ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​អាមេរិក​ថា អាមេរិក​និង​អូស្ត្រាលី​គិត​ចង់​ផលិត​មីស៊ីល​លឿន​ជាង​សំឡេង​រួមគ្នា


រូបឯកសារ៖ សមាជិក​​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul ថ្លែង​នៅ​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​១៦ មេសា ឆ្នាំ២០២៤។
រូបឯកសារ៖ សមាជិក​​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul ថ្លែង​នៅ​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃទី​១៦ មេសា ឆ្នាំ២០២៤។

សមាជិករដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul បាន​និយាយ​នៅក្នុង​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ​ថា ការ​ផលិត​រួមគ្នា​របស់​ប្រទេស​អូស្ត្រាលី​និង​សហរដ្ឋ​អាមេរិក​នូវ​មីស៊ីល​លឿន​ជាង​សំឡេង​អាច​កាត់បន្ថយ​សម្ពាធ​លើ​មូលដ្ឋាន​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​និង​បង្កើន​ការ​កម្លា​រារាំង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅក្នុង​បទសម្ភាសន៍​មួយ លោក McCaul ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក បាន​និយាយ​ថា ការ​ផលិត​អាវុធ​ទំនើប​របស់​អូស្ត្រាលី​បាន​ផ្តល់​ជា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ការ​សម្រួល​អាជ្ញាបណ្ណ​នៃ​បច្ចេកវិទ្យា​ការពារជាតិ​ដ៏​រសើប​របស់​សហរដ្ឋ​អាមេរិក​និង​ការ​លើកលែង​អាជ្ញាបណ្ណ​លើ​ទំនិញ ៧០% នៃ​ការ​នាំចេញ​ផ្នែក​ការពារជាតិ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ចាប់ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា​ទៅ​នឹង​ជួយ​អាមេរិក​ប្រជែង​ជាមួយ​នឹង​ចិន​ក្នុងការ​អភិវឌ្ឍ​អាវុធ​ទំនើប។

មីស៊ីល​លឿន​ជាង​សំឡេង​ដែល​ធ្វើដំណើរ​ក្នុង​បរិយាកាស​ខាងលើ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង​ត្រូវបាន​សាកល្បង​ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២១។ ការ​សាកល្បង​នេះ​បាន​ជំរុញ​ឱ្យមាន​ការ​ប្រណាំងប្រជែង​បច្ចេកវិទ្យា​ជាមួយ​សហរដ្ឋ​អាមេរិក។ ការ​ប្រើប្រាស់​មីស៊ីល​ប្រភេទ​នេះ​ដោយ​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​បាន​បង្ក​ក្តី​បារម្ភ​ក្នុង​ចំណោម​សមាជិក​អង្គការ​អូតង់ (NATO)។

លោក McCaul បាន​និយាយ​ថា មីស៊ីល​លឿន​ជាង​សំឡេង​របស់​ចិន «អាច​វាយប្រហារ​អូស្ត្រាលី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​អូស្ត្រាលី​មិន​អាច​បញ្ឈប់​វា​នៅ​ពេលនេះ​បានទេ។ ដូច្នេះ​យើង​ត្រូវ​តាម​វា​ឱ្យ​ទាន់ »។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ស្ថិត​នៅ​ក្រុមហ៊ុន​មួយ​ដែល​ផលិត​មីស៊ីល​លឿន​ជាង​សំឡេង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​យើង​ចង់​ឈាន​ទៅ​រក​ការ​ផលិត​រួម​គ្នា»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG