ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ ​ដែល​ជាប់​បំណុល​ចាក់​ស្រេះ


រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបើកម៉ូតូ កាត់ផ្លូវក្នុងភូមិមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងបើកម៉ូតូ កាត់ផ្លូវក្នុងភូមិមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។

ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១៦៧.០០០​នាក់​បាន​កំពុង​លក់​ដី ​ដើម្បី​សង​កម្ចី​ឥណទាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។​ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​វិស័យសិទ្ធិ​មនុស្ស​ចំនួន​ពីរ​នៅ​កម្ពុជា។​ អង្គការ​ទាំង​នោះ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ជាក់​លាក់​ដើម្បី​បើក​ផ្លូវ​ឱ្យ​កូនបំណុល​ដែល​ជា​ជនរងគ្រោះ​ទទួល​បាន​មកវិញ​នូវ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគេ។​

អង្គការ​សិទ្ធិ​មនុស្ស​ទាំងពីរ ​គឺ​អង្គការ​លីកាដូ​ និង​អង្គការ​សមធម៌​កម្ពុជា​ បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​១៤ ​ខែ​កញ្ញា​ថា​ ការ​សិក្សា​មួយ​ដែល​គាំទ្រ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ (BMZ) ​បាន​ផ្តល់​ភ័ស្តុតាង​បន្ថែម​ទៀត​នៃ​ការ​រីករាលដាល​បញ្ហា​ជំពាក់​បំណុល​ច្រើន​លើស​លប់​នៅ​កម្ពុជា​ ដែល​នាំ​ឱ្យ​មាន​ការ​លក់​ដី​ដោយ​បង្ខំ​ជាច្រើន​ករណី​ ពោល​គឺ​ក្នុង​កម្រិត​មួយ​ «ខ្ពស់​ខ្លាំង»​ និង​ «មិន​អាច​ទទួល​យក​បាន»។​

ការ​សិក្សា​នោះ​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​ ដូច​ជា​កម្រិត​ខ្ពស់​ខ្លាំង​នៃ​ទំហំ​កម្ចី​គិត​ជា​មធ្យម​គឺ​៥១៨៣​ដុល្លារ​ក្នុង​ចំណោម​គ្រួសារ​ដែល​ជាប់​ជំពាក់​បំណុលដែល​ភាគច្រើន​នៃ​អ្នក​ទាំង​នោះ​ គឺ​ជា​គ្រួសារ​ក្រ​ខ្សត់​ខ្លាំង​ ហើយ​ជិត​ពាក់​កណ្តាល​នៃ​គ្រួសារ​ដែល​ជាប់​ជំពាក់​បំណុល​ជួប​ការ​លំបាក​ក្នុង​ការ​បង់​សង។​ លើស​ពី​នេះ​«នៅ​ក្នុង​ករណី​ជាច្រើន»​ អ្នកខ្ចី​ប្រាក់​បាន​រង​គ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​មាន​ការ​បន្ថយ​ការ​បរិភោគ​អាហារ​ «ត្រូវ​បាន​ប្រើប្រាស់​ជា​ញឹក​ញាប់»​ ដើម្បី​ឆ្លើយ​តប​នឹង​បន្ទុក​បំណុល​ ហើយ​អ្នក​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជា​ក្រុម​ បាន​ឱ្យ​ដឹង​ដែរ​ថា​ ក្មេងៗ​ត្រូវ​ឈប់​រៀន​ដើម្បី​ធ្វើ​ការ​រក​ប្រាក់​សង​បំណុល​ ដែល​ស្រដៀង​ទៅ​នឹង​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែរ។​

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ និង​សន្តិភាព​ (INEF)​ មាន​ចំណង​ជើង​ថា​ «មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ ​ការ​អភិវឌ្ឍ​ បញ្ហា​ប្រឈម​ និង​អនុសាសន៍» ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បន្ថែម​ទៅលើ​ភ័ស្តុតាង​ដែល​មាន​ស្រាប់​អំពី​វិបត្តិ​ដែល​កំពុង​កើត​មាន​ជា​បន្តបន្ទាប់​ ដែល​មិន​អាច​ព្រងើយ​កន្តើយ​តទៅ​ទៀត។ ​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​ អង្គការ​មួយ​ផ្សេង​ទៀត ​គឺ​អង្គការ​ FIAN​ ព្រម​ទាំងអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​អង្គការ​សមធម៌​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​នៃ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ«គោរព​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ»​ និង​«ចាត់​វិធាន​ការ​ជាក់​លាក់​ និង​ជា​បន្ទាន់​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​មិនអាច​ប្រកែក​បាន»។​

