ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសាងសង់​ហួស​ពី​តម្រូវការ​ក្នុង​ទីផ្សារ​នាំឱ្យ​វិស័យ​សំណង់​អាច​ប្រឈម​នឹង​វិបត្តិ​ប្រាក់កម្ចី


អគារកំពុងត្រូវបានសាងសង់លើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
អគារកំពុងត្រូវបានសាងសង់លើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

​វិស័យសំណង់ ​និង​អចលន​ទ្រព្យ​អាច​នឹង​ស្ថិត​ក្នុង​ស្ថាន​ការណ៍​មាន​វិបត្តិ​ប្រាក់​កម្ចី​ នៅ​ពេល​មាន​ការ​សាង​សង់​លើស​ពី​តម្រូវការ​ក្នុង​ទីផ្សារ​ ហើយ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ភាគ​ច្រើន​មាន​បំណុល​នៅ​ធនាគារ​ ដែល​ត្រូវ​ឲ្យ​មាន​ការបម្រុង​ទុកមធ្យោ​បាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ។ ​

វិស័យ​នេះគឺ​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បន្ថែម​លើ​វិស័យ​ផ្សេង​ទៀត​ ដូចជា​ កសិកម្ម​ ​ឧស្សាហ​កម្ម​កាត់ដេរ​ និង​ទេសចរណ៍​ជា​ដើម។​

រដ្ឋ​លេខាធិការ​ប្រចាំ​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក​វង្សី វិស្សុត​លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា​ ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​ហាក់​ដូច​ជា​មិន​ទទួល​បាន​ផល​ចំណេញ​ ក្រោម​ហេតុ​ផល​ថា​ ការ​សាង​សង់​មាន​ច្រើន​ តែ​ការ​ទិញ​ដូរ​មាន​តិច​ ដែល​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ប្រាក់​កម្ចី​ក្នុង​វិស័យ​នេះ​ ហើយ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​ចូល​រួម​ដោះ​ស្រាយ។​

លោក​ថ្លែ​ងថា៖​ «បញ្ហា​របស់​យើង​គឺ​បញ្ហា​អចលន​ទ្រព្យ​ និង​សំណង់​នេះ​អាច​មាន​credit crunch​ [ស្ថាន​ការណ៍​មិន​ស្រួល​នៃ​ឥណទាន​ ឬ​វិបត្តិ​ឥណទាន] ​ខ្វះ​ឥណទាន។​ ជា​ជម្រើស​ យើង​មិន​អាច​ឲ្យ​វិស័យ​នេះ​ដួល​ទេ​ ព្រោះ​ជា​ជន្ទល់​សេដ្ឋកិច្ច​មួយ​ធំ​ណាស់។​ សំណង់​មាន​ទំហំ​ចំណែក​ GDP ​[ផលិត​ផល​សរុប​ក្នុង​ស្រុក] ​គឺ​ប្រមាណ​១០​ភាគ​រយ​ មិន​អាច​រលំ​បាន​ទេ​ មិន​អាច​ទេ។​សព្វ​ថ្ងៃ​ កាត់​ដេរ​តម្លៃ​ភាគ​រយ​ជា ​value added ​[តម្លៃ​បន្ថែម​]​ ជា​ share​ of​ GDP​ [ជា​ចំណែក​ផលិត​ផល​សរុប​ក្នុង​ស្រុក]​ កាត់​ដេរ​១០​ភាគ​រយ​ សំណង់​១០​ភាគរយ​ ​ទេសចរណ៍​ប្រហែល​១០​ភាគ​រយ​ ​ស្រូវ​៧​ភាគ​រយ​ សុទ្ធតែ​ជន្ទល់​ធំ​របស់​យើង»។​

បើ​តាម​លោក​វង្សី វិស្សុត​ អ្នក​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​ នៅ​ពេល​បច្ចុប្បន្ន ពឹង​ផ្អែក​ខ្លាំង​លើ​ប្រាក់​កម្ចី​ ខណៈ​មាន​តែ​២០​ភាគ​រយ​ប៉ុណ្ណោះ​នៃ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះមាន​លទ្ធភាព​ឈរ​ជើង​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ផ្អែក​លើ​ឥណទាន​ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ធនាគារ។​

លោក​ថ្លែង​ថា៖​ «មាន​តែ​២០​ភាគរយ​នៃ​ក្រុមហ៊ុន​សាង​សង់​និង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ទេ​ដែល​មាន​កម្លាំង​រស់​ខ្លួន​ឯង​បាន​ ក្រៅ​ពី​ហ្នឹង​គឺ​ពឹង​លើ​ប្រព័ន្ធ​ធនាគារ​ច្រើន​ ហើយ​និង​ cash flow ​ដែល​បាន​ពីអ្នក​ទិញ។​ អាហ្នឹង​បញ្ហា​របស់​យើង​ [ត្រង់]​ហ្នឹង​ ដូច្នេះ​ដោះ​ស្រាយ ​នៅ​កន្លែង​ហ្នឹង​ត្រូវ​ដោះស្រាយ។ ​ខ្ញុំសុំ​និយាយ​ត្រង់​អ៊ីចឹង។​ យើង​ត្រូវ​ដោះ​ទាំង​អស់​គ្នា​ មិន​មែន​អ្នក​ណា​ម្នាក់​ទេ»។​

បើ​តាម​សេចក្តី​សង្ខេប​ស្តីពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ឆ្នាំ​២០២២-២០២៣​ ​នៅ​ឆ្នាំ​២០២៣​ សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​ នឹង​បន្ត​និន្នាការ​កើន​ឡើង​ក្នុង​រង្វង់​៥,៦​ភាគ​រយ​ ប៉ុន្តែ​សន្ទុះ​កំណើន​មាន​ការ​ថមថយជាង​ការ​រំពឹង​ទុក​បន្តិច។​ ក្នុង​នោះ​ វិស័យ​បម្រើ​ការ​នាំ​ចេញ ជាពិសេស​ វិស័យ​កាត់​ដេរ​ រំពឹង​ថា ​មាន​កំណើន​ថម​ថយ​ ប៉ុន្តែ​នៅ​អាច​រក្សា​បាន​កំណើន​វិជ្ជមាន​ក្នុង​រង្វង់​៥,៥​ភាគរយ​ ដោយសារ​ការ​រំពឹង​ទុក​ការ​ថមថយ​តម្រូវ​ខាង​ក្រៅ​ ជាពិសេស​ទីផ្សារ​អឺរ៉ុប។​

ដោយ​ឡែក​ វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​រំពឹង​ថា​ នឹង​បន្ត​កើន​ឡើង​ ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​ ក្នុង​រង្វង់​១,១​ភាគរយ​ និង​១,២​ភាគ​រយ ដោយ​សារ​ការ​រំពឹង​ទុក​នូវ​ការ​ងើប​ឡើង​វិញ​យឺត​នៃ​លំហូរ​វិនិយោគទុន​ពី​បរទេស​ ខណៈវិស័យ​នេះ​រំពឹង​ថា​ នឹង​បន្ត​ទ្រទ្រង់​ដោយ​ការ​វិនិយោគ​ និង​តម្រូវ​ការ​ក្នុង​ស្រុក​ (ផ្នែក​លំនៅដ្ឋាន)​ និង​និន្នាការ​សកម្ម​ភាព​សំណង់​បម្រើ​ឲ្យ​ឧស្សាហ​កម្ម​ និង​សេវា​កម្ម​ក្នុង​ស្រុក។​

អគារកំពុងត្រូវបានសាងសង់លើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
អគារកំពុងត្រូវបានសាងសង់លើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

ធនាគារ​ពិភពលោក​ក៏​បាន​វាយតម្លៃ​ថា ​ទស្សន​វិស័យ​សម្រាប់​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​នៅ​តែ​មិន​ច្បាស់​លាស់​ ទោះបី​ក្រោយ​ពីការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​លែង​មាន​តទៅ​ទៀត។ ​

របាយ​ការណ៍​ស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​លើក​ឡើងថា៖ ​«វា​ទំនង​ជា​នឹងមិន​អាច​ទៅ​រួច​ទេ​ ដែល​វិស័យ​សំណង់​នឹង​នៅ​ជា​ក្បាល​ម៉ាស៊ីន​ចម្បង​នៃ​កំណើន​សេដ្ឋកិច្ច​បន្ត​ទៀត​នៅពេល​អនាគត​ដ៏ខ្លី ​បើ​ទោះ​បី​ជា​បន្តមាន​ការ​ងើប​ឡើង​វិញ​នៃ​ឧស្សាហ​កម្ម​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ»។ ​

របាយ​ការណ៍​បង្ហាញ​ទៀត​ថា​ អស់​ជាច្រើន​មក​នេះ​ មុន​ពេល​វិបត្តិ​នៃ​ការ​កើត​មាន​ជំងឺ​ឆ្លង ​ ប្រទេស​កម្ពុជា​មាន​កំណើន​សំណង់​ និង​អចលន​ទ្រព្យ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ ដែល​បង្កើត​ឲ្យ​ការ​ផ្គត់​ផ្គង់​លើស​តម្រូវ​ការ។ ​របាយ​ការណ៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រុង​ព្រះ​សីហនុ​គឺ​ជា​តំបន់​ទីក្រុង​មួយ​ស្ថិត​ក្នុង​ចំណោម​តំបន់​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស​កម្ពុជាដែល​បាន​ឃើញ​ការ​រីក​លូត​លាស់​ខ្លាំង​ និង​ឆាប់​រហ័ស​បំផុត​នៅ​មុន​អំឡុង​ពេល​មាន​ការ​ឆ្លង​ជំងឺ​រាតត្បាត​ ជាមួយ​លំហូរ​នៃ​ការ​វិនិយោគ​របស់​ចិន​ ដោយ​មាន​ការ​រំពឹង​ថា​ នឹង​បាន​ផល​ចំណេញ​មក​វិញ​ពី​សកម្ម​ភាព​ទេសចរណ៍​គាំទ្រ​ដោយ​ឧស្សាហ​កម្ម​កាស៊ីណូ​ដែល​បាន​ដំណើរ​ការ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី។​

បើតាម​របាយ​ការណ៍​ដដែល​ ក្រុងនៅ​ជាប់​មាត់​សមុទ្រ​មួយ​នេះទទួល​បាន​ទឹក​ប្រាក់​ចំនួន​ប្រមាណ៥,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​គម្រោង​សាងសង់​ដែល​ត្រូវ​បាន​យល់​ព្រម​នៅ​ក្នុង​ឆ្នាំ​២០១៩ ​និង​ឆ្នាំ​២០២០។​

នៅ​ឯ​វេទិកា​សាធារណៈ​ស្តី​ពី៖ ​«ការ​គ្រប់​គ្រង​ម៉ាក្រូសេដ្ឋ​កិច្ច​ និង​ច្បាប់​ថវិកា​ឆ្នាំ​២០២៣» ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២៥​ ខែមករា​ រដ្ឋលេខាធិការ​ក្រសួង​ ​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​ លោក​វង្សី វិស្សុត​ក៏​បាន​លើក​ឡើង​អំពី​ស្ថានភាព​សាង​សង់នៅ​ខេត្ត​ព្រះ​សីហនុ​ ដែល​បាន​ធ្វើ​ឡើង​ច្រើន​លើស​ពី​តម្រូវ​ការ​ក្នុង​ទីផ្សារ​ផង​ដែរ។

លោក​ថ្លែង​ថា៖ ​«អារឿង​អគារ​ជាប់​គាំង​ក្រុង​ព្រះ​សីហនុ​នេះ​ ព្រោះ​ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​និយាយ​អម្បាញ់​មិញ​ពី​បញ្ហា​ទីផ្សារ​ reallocation of resource ​[ការ​បែង​ចែក​ធនធាន​ក្នុង​សង្គម]​ ​ នៅ​ក្នុង​សង្គម​ ការ​បែង​ចែក​ធនធាន​ក្នុង​សង្គម​ ក្នុង​សេដ្ឋកិច្ច​ហ្នឹង​ ទីផ្សារ​អាហ្នឹង ​ឃើញ​វា ​deficiency​ [អត់​ប្រសិទ្ធភាព] ទេ​ market [ទីផ្សារ] ​វា distortion ​[មាន​ការ​ខូចខាត]​ វិនិយោគ​ទៅ​ វា​អត់​មាន​ទីផ្សារ​ ចេះ​តែ​នាំ​គ្នា​វិនិយោគ​ ហើយ​វា​សល់​អ៊ីចឹង។ ​អាហ្នឹង​ហើយ​ដែល​ថា​ វិនិយោគ​ដោយ​អត់​មាន​ការ​ក្រប​ខណ្ឌ​ស្ថាប័ន​គ្រប់​គ្រង​ច្បាស់លាស់»។ ​

ជុំវិញបញ្ហា​ជាប់​គាំង​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ ​ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក​គី សេរីវឌ្ឍន៍​ យល់​ថា រដ្ឋា​ភិបាល​ត្រូវ​តែលើក​ទឹក​ចិត្តអ្នក​វិនិយោគ តាមរយៈ​ការ​ប្រើ​ប្រាស់​យន្តការលើក​លែង​ពន្ធ​តាម​ច្បាប់​វិនិយោគ​ថ្មី​ ដើម្បី​ទាក់​ទាញ​អ្នក​វិនិ​យោគ​ឲ្យ​ត្រឡប់​មក​កម្ពុជាវិញ ​និងត្រូវ​ចូល​រួម​ពិនិត្យ​មើល​លើ​កិច្ច​សន្យា​សាង​សង់អគារ​ទាំង​នោះ​ ថា​តើ​មាន​ការ​សម្រប​សម្រួល​រវាង​ភាគី​អ្នក​វិនិយោ​គបែប​ណា ឬអាច​ឈាន​ទៅ​បញ្ចប់​កុងត្រា​នោះ​បែប​ណា​ ​ដើម្បី​ឈាន​ទៅទាក់​ទាញ​អ្នក​វិនិយោគ​ជន​ជាតិ​ចិន​ថ្មី ​ឬប្រែ​ក្លាយ​តំបន់​នោះ​យ៉ាង​ណា​បន្ត​ទៀត។

ប៉ុន្តែ​លោក​ថា ​រដ្ឋា​ភិបាល​មិន​អាច​ចាប់​បង្ខំ​អ្នក​វិនិ​យោគ​ ឬ​រំលាយ​កិច្ច​សន្យា​សាង​សង​អគារ​បានទេ ​ប្រសិន​បើ​កិច្ច​សន្យា​ទាំង​នោះ​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​ទុក​ឲ្យ​អ្នក​វិនិយោគ​ដោះ​ស្រាយ​ជាមុន ​មុន​នឹងរដ្ឋា​ភិបាល​ប្រើ​ប្រាស់​ដំណោះ​ស្រាយ​ផ្សេង​ក្នុង​ការ​រៀបចំ​ឡើង​វិញ​នោះ។ ​

លោក​បញ្ជាក់ថា៖ ​«ឧទាហរណ៍​ថា​ យើង​អនុញ្ញាត​ឲ្យមាន​ការ​សាង​សង់ដោយ​មិន​យក​ពន្ធ​ ឬ​មិន​យក​ថ្លៃ​សាង​សង់​សុំ​ច្បាប់​ជាដើម។​ អាហ្នឹង​ជា​ឧទាហរណ៍​មួយ​ទេ ​ អ៊ីចឹង​មាន​យន្តការ​ច្រើន​មាន​ន័យថា​ អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​អាច​ទទួល​បានផល​ចំណេញ​ ឬ​អាច​ឲ្យ​អ្នក​វិនិយោគ​ហ្នឹង​ បើ​សិន​ជា​គាត់​សង់​ជា​សំណង់​សណ្ឋាគារ​ ទេសចរ​ណ៍​គឺអាច​មាន​ការ​លើក​លែង​ពន្ធ​តាម​ច្បាប់​វិនិយោគ​ថ្មី​ជា​ដើម​ អាហ្នឹង​នឹង​អាច​ជួយ​ឲ្យ​គាត់​អាច​វិនិយោគ​បាន»។​ ​

លោកបន្ថែម​ថា៖​ «ហើយ​ទី២ ​កំណត់​ទិស​ដៅ​ថា​ តើ​តំបន់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ហ្នឹង​តំបន់​ណា​សម្រាប់​វិ​និយោគ​លើ​វិស័យ​អ្វី។​ បើ​សិន​ជា​ធ្វើ​ឲ្យ​ទៅ​ជា​ផ្សារ​ ​ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​កម្សាន្ត​ ​ឬ​អីហ្នឹង​ ថា​តើ​រដ្ឋា​ភិ​បាល​ត្រូវ​លើក​លែង​ពន្ធ​ឲ្យ​គាត់​យ៉ាង​ម៉េច? ​ត្រូវ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​គាត់​បែប​ណា​នោះ​ អាហ្នឹង​ជា​កត្តា​ជំរុញ​ឲ្យពួក​គាត់​មក​វិនិយោគ»។

បើតាម​លោក​គី សេរីវឌ្ឍន៍ ប្រជា​ពល​រដ្ឋដែល​មានអគារ​ជួល​ក៏ត្រូវ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ ដោយ​ត្រូវ​បន្ថយ​ថ្លៃ​ជួលដើម្បី​អាច​ទាក់ទង​អ្នក​វិនិយោគ​ចិន​ដែល​ចាប់​ផ្តើម​ហោះ​ត្រង់​មក​ខេត្ត​ព្រះ​សីហនុ​ ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មី​នេះ។

លោក​បន្ថែម​ថា វិបត្តិ​នៃ​អគារ​ដែល​សាងសង់​មិនទាន់​រួចនេះ​នឹង​មិន​កើត​មាន​ក្នុង​ខេត្ត​ផ្សេង​ ឬ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទេ ​ព្រោះ​វិបត្តិ​មួយ​នេះ​កើត​ចេញ​ពី​អាជីវ​កម្ម​អនឡាញ​ និងសន្ទុះ​នៃ​ការ​កើន​ឡើង​យ៉ាងគំហុក​នៃ​ភ្ញៀវ​ចិន​កាល​ពី​កន្លង​ទៅ។ ​

លោកបន្ថែម​ថា៖ ​«វិស័យ​ឯក​ជន​អាច​ត្រូវ​ជជែក​គ្នា​ថា​ បើ​សាង​សង់​អគារ​ អ៊ីចឹង​ត្រូវ​តែ​ផ្តល់ហិរញ្ញ​ប្បទាន​ចំនួន​ប៉ុន្មាន​មុន​ជា ​minimum ​[ជា​កម្រិត​អប្បបរមា] ​ដើម្បី​ឲ្យការ​សាង​សង់​ធ្វើ​ឲ្យ​បាន​ស្ទើរ​តែ​ជិត​ចប់​ចុង​ចប់​ដើម។ អាហ្នឹង​បាន​នៅ​ពេល​វា​មាន​វិបត្តិ​គាំង​ទៀត ​យើងអាច​បង្ហើយ​វា​ខ្លួន​ឯង​បាន»។​

បើតាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយ​កម្ម​ និង​សំណង់​ គិត​ចាប់​តាង់​ពី​ឆ្នាំ​២០០០​ដល់​ដំណាច់​ឆ្នាំ​២០២២​ គម្រោង​សាងសង់​ដែល​ត្រូវ​បាន​អនុញ្ញាត​មាន​ចំនួន​ជាង​៦​ម៉ឺន​គម្រោង​ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៦៩.១៧៤.៨១២.៦៣៣​គឺជិត​៧ម៉ឺនលាន​ដុល្លារ៕

XS
SM
MD
LG