សាលាដំបូងខេត្តព្រៃវែងបានចោទប្រកាន់សកម្មជនគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងចំនួន៤នាក់ ពីបទ«ប្រើប្រាស់ឯកសារក្លែង» និង «សមគំនិតក្នុងអំពើក្លែងបន្លំ» ហើយបានឃុំខ្លួនពួកគេក្នុងពន្ធនាគារខេត្តព្រៃវែង។ មន្ត្រីគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងចាត់ទុកថា នេះជាការគាបសង្កត់សកម្មជននយោបាយនៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។
កាលពីថ្ងៃទី១១ ខែមេសា តុលាការខេត្តព្រៃវែង បានសម្រេចឃុំខ្លួនសកម្មជនគណបក្សប្រឆាំង ២នាក់ ហើយនៅថ្ងៃទី១៩ ខែមេសា តុលាការបានសម្រេចឃុំខ្លួនសកម្មជន ២នាក់ទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រៃវែង ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ អៀង ជា និងឈ្មោះ ហេង សំអឿន ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ពីបទ«ការក្លែងបន្លំ ការប្រើប្រាស់លិខិតក្លែង» និងបទ«សមគំនិតក្នុងអំពើក្លែងបន្លំ» ដែលដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឈឺ ឈាន។ តុលាការមិនបានបញ្ជាក់ឱ្យចំៗថាតើពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអ្វីឡើយ។
ចំណែកសកម្មជននយោបាយរបស់គណបក្សភ្លើងទៀន ២នាក់ទៀត ឈ្មោះ សេង វិសាល និងលោក ប៊ិន ចូង ត្រូវបានតុលាការចោទប្រកាន់ពីបទ«ការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងសមគំនិតក្នុងអំពើក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង» ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ដែលដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៉ង់ ហ៊ុន។ ដូចគ្នាផងដែរ តុលាការមិនបានបញ្ជាក់ឱ្យចំៗថា តើការចោទប្រកាន់នោះ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអ្វីឡើយ។
ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រៃវែង លោក ឌឹម យ៉ុន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាលោក អៀង ជា ជាជំទប់ទី២នៃឃុំកន្សោមអក ស្រុកកំពង់ត្របែក និងលោក ហេង សំអឿន ប្រធានប្រតិបត្តិស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយមិនមានដីកា រួចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ លោកបន្តថាអ្នកស្រី សេង វិសាល ជាហិរញ្ញិកគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែង និងលោក ប៊ិន ចូង ជាជំទប់ទី២នៃឃុំប្រាសាទ ស្រុកកំពង់ត្របែក ត្រូវបានតុលាការឃុំ នៅពេលដែលពួកគេចូលទៅបំភ្លឺ តាមការកោះរបស់តុលាការ កាលពីថ្ងៃទី១៩ ខែមេសា។
គេមិនទាន់ដឹងនៅឡើយទេថា មូលហេតុអ្វីបានជាឈ្មោះ ឈឺ ឈាន និងឈ្មោះ ប៉ង់ ហ៊ុន ប្តឹងសកម្មជនគណបក្សភ្លើងទៀនទាំង ៤នាក់នេះ និងថាតើហេតុអ្វីបានជាពួកគេទើបត្រូវបានតុលាការឃុំខ្លួននាពេលនេះ ខណៈនៅសល់តែប៉ុន្មានខែទៀត ការបោះឆ្នោតថ្នាក់ជាតិនឹងចូលមកដល់។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឈឺ ឈាន និងឈ្មោះ ប៉ង់ ហ៊ុន បាននៅឡើយទេ។
លោក ឌឹម យ៉ុន ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងថ្លែងថា តុលាការចោទប្រកាន់សកម្មជននយោបាយនោះ ទាក់ទងនឹងការដាក់បញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។ លោកចាត់ទុកថា នេះជាការគាបសង្កត់សកម្មជននយោបាយរបស់គណបក្សភ្លើងទៀន នៅមុនការបោះឆ្នោត។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងរៀបពេលដែលឃោសនាហ្នឹងហើយចាប់ផ្តើមសើរើសំណុំរឿងហ្នឹង ដើម្បីគាបសង្កត់គណបក្សនយោបាយ អំពីបញ្ហាការងារធ្វើសកម្មភាពនៅពេលរៀបចំការបោះឆ្នោតហ្នឹង។ អ៊ីចឹងថាខ្ញុំខកចិត្តអំពីបញ្ហា ការងារដែលតុលាការចោទប្រកាន់ ដោយមិនសមហេតុផលនេះ»។
លោកបន្ថែមថា៖ «ដោយសារបញ្ហាអ្នកទាំង២នាក់ ដូចអ្នកខាងក្រោយ គាត់ប្តេជ្ញាចិត្តខ្លួនគាត់ដូចក្នុងអាស៊ីសេរី ថាគាត់មិនបានក្លែងឯកសារ ទៅតាមការចោទប្រកាន់របស់អាជ្ញាធរទេ។ បើសិនអាជ្ញាធរចោទថាគាត់ក្លែងឯកសារ សូមទាមទារភស្តុតាងមក[តើ]ស្អីខ្លះដែលក្លែងហ្នឹង កុំចោទប្រកាន់តែក្លែងឯកសារ [ដោយ] គ្មានឱ្យគេឃើញ។ ចាប់គេអ៊ីចឹង [គឺ]វាអយុត្តិធម៌»។
លោកស្នើអាជ្ញាធរឱ្យដោះលែងសកម្មជនទាំង៤នាក់របស់ខ្លួនដោយគ្មានលក្ខខណ្ឌ ដើម្បីអាចធ្វើការឃោសនានយោបាយ និងឈានទៅប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ ដោយស្មើភាពគ្នា គឺ«អ្នកចាញ់ដោយអស់ចិត្ត អ្នកឈ្នះដោយថ្លៃថ្នូរ»។
លោក ចាន់ វណ្ណៈ អ្នកនាំពាក្យរបស់សាលាដំបូងខេត្តព្រៃវែង បានបដិសេធមិនអត្ថាធិប្បាយ ដោយឱ្យទៅមើលសេចក្តីប្រកាសព័ត៌មានរបស់តុលាការវិញ។
លោកថ្លែងថា៖ «ខ្ញុំអត់អាចឆ្លើយអ្វីលើសពីសេចក្តីប្រកាសព័ត៌មានបានទេ ព្រោះរឿងស្ថិតក្នុងដែនសមត្ថកិច្ចនៃការស៊ើបសួរ»។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យសកម្មជនគណបក្សភ្លើងទៀនទាំង៤នាក់ ប្រាប់វីអូអេយ៉ាងខ្លីថា ការចោទប្រកាន់សកម្មជនទាំងនោះ ពាក់ព័ន្ធនឹងអង្គហេតុនៃការដាក់បញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់វីអូអេថា ក្នុងករណីបុគ្គលណាម្នាក់រំលោភបំពាន ឬក្លែងឯកសារ គឺត្រូវតែប្រឈមមុខនឹងទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌ ឬច្បាប់រដ្ឋប្បវេណី ដែលមិនស្ថិតក្នុងច្បាប់បោះឆ្នោតនោះទេ។
លោកថ្លែងថា៖ «ពាក់ព័ន្ធជាមួយដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ រាល់ឯកសារនិងបញ្ញត្តិពាក់ព័ន្ធត្រូវបានដោះស្រាយ និងបញ្ចប់រួចរាល់ហើយដែរ។ ដោយឡែកករណីរំលោភ ឬបំពាន ឬក្លែងឯកសារនោះ គឺពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ផ្សេងទៀត ដែលមិនមែនជាច្បាប់បោះឆ្នោតនោះទេ»។
គួររំឭកផងដែរថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយគណបក្សភ្លើងទៀន៣នាក់ ក្រោមបទចោទ«ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» កាលពីឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ មុនពួកគេចូលរួមជាមួយគណបក្សភ្លើងទៀន។
ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣ អ្នកនយោបាយរបស់គណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដែលក្នុងនោះក៏មានលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនផងដែរ៕