សេចក្តី​ថ្លែង​ការណ៍នេះ​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖ ​«ជាថ្មី​ម្តង​ទៀត​ អង្គការ​លីកាដូ​ អង្គការ​សមធម៌​កម្ពុជា​ និង​អង្គ​ការ​ FIAN​ សូម​អំពាវនាវ​ឱ្យ​មាន​ការ​ប្រគល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​រាប់​សែន​ប្លង់​ដែល​បច្ចុប្បន្ន​កាន់​កាប់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ជូន​ទៅ​ម្ចាស់​កម្ម​សិទ្ធិ​ជាអ្នក​ខ្ចីប្រាក់​វិញ​ឱ្យ​បាន​ឆាប់។​ ការណ៍​នេះ​នឹង​ជួយ​កាត់​បន្ថយ​សម្ពាធ​របស់​គ្រួសារ​ពួកគាត់​ និង​កាត់​បន្ថយ​ការ​លក់​ដី​ដោយ​បង្ខំ»។ ​

ការ​សិក្សា​ចុង​ក្រោយ​អំពី​ស្ថានភាព​នៃ​ការ​ជំពាក់​បំណុល​នៅ​កម្ពុជា​នេះ​គឺ​ស្រដៀង​គ្នា​នឹង​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០១៧ ​ដែល​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ និង​សន្តិភាព ​(INEF)​បាន​កត់​សម្គាល់​អំពី​ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់​ ​និង​បាន​សន្និដ្ឋាន​ថា ​នៅ​ចន្លោះ​ពី​២៥​ភាគ​រយ ទៅ​៥០ភាគ​រយ​នៃ​ប្រជាជន​២,៨​លាន​គ្រួសារ​ ដែល​ជាប់​បំណុល​នៅ​កម្ពុជា​គឺ​«កំពុង​ជាប់​បំណុល​វ័ណ្ត​ក»។ ​

ផ្អែក​តាម​ការ​រក​ឃើញ​ទាំង​នេះ​ ការ​សិក្សា​របស់​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ និង​សន្តិភាព​ (INEF)​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន ​ដូច​ជា​ការ​លុប​ចោល​បំណុល​ទូទៅ​សម្រាប់​គ្រួសារ​ដែល​ក្រខ្សត់​ខ្លាំង​ បញ្ចប់​កិច្ច​សន្យា​ និង​ផ្តល់​សំណង​ដល់​គ្រួសារ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​ដោយ​កើត​ចេញ​ពី​កំហុស​ ឬ​ការ​ធ្វេស​ប្រហែស​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ព្រម​ទាំង​ការ​កម្រិត​ការ​ប្រើប្រាស់​ប្លង់​កម្ម​សិទិ្ធ​ដីធ្លី​ដាក់​ជា​ទ្រព្យ​ធានា​ជាដើម។ ​ការ​សិក្សា​នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​១០០​គ្រួសារ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​លក់​ដី​ដើម្បី​សង​បំណុល។ ​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ផ្តល់​អនុសាសន៍​តាម​រយៈ​ការ​សិក្សា​ចុង​ក្រោយ​គាំទ្រ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ (BMZ)​ មិនមែន​ជា​រឿង​ថ្មី​ទេ​ តែ​ជា​ការ​ជំរុញ​បន្ត​បន្ទាប់​មក​ឱ្យ​អ្នក​ផ្តល់​ប្រាក់​កម្ចី​គិតគូរ​ឡើង​វិញ​ពី​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​កូន​បំណុល​ដែល​គួរ​ទទួល​បានបណ្ណ​កម្មសិទ្ធិ​ដីធ្លី​ត្រឡប់​មក​វិញ​ចំពោះ​កម្ចី​ខ្នាត​តូច​ និង​មធ្យម។ ​

