គណបក្សភ្លើងទៀនបានថ្កោលទោស និងចាត់ទុកការចាប់ខ្លួនសមាជិករបស់គណបក្សកាលពីសប្តាហ៍មុន ជាការ«គំរាមកំហែងថ្មីមួយទៀត» ខណៈការបោះឆ្នោតថ្នាក់ជាតិ២០២៣ ខិតជិតមកដល់។
ការថ្កោលទោសនេះធ្វើឡើងក្រោយតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ចេញដីការបង្គាប់ឱ្យចាប់ខ្លួនសកម្មជន៣នាក់ ហើយពួកគេត្រូវបានឃាត់ខ្លួន ក្រោមបទចោទ«ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» កាលពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។ នេះបើតាមដីការបស់តុលាការ ចុះនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃពួកគេត្រូវបានចាប់ខ្លួន។
គេមិនទាន់ដឹងនៅឡើយទេថាហេតុអ្វីតុលាការទើបចេញដីកាចាប់ខ្លួនពួកគេនៅពេលនេះ ហើយសាលក្រមត្រូវប្រកាសកាលពីថ្ងៃទី២៤ ខែមីនា នៅថ្ងៃដែលពួកគេត្រូវបានចាប់ខ្លួន។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមាន លោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ចាម លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនគណបក្សថ្នាក់ជាតិ និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តស្វាយរៀង និងអ្នកស្រី នូ សុទ្ធារី អនុប្រធានចលនាស្ត្រីរបស់គណបក្សថ្នាក់ជាតិ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងសកម្មជនគណបក្សភ្លើងទៀន ទាំងបីរូបខាងលើ ឱ្យមានសេរីភាពឡើងវិញ ដើម្បីពួកគាត់បានចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាការចាប់ខ្លួននេះធ្វើឱ្យប៉ះពាល់ស្មារតីរបស់សកម្មជនផ្សេងទៀតដែលកំពុងបំពេញការងារសម្រាប់គណបក្សប្រឆាំង។
លោកថ្លែងថា៖ «ចេះតែមានការព្រួយហើយពីព្រោះអីសកម្មភាពនយោបាយរបស់គណបក្សភ្លើងទៀន វាចេះតែកើតមានសន្ទុះកើនឡើង។ អ៊ីចឹងខ្ញុំគិតថាតិចឬច្រើន ការរំខានផ្នែកស្មារតីទៅដល់ថ្នាក់ដឹកនាំនិងសកម្មជនរបស់គណបក្សភ្លើងទៀនប្រហែលជានឹងអាចកើតមានជាបន្តបន្ទាប់ ហើយយើងកំពុងតែឃ្លាំមើលស្ថានការណ៍នេះ»។
អ្នកស្រី ថាច់ ចន្ធូ ភរិយារបស់លោក ខឿន វីរ៉ាត់ ប្រាប់វីអូអេថាសមត្ថកិច្ចចាប់ខ្លួនស្វាមីរបស់អ្នកស្រី ពេលលោកកំពុងតែធ្វើរថយន្ត ហើយលោកមិនដឹងខ្លួនអ្វីឡើយ។ អ្នកស្រីថាការចាប់ខ្លួននេះធ្វើឡើងដោយអយុត្តិធម៌ និងមានភាពមិនប្រក្រតី ខណៈថាស្វាមីរបស់អ្នកស្រីមិនបានធ្វើអ្វីខុសឡើយ។
អ្នកស្រីថ្លែងថា៖ «ការចាប់ខ្លួនប្តីខ្ញុំ វាអយុត្តិធម៌លើប្តីខ្ញុំ អត់មានដីកាអីចេញ អត់មានទាំងស្អីឱ្យយើងដឹងមុនថាគេចាប់ឃុំខ្លួន ដល់ពេលចាប់ប្តីខ្ញុំហើយបានចេញដីកាថាពាក់ព័ន្ធជាមួយការក្លែងឯកសារគណបក្សបេះដូងជាតិ»។
បើតាមភរិយា លោក ខឿន វីរ៉ាត់ បានចូលរួមជាមួយគណបក្សភ្លើងទៀនតាំងពីគណបក្សមួយនេះទើបបើកដំណើរការឡើងវិញមកម្ល៉េះ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថាលោកកំពុងតែឃ្លាំមើលករណីនេះថាតើការកាត់ទោសប្រព្រឹត្តទៅដោយត្រឹមត្រូវ តាមនីតិវិធីច្បាប់ ឬយ៉ាងណា។ លោកបន្ថែមថាអាជ្ញាធរគួរតែបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការយល់ច្រឡំ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងខ្ញុំជឿជាក់ថាទាល់តែស្ថានភាពនយោបាយល្អប្រសើរទើបស្ថានភាពនៃការរំលោភបំពានទៅលើអ្នកនយោបាយក៏ធូរស្រាលទៅវិញដែរ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថាការចាប់ខ្លួននេះធ្វើឡើងដោយមានមូលដ្ឋានច្បាប់ច្បាស់លាស់ នៅក្នុងកាត់ទោសលោក សៀម ភ្លុក និងអ្នកពាក់ព័ន្ធចំនួន១២នាក់ផ្សេងទៀត។
លោកថ្លែងថា៖ «ប្រសិនបើគាត់ថាគាត់មិនបានក្លែងមិនបានអីចឹងទេ ឱ្យគាត់រកភស្តុតាង ទឡ្ហីករណ៍ មូលដ្ឋានផ្លូវច្បាប់ឱ្យបានរឹងមាំនៅក្នុងការដាក់បន្ទុក។ ឥឡូវសាលក្រមសាលាដំបូងគេចេញហើយ អ៊ីចឹងគាត់ត្រូវតែធ្វើការការពារខ្លួនទៅប្តឹងឧទ្ធរណ៍ ហើយបង្ហាញភស្តុតាង ទឡ្ហីករណ៍ផ្លូវច្បាប់ឱ្យបានរឹងមាំ ដើម្បីដោះបន្ទុក តតាំងបទចោទ»។
បើតាមដីការបស់តុលាការ សកម្មជនទាំង៣នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល តាមមាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០២២ លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ទាក់ទងបទចោទបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំបង្កើតគណបក្សបេះដូងជាតិ៕