ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារកណ្តាលនិងនគរបាលជាតិប្រកាសរួមគ្នាចាត់ការផ្លូវច្បាប់លើអ្នកផ្តល់កម្ចីក្រៅផ្លូវការ


រូបឯកសារ៖ បុរសម្នាក់ដឹកឥវ៉ាន់កាត់ធនាគារជាតិនៃកម្ពុជា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ បុរសម្នាក់ដឹកឥវ៉ាន់កាត់ធនាគារជាតិនៃកម្ពុជា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ធនាគារជាតិនិង​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ ​ព្រមានចាត់​វិធាន​ការ​ច្បាប់ទៅ​លើ​អ្នក​ផ្តល់​ឥណទាន​ខុស​ច្បាប់ ​ឬ​ផ្តល់​កម្ចី​ខុស​ច្បាប់​ ដែល​បាន​បង្កឲ្យ​ប្រជា​ពលរដ្ឋ​ធ្លាក់​ក្នុង​បំណុល​ច្រើន​លើស​លប់ និង​ប៉ះ​ពាល់​ជីវភាព ដោយ​សារកម្ចី​នោះ​មាន​ការ​ប្រាក់​ខ្ពស់​ហួស​ហេតុ។​

នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាប័ន​ជាតិ​ទាំង​ពីរ​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បើ​តាមសេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​មករា​ ធនាគារ​កណ្តាល​និង​នគរបាល​ជាតិ​ បាន​សង្កេតឃើញ​មាន​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ និង​ផ្តល់​ហិរញ្ញ​វត្ថុ​ក្រៅ​ផ្លូវ​ការ​ ជាពិសេស​សេវា​ឥណទាន​តាម​រយៈ​ទូរស័ព្ទ ​បណ្តាញ​សង្គម ​និង​អនឡាញ​យ៉ាង​អនា​ធិបតេយ្យ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ធានាគារ​ជាតិ​ ដែល​បាន​បង្ក​ឲ្យប្រជា​ពលរដ្ឋភាន់​ច្រឡំ ​និង​បង្ក​ជា​ផល​វិបាក​ច្រើន​លើ​សេដ្ឋ​កិច្ច ​និង​សង្គម​ តាម​រយៈ​ការ​យក​អាត្រា​ការ​ប្រាក់​ខ្ពស់​ហួស​ហេតុ​ ​ការ​គំរាម​កំហែង​បំភិត​បំភ័យ​ ការ​អនុវត្ត​កិច្ច​សន្យា​មិន​សុចរិត​ ដែល​បង្កប់​ការ​កេង​ចំណេញ​ហួសហេតុ​ពីអ្នក​ខ្ចី​ប្រាក់ ​ប៉ះ​ពាល់​ជីវភាព​អ្នក​ខ្ចី ដែលធ្លាក់​ក្នុង​បំណុល​ច្រើន​លើស​លប់​។​

​លើស​ពី​នេះ​ ការ​យក​ការ​ប្រាក់​ខ្ពស់​ពី​កម្ចី​ក្រៅ​ផ្លូវ​ការ​យ៉ាង​ដូច្នេះ​ បាន​ជះ​ឥទ្ធិពល​ដល់​ស្ថិរ​ភាព​ហិរញ្ញវត្ថុ​ ជំនឿ​ទុក​ចិត្ត​របស់​សាធារណ​ជន​ បរិយា​បន្ន​ហិរញ្ញ​វត្ថុ​ និង​ការ​រីក​ចម្រើន​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ទាំង​មូល។ ​នេះ​បើ​តាមសេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​នោះ។​

សេចក្តីថ្លែង​ការណ៍​បាន​សរសេរថា៖ ​«ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​នឹង​ចាត់​វិធាន​ការ​តឹង​រ៉ឹង​តាម​ផ្លូវ​ច្បាប់ដល់​ការ​ផ្តល់​ឥណទាន​ខុស​ច្បាប់​ និង​ការ​ផ្សព្វផ្សាយ​នានា​តាម​គ្រប់​រូប​ភាព​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​គ្មាន​ការ​អនុញ្ញាត»។​

បន្ថែម​នឹង​សារ​ព្រមាន​ខាង​លើ​ ធនាគារ​ជាតិ ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ក្រើន​រំឭកពលរដ្ឋ​ឲ្យ​ចៀស​វាង​ការ​ខ្ចី​ប្រាក់ពី​អ្នក​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ក្រៅ​ផ្លូវ​ការ​ ​និង​ត្រូវ​ចូល​រួម​រាយ​ការណ៍​មក​អាជ្ញាធរ​ ពាក់​ព័ន្ធ​ ដើម្បី​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ផ្តល់​សេវា​ខុស​ច្បាប់​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ លោក ​ឆាយ គឹមខឿន​ បាន​នៅ​ឡើយទេ ​នៅ​ថ្ងៃ​សុក្រ​នេះ៕​

XS
SM
MD
LG