លោក​បន្ថែម​ថា៖ «ពីព្រោះ​នេះ​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​បាត់​បង់​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ពេល​ដែល​មិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​សង​ត្រឡប់ត្រូវ​មាន​ការ​ អាច​នឹង​មាន​ការ​ដាក់​សម្ពាធ​ ឬក៏​បង្ខិត​បង្ខំ​ឱ្យ​លក់​ដី​ហ្នឹង​ដើម្បី​សង​ បំណុល​ មិន​អនុវត្ត​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ស្តី​អំពី​សាជីវកម្ម​អន្តរជាតិ​នោះ​ទេ។ ​ហើយ​មួយ​ទៀត​ យើង​ឃើញ​ថា​ ការ​បង្ខំ​ឱ្យ​លក់​ដី​ក្រៅពីប្រព័ន្ធ​តុលាការ​ វា​ជា​រឿង​មួយ​ដែល​ខុស​ច្បាប់​ផងដែរ»។​

ប៉ុន្តែ​ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ជា​អ្នក​នាំពាក្យ ​លោក​ កាំង តុងងី​ ប្រាប់​វីអូអេ​តាម​សារ​តេឡេក្រាម​ថា ​អង្គការទាំង​ពីរ​ខាង​លើ​ ដែល​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​នោះ​ មិន​បាន​ច្បិច​យក​ចំណុច​វិជ្ជមាន​នៃ​សកម្មភាព​ផ្តល់​ប្រាក់​កម្ចីទេ​ តែ​បាន​បង្ហាញ​តែ​ចំណុច​អាក្រក់ៗ​ប៉ុណ្ណោះ ​ដែល​អាច​នាំ​ឱ្យ​សាធារណ​ជន​មានការ​ភាន់​ច្រឡំ។​

លោក​ថ្លែង​ថា៖​ «ជារួម​យើង​ចាត់​ទុក​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ទាំង​៣​នេះ​ មាន​ភាព​លម្អៀង​ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​កាន់​របាយ​ការណ៍​ទាំងមូល​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​គាត់​បាន​រក​ឃើញ​ហ្នឹង​ ដោយ​សារ​តែ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ទាំងបី​នេះ​ គឺ​មិន​បាន​ផ្តល់​ជា​រូបភាព​ធំ​ទេ។ គាត់​ផ្តោត​តែ​ផ្នែក​អវិជ្ជមាន​ ហើយ​យក​ផ្នែក​អវិជ្ជមាន​ហ្នឹង​មក​បំប៉ោង​បន្ថែម​ ដែល​ធ្វើ​ឱ្យ​យើង​មើល​ឃើញ​ការ​រក​ឃើញ​ថា ​របាយការណ៍​នោះ ​វា​ផ្ទុយ​ពី​រូបភាព​នៃ​របាយ​ការណ៍​ដើម​របស់​គេ​ហ្នឹង»។ ​

បើ​តាម​លោក ​កាំង តុងងី​ របាយការណ៍​នោះ​បាន​បង្ហាញ​នូវ​ចំណុច​វិជ្ជមាន​ជាច្រើន​ ដែល​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ជួយ​ដល់​ពលរដ្ឋ​ ដូច​ជា​ការ​បន្ថយ​នូវ​អត្រា​ការប្រាក់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ បើ​ធៀប​នឹង​កម្ចី​ក្រៅ​ផ្លូវការ​ ហើយ​របាយ​ការណ៍​ក៏​បាន​រក​ឃើញ​ពី​តម្លាភាព​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ។ ​លោក​ថា​ បច្ចុប្បន្ន​នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ប្រមាណ​ជា​២​លាន​នាក់​ជា​មួយ​ទំហំ​ប្រាក់​កម្ចី​ចំនួន​៨​ពាន់​លាន​ដុលា្លរ។​

ទោះ​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ពីសមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ក្តី ​អ្នកស្រី ​ណាលី ពីឡូក ​នាយិកា​ទទួល​បន្ទុក​កិច្ច​ការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី​១៤ ​ខែ​កញ្ញា ​តាម​ន័យ​ដើម​ថា៖​ «ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​គួរ​តែ​ប្រើ​ប្រាស់​ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់ ​ដែល​ជាប់​ជំពាក់​បំណុល​ច្រើន​លើស​លប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដើម្បី​ផ្តល់​ការ​អនុគ្រោះ​បំណុល​ និង​ផ្តល់​សំណង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គនាយិកា​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​អ្នកស្រី ​ជា សិរី ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG