្ចី​ប្រាក់​ត្រូវ​បាន​គោរព។​

ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ជា​អ្នក​នាំ​ពាក្យ​លោក​ កាំង តុងងី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​កំពុង​តែ​ពិនិត្យ​មើល​របាយ​ការណ៍​នេះ។ ​លោក​បន្ត​ថា​ កាល​ពី​ពេល​កន្លង​ទៅ ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ក៏​ធ្លាប់​ចូល​រួម​ដោះស្រាយ​បញ្ហា​បំណុល​ដល់​ប្រជា​ពលរដ្ឋ​ដែរ ដើម្បី​ជួយ​សម្រាល​បន្ទុក​បញ្ហា​បំណុល ​ប្រសិន​បើ​ពួក​គេ​ជួប​ស្ថាន​ភាព​លំបាក។​

លោក​ថ្លែង​ថា៖​ «ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​មាន​អតិថិ​ជន​ប្រមាណ​ជា​ជាង​២​លាន​នាក់ អ៊ី​ចឹង​វា​ចៀស​មិន​ផុត​ទេ​ ដែល​យើង​មាន​អតិថិ​ជន​មួយ​ចំនួន​ គាត់​មិន​មាន​លទ្ធភាព​សង ដែល​ជា​រឿយៗ​ដូច​ជា​បញ្ហា​គ្រោះ​ថ្នាក់​ចៃ​ដន្យ​ មរណភាព​ ជំងឺ​ផ្សេងៗ​ដែល​តែង​តែ​កើត​ឡើង។​ អ៊ីចឹង​ក៏​មាន​គ្រឹះ​ស្ថាន​មួយ​ចំនួន​គោរព​នូវ​បំណុល​ទាំង​អស់​ហ្នឹង​ ប៉ុន្តែ​គ្រាន់​តែ​ថា​ គាត់​អត់​ផ្សាយ​ជា​សាធារណៈ​ទេ​ដោយ​សារ​តែ​វា​អាច​មាន​ហានិភ័យ​ទៅ​លើ​វិន័យ​ច្បាប់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នោះ​ វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ជា សិរី​ អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ របាយ​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​២​បង្ហាញ​ភាព​អវិជ្ជ​មាន​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ស្ថាន​ការណ៍​ទាំង​មូល​ឡើយ។ ​លោក​បន្ថែម​ថា ​រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ច្បាស់​លាស់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩​ និង​សង្រ្គាម​នៅ​អ៊ុយក្រែន។​

បើ​តាម​លោក ​ប៉ែន បូណា ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​សម្រប​សម្រួល​រវាង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ប្រជា​ពលរដ្ឋ​ជំពាក់​បំណុល​ផង​ដែរ​ ក្នុង​ពេល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ លោក​ អៀង វុទ្ធី ​ប្រាប់​វីអូអេ​ថា​ របាយ​ខាង​លើ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ជំពាក់​បំណុល​នៅ​តែ​បន្ត​កើត​មាន​ឡើង​ និង​ជា​បញ្ហា​មួយ​គួរ​ឱ្យ​បារម្ភ។ ​លោក​ថា​ បញ្ហា​នេះ​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ភាគី​ពាក់​ព័ន្ធ។ ​លោក​បន្ត​ថា​ កត្តា​ចម្បង​ដែល​បង្ខំ​អ្នក​ជំពាក់​បំណុល​ឱ្យ​លក់​ដី​ផ្ទះ​សម្បែង ​គឺ​បណ្តាល​មក​ពី​ការ​ដាក់​ទ្រព្យ​បញ្ចាំ។​

លោក​ថ្លែង​ថា៖​ «យើង​ចង់​ឃើញ​ថា ​ប្លង់​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​ប្រគល់​ឱ្យ​ប្រជា​ពលរដ្ឋ​វិញ។ ទៅ​មុខ​ទៅ​ ​ការ​ខ្ចី​បែប​ជា​លក្ខណៈ​ដាក់​ទ្រព្យ​បញ្ចាំ​នេះ​ គួរ​តែ​បញ្ឈប់​ ដើម្បី​ការពារ​ទាំង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​រំលោភ​បំពាន​ គឺ​ត្រូវ​មាន​គោល​នយោបាយ​ទាក់​ទង​ទៅ​នឹង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់។ ​យើង​ចង់​ឃើញ​ជា​គោល​នយោបាយ​មួយ​យ៉ាង​ម៉ឺង​ម៉ាត់​សម្រាប់​ការ​អនុវត្ត​ចំពោះ​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​វិស័យ​ផ្សេង​ទៀត​ផង​ដែរ»។​

គួរ​បញ្ជាក់​ថា​ ទំហំ​កម្ចី​ឥណទាន​ខ្នាត​តូច​ជា​មធ្យម​នៅ​កម្ពុជា​មាន​ចំនួន​ជាង​៤​ពាន់​ដុល្លារ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG