ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ថ្មី​នៅ​អូស្ត្រាលី​អនុញ្ញាត​ឱ្យ​និយោជិក​មិន​តប​នឹង​ការ​ទាក់ទង​ពី​និយោជក​នៅ​ក្រៅ​ម៉ោង​ធ្វើការ


មនុស្ស​ម្នាកំពុង​ដើរ​នៅទីក្រុងស៊ីដនី​កាលពីថ្ងៃទី​៦​កញ្ញា ឆ្នាំ២០១៧។
មនុស្ស​ម្នាកំពុង​ដើរ​នៅទីក្រុងស៊ីដនី​កាលពីថ្ងៃទី​៦​កញ្ញា ឆ្នាំ២០១៧។

អ្នកធ្វើការ​នៅក្នុង​ប្រទេស​អូស្ត្រាលី​រាប់​លាន​នាក់​ឥឡូវនេះ​អាច​លែង​មាន​អារម្មណ៍​តានតឹង​ក្នុងចិត្ត ដោយសារ​ច្បាប់​ថ្មី​មួយ​មិន​តម្រូវ​ឱ្យ​ពួកគេ​ទទួល​ទូរស័ព្ទ​និង​អាន​អ៊ីមែល​របស់​និយោជក​របស់​ខ្លួន​ក្រោយ​ម៉ោង​ធ្វើការ។ ច្បាប់​នេះ​បាន​អនុម័ត​កាលពី​ខែ​កុម្ភៈ​និង​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា​កន្លង​ទៅ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​កន្លែង​ការងារ​អូស្ត្រាលី​លោក Murray Watt បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ Queensland ថា វា​ជា «ការមិន​អាច​ទទួល​យកបាន» សម្រាប់​អ្នកធ្វើការ​ក្នុង​ការ «ទទួល​ការ​ហៅ​ទូរស័ព្ទ​ឬ​អាន​អ៊ីមែល​ជា​ប្រចាំ...នៅពេល​ដែល​ពួកគេ​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ដើម្បី​ធ្វើ​ដូច្នេះ​នោះ»។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា និយោជិក​អូស្ត្រាលី​ម្នាក់ៗ​បាន​ធ្វើការ​ដោយ​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ជា​មធ្យម​ចំនួន ៥ ម៉ោង ៤០ នាទី​ក្នុង​មួយ​សប្តាហ៍ ដែល​គិត​ជា​ប្រាក់​ឈ្នួល​សរុប​សម្រាប់​និយោជិក​ទាំងអស់​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

អ្នកស្រី Sally McManus ប្រធាន​ក្រុមប្រឹក្សា​សហជីព​ការងារ​អូស្ត្រាលី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា​ថា​ច្បាប់​ថ្មី​នេះ​គឺ​មាន​យុត្តិធម៌​ត្រឹមត្រូវ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «និយោជិក​អូស្ត្រាលី​ឥឡូវ​នេះ​មាន​សិទ្ធិ​មិន​ទាក់ទង​ដែល​នេះ​គឺ​ពិតជា​អស្ចារ្យ។ និយោជក​មួយ​ចំនួន​បាន​ធ្វើហួស​ព្រំដែន​កំណត់​ទាំង​នោះ​ដោយ​រំពឹង​ថា​និយោជិក​របស់​ពួកគេ​នៅ​បន្ត​ឆ្លើយតប​អ៊ីមែល​និង​ទូរស័ព្ទ​របស់​ខ្លួន»។

ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​នានា​បាន​ទទូច​ថា​ច្បាប់​ស្ដីពី «សិទ្ធិ​មិន​ទាក់ទង» នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតភាព ហើយ​ពួកគេ​ត្អូញត្អែរ​អំពី​ការិយាធិបតេយ្យ​ដែល​កាន់តែ​ខ្លាំង​ឡើង។

និយោជក​ណា​ដែល​គេ​រកឃើញ​ថា​ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​នេះ​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ។

ទោះជា​យ៉ាងណា​ក៏ដោយ ការ​បដិសេធ​ណា​មួយ​របស់​និយោជិក​ក្នុងការ​មិន​ឆ្លើយតប​ទៅនឹង​ការ​ទាក់ទង​ពី​និយោជក​របស់​ខ្លួន​នៅ​ក្រោយ​ម៉ោង​ធ្វើការ​ត្រូវតែ​ចាត់ទុក​ថា​ជា «រឿង​សម​ហេតុផល» ក៏ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថាតើ​វា​ចង់​មាន​ន័យ​យ៉ាង​ដូចម្តេច។

លោក Brent Ferguson នៃ​សមាគម​ឧស្សាហកម្ម​អូស្ត្រាលី (Australian Industry Group) បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​វា​ជា​ស្ថានភាព​លំបាក​មួយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​សម​ហេតុផល​ឬ​មិន​សម​ហេតុផល​នោះ​គឺ​អាស្រ័យ​លើ​កាលៈទេសៈ​នីមួយៗ ហើយ​ភាព​ស្រពិចស្រពិល​នោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​លំបាក​ដែល​វិស័យ​នេះ​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​នៅ​ពេលនេះ»។

ច្បាប់​នេះ​គ្របដណ្តប់​តែ​ក្រុមហ៊ុន​ណា​ដែល​មាន​បុគ្គលិក​ជាង ១៥ នាក់​ឡើង​ទៅ​តែ​ប៉ុណ្ណោះ។ សម្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​តូច​ជាង​នេះ​នឹង​មាន​សិទ្ធិ​មិន​ទទួល​ទូរស័ព្ទ​និង​អាន​អ៊ីមែល​របស់​និយោជក​របស់​ខ្លួន​បាន​នៅក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា វិបត្តិ​ជំងឺ​កូវីដ១៩ និង​ការ​ធ្វើការ​ពី​ផ្ទះ​បាន​ធ្វើ​ឱ្យ​មាន​ភាព​មិន​ស្រពិចស្រពិល​រវាង​ការងារ​និង​ជីវិត​ឯកជន​របស់​អ្នក​ធ្វើការ។

ពួកគេ​ជឿ​ថា «ច្បាប់​មិន​ទាក់ទង [ក្រៅ​ម៉ោង​ធ្វើការ]» របស់​ប្រទេស​អូស្ត្រាលី​នេះ​គឺជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើងវិញ​នៃ​ថ្ងៃ​ធ្វើការ​និង​ការពារ​ពេលវេលា​ឯកជន​របស់​និយោជិក​រាប់​លាន​នាក់៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG