ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ NASA បង្ហាញ​សំឡេង​ដំបូង​នៃ​កាំរស្មី​ឡាស៊ែរ​ដែល​បាញ់​លើ​ថ្ម​នៅ​ភព​អង្គារ


រូបថត​នេះ​ត្រូវបាន​​ផ្សព្វផ្សាយ​ដោយ​អង្គការ​ណាសា ដែល​ត្រូវ​បាន​ថត​ក្នុង​អំឡុងពេល​​ដែល​យានអវកាស Perseverance ដំណើរការ​លើ​ភពព្រះអង្គារ​ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
រូបថត​នេះ​ត្រូវបាន​​ផ្សព្វផ្សាយ​ដោយ​អង្គការ​ណាសា ដែល​ត្រូវ​បាន​ថត​ក្នុង​អំឡុងពេល​​ដែល​យានអវកាស Perseverance ដំណើរការ​លើ​ភពព្រះអង្គារ​ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ទីភ្នាក់ងារ​ជាតិ​អាកាសចរណ៍​វិទ្យា​និង​ដែន​អវកាស​របស់​សហរដ្ឋ​អាមេរិក (NASA) បាន​ផ្សព្វផ្សាយ​នូវ​សំឡេង​ខ្យល់​នៅ​លើ​ភព​អង្គារ​និង​សំឡេង​នៃ​កាំរស្មី​ឡាស៊ែរ​ដែល​បាញ់​ទៅ​លើ​ថ្ម​មួយ​ដុំ។ សំឡេង​ទាំង​នេះ​ត្រូវ​បាន​យាន Perseverance ចាប់​បាន​នៅ​ពេល​ដែល​យាន​នេះ​ប្រើ​ជា​លើក​ដំបូង​នូវ​ឧបករណ៍​វិទ្យាសាស្ត្រ​ទំនើប​របស់​ខ្លួន។

សំឡេង​ថត​បាន​ទាំង​នេះ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ NASA កាលពី​ថ្ងៃ​ពុធ​ទី ១០ ខែ​មីនា ត្រូវ​បាន​ថត​ដោយ​ឧបករណ៍ SuperCam របស់​យាន Perseverance។ ឧបករណ៍​នេះ​ត្រូវ​បាន​បង្កើត​រួម​គ្នា​ដោយ​មន្ទីរ​ពិសោធន៍​ជាតិ Los Alamos (ILANL) នៅ​ក្នុង​រដ្ឋ New Mexico និង​ទីភ្នាក់ងារ​អវកាស​បារាំង Centre National d’Etudes Spaciales (CNES)។

ឧបករណ៍​នេះ​ត្រូវ​បាន​ដំឡើង​នៅ​លើ​យាន Perseverance និង​មាន​ប្រដាប់​ចាប់​សំឡេង​ដែល​មាន​ទម្ងន់ ៥,៦ គីឡូក្រាម ដែល​អាច​ធ្វើ​ការ​វិភាគ​បាន ៥ បែប ដើម្បី​សិក្សា​អំពី​ភូគព្ភសាស្ត្រ​របស់​ភព​អង្គារ និង​ជួយ​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ការ​ជ្រើសរើស​ថ្ម​បែប​ណា​ដែល​យាន Perseverance គួរ​យក​ធ្វើ​ជា​សំណាកនៅ​ពេល​ដែល​យាន​នេះ​ស្វែងរក​សញ្ញា​នៃ​ជីវិត​អតិសុខុមប្រាណ​កាលពី​បុរាណ។

ឧបករណ៍​នេះ​បាន​បាញ់កាំ​រស្មី​ឡាស៊ែរ​ទៅ​លើ​ដុំ​ថ្ម​គោលដៅ​មួយ​ដុំ​នៅ​ចម្ងាយ​ប្រមាណ ៣ ម៉ែត្រ​ពី​ឧបករណ៍​នេះ ដែល​គេ​អាច​ឮ​សំឡេង​បាញ់​នេះ​បាន​តាម​រយៈ​សំឡេង​ដែល​បាន​ថត​ទុក។ អ្នក​វិទ្យាសាស្ត្រ​នឹង​អាច​សិក្សា​អំពី​កម្លាំង​សំឡេង​ផ្សេងៗ​គ្នា​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ទម្រង់​វត្ថុ​ដែល​ជា​គោលដៅ និង​ដើម្បី​ឲ្យ​ដឹង​ថា​តើ​វត្ថុ​ទាំង​នោះ​អាច​ជា​វត្ថុ​ល្អ​សម្រាប់​យក​មក​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​ឬ​ក៏​យ៉ាង​ណា​នោះ។

ការ​ថត​សំឡេង​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឧបករណ៍​ទាំង​អស់​មាន​ដំណើរ​ការ​ល្អ។

ចាប់​តាំងពី​យាន Perseverance ដែល​មាន​ទំហំ​ស្មើ​រថយន្ត​នេះ បាន​ចុះ​ចត​លើ​ភព​អង្គារ​កាលពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​មក យាន​នេះ​បាន​ពិនិត្យ​មើល​ប្រព័ន្ធ​និង​អនុ​ប្រព័ន្ធ​ទាំង​អស់​របស់​ខ្លួន។ ទិន្នន័យ​ដំបូងៗ​ដែល​បាន​មកពី​ការ​សាកល្បង​ឧបករណ៍ SuperCam ដែល​ក្នុង​នោះ​មាន​ទាំង​សំឡេង​ដែល​ថត​បាន​ពី​ភព​ក្រហម​នេះ​ផង​ដែរ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា​នឹង​រក​ឃើញ​សារធាតុ​មាន​ជីវិត​នៅ​ក្នុង​សំណាក​នៃ​កករ​បុរាណ។ យាន​ Perseverance ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ទាញ​យក​សំណាក​ទាំង​នេះ​ពី​ដុំ​ថ្ម​នៅ​លើ​ភព​អង្គារ​សម្រាប់​ធ្វើ​ការ​វិភាគ​នៅ​លើ​ភព​ផែនដី​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG