ក្រុមអ្នកជំនាញនិយាយថា ចិនកំពុងជិតជំនួសតំណែងសហរដ្ឋអាមេរិកជាប្រទេសឈានមុខគេនៅលើសាកលលោកនៅក្នុងផ្នែកផលិតនិងលក់ថាមពលអគ្គិសនីផលិតពីនុយក្លេអ៊ែរ ដែលជាមាគ៌ាមួយជំរុញឲ្យចិនក្លាយជាប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចនិងការទូតនាំមុខគេនៅលើពិភពលោក។
ការសិក្សានាពេលថ្មីៗចុះផ្សាយនៅក្នុងរបាយការណ៍ Strategic Studies Quarterly ដែលឧបត្ថម្ភដោយយោធាជើងអាកាសអាមេរិកបានរកឃើញថា ចាប់តាំងពីឆ្នាំ២០០០មក រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៩៦ ត្រូវបានភ្ជាប់ទៅនឹងបណ្តាញផ្គត់ផ្គង់អគ្គិសនីនៅប្រទេសចំនួន ១៣។ នៅក្នុងចំណោមរ៉េអាក់ទ័រទាំងនេះ រ៉េអាក់ទ័រចំនួន៤៥ត្រូវបានផលិតឡើងនៅប្រទេសចិន និង ១២នៅប្រទេសរុស្ស៊ី។
របាយការណ៍នេះក៏បានបង្ហាញថា រ៉េអាក់ទ័រចំនួន ៥៤ កំពុងត្រូវបានសាងសង់នៅបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក ដែលក្នុងនោះ រ៉េអាក់ទ័រចំនួន២០មានទំនាក់ទំនងជាមួយប្រទេសចិន ឬរុស្ស៊ី ហើយរ៉េអាក់ទ័រចំនួន ១២ ត្រូវបានរចនាឡើងដោយប្រទេសចិន។
ដោយត្រូវបានចាត់ទុកជាប្រភពថាមពលដ៏ស្មុគស្មាញជាងគេបំផុតមួយ ថាមពលនុយក្លេអ៊ែរកំពុងបាត់បង់ប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក ទោះបីជាតម្រូវការកំពុងតែកើនឡើងនៅបណ្តាប្រទេសដទៃទៀតក៏ដោយ ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងរីកចម្រើន ដែលមានសេដ្ឋកិច្ច និងតម្រូវការអគ្គិសនីកើនឡើងខ្លាំង។
ដោយចាត់ទុកជាប្រភពថាមពលដែលមិនបង្កការបំពុល និងបង្កការប៉ះពាល់ដល់បរិស្ថាន ថាមពលនុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន និងគម្រោងរបស់រដ្ឋាភិបាលចំពោះការមិនបញ្ចេញការបំពុលទៅក្នុងបរិស្ថាន។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានព្យាករណ៍នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុនថា សមត្ថភាពផលិតថាមពលនុយក្លេអ៊ែរនៅលើពិភពលោក នឹងកើនឡើងទ្វេដងនៅឆ្នាំ២០៥០។
យោងទៅតាមទិន្នន័យបញ្ចេញដោយសមាគមនុយក្លេអ៊ែរពិភពលោកនៅក្នុង «របាយការណ៍សមត្ថភាពនុយក្លេអ៊ែរពិភពលោកឆ្នាំ២០២០» ទោះបីជាសហរដ្ឋអាមេរិកមានចំនួនរ៉េអាក់ទ័រអាចដំណើរការបានច្រើនជាងគេបង្អស់ចំនួន៩៥ក៏ដោយ មានរោងចក្រផលិតថាមពលអគ្គិសនីថ្មីចំនួនតែពីរប៉ុណ្ណោះ កំពុងត្រូវបានសាងសង់ឡើង។ ផ្ទុយទៅវិញ ចិនមានរ៉េអាក់ទ័រដំណើរការចំនួនតែ ៤៨ ប៉ុន្តែរោងចក្រផលិតថាមពលអគ្គិសនីចំនួន ១១ថែមទៀត កំពុងត្រូវបានសាងសង់។
របាយការណ៍មួយទៀតដោយសមាគមថាមពលនុយក្លេអ៊ែរចិនកាលពីឆ្នាំមុន បាននិយាយថា ចិនបាននាំមុខគេនៅលើពិភពលោកក្នុងផ្នែកសាងសង់រ៉េអាក់ទ័រថ្មីនៅឆ្នាំ ២០១៨ និង២០១៩។
ការនាំចេញថាមពលអគ្គិសនី
ប្រទេសចិនដំបូងឡើយ បានដាក់ស្នើនូវយុទ្ធសាស្រ្តជាតិសម្រាប់ការនាំចេញថាមពលនុយក្លេអ៊ែរជាសាកលនៅឆ្នាំ ២០១៣។ យុទ្ធសាស្រ្ត «បញ្ចេញទៅក្រៅ» គឺជាផ្នែកដ៏សំខាន់មួយនៃគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ដែលជំរុញនូវកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស។ យុទ្ធសាស្រ្តនេះ ក៏ជាអាទិភាពចម្បងនៅក្រោមគម្រោង «ផលិតនៅប្រទេសចិនឆ្នាំ២០២៥» ដើម្បីពង្រឹងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់»។
របាយការណ៍មួយដោយសមាគមថាមពលនុយក្លេអ៊ែរចិនបានចែងថា ក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែរធំៗនៅប្រទេសចិន បានចូលរួមនៅក្នុងយុទ្ធសាស្រ្តខាងលើនេះ និងកំពុងស្វែងរកទីផ្សារក្រៅប្រទេសយ៉ាងសកម្ម។ យោងទៅតាមរបាយការណ៍ ប្រទេសចំនួន ២៨ គ្រោងនឹងអភិវឌ្ឍថាមពលនុយក្លេអ៊ែរស្របជាមួយនឹងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម។
សាជីវកម្មនុយក្លេអ៊ែរជាតិ ដែលជាក្រុមហ៊ុនវិស្វកម្មនិងប្រតិបត្តិការថាមពលនុយក្លេអ៊ែរធំជាងគេបង្អស់មួយរបស់ចិន បានចុះអនុស្សារណៈជាមួយនឹងបណ្តាប្រទេសជិត ២០ទៀត រួមបញ្ចូលទាំង អាហ្សង់ទីន អង់គ្លេស និងប៉ាគីស្ថាន។ អតីតនាយកសាជីវកម្មនេះ លោក Wang Shoujun បាននិយាយថា ចិននឹងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែររហូតដល់ទៅ ៣០ នៅក្រៅប្រទេសនៅទសវត្សរ៍បន្ទាប់។
បញ្ហាប្រឈមផ្នែកភូមិសាស្រ្តនយោបាយ
លោកបណ្ឌិត David Gattie អ្នកសរសេររបាយការណ៍សិក្សាក្រោមចំណងជើងថា «ថាមពលនុយក្លេអ៊ែរសហរដ្ឋអាមេរិកនៅសតវត្សរ៍ ២១៖ ភាពចាំបាច់ផ្នែកសន្តិសុខជាតិ» បាននិយាយថា ខណៈដែលប្រទេសកាន់តែច្រើនងាកទៅរកថាមពលនុយក្លេអ៊ែរ វិស័យថាមពលនេះ កំពុងតែកំណត់នូវសណ្ឋានទំនាក់ទំនងនយោបាយភូមិសាស្រ្ត និងឋានៈនៅក្នុងឆាកអន្តរជាតិ។
លោកបណ្ឌិត Gattie សាស្រ្តាចារ្យជំនួយនៅមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Georgia នៅសហរដ្ឋអាមេរិក បានប្រាប់ VOA ថា គម្រោងថាមពលនុយក្លេអ៊ែរមានវដ្តអាយុវែង ដែលអនុញ្ញាតឲ្យចិនបង្កើតនូវទំនាក់ទំនងជិតដិតជាមួយនឹងបណ្តាប្រទេសដែលទទួលបានជំនួយ ដែលនឹងអូសបន្លាយពេលរយៈពេលរាប់ទសវត្សរ៍។
លោកបានថ្លែងថា៖ «នៅពេលអ្នកចាប់ផ្តើមសាងសង់រោងចក្រផលិតអគ្គិសនី ការថែទាំ ការគ្រប់គ្រងលើកាកសំណល់នុយក្លេអ៊ែរនិងសូម្បីតែការរុះរើរោងចក្រនោះវិញ រោងចក្រទាំងនោះមានវដ្តជីវិតប្រមាណ ៦០ទៅ៨០ឆ្នាំ។ ដូច្នេះ នៅពេលចិនមានទំនាក់ទំនងភាពជាដៃគូជាមួយនឹងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើងទាំងនោះ នេះ គឺជាទំនាក់ទំនងអូសបន្លាយពេលរាប់ទសវត្សរ៍»។
លោកបណ្ឌិត Joshua Massey អតីតមន្រ្តីស៊ើបការណ៍សម្ងាត់របស់អាមេរិក និងជាសហនិពន្ធរបាយការណ៍ខាងលើអះអាងថា សន្តិសុខផ្នែកថាមពល គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រាល់ប្រទេសណាមួយ ហើយជាផ្នែកចម្បងមួយនៃដំណើរការរៀបចំគោលនយោបាយរបស់ប្រទេសនោះ។
លោក Massey បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «សមត្ថភាពនៅក្នុងការបើក និងបិទចរន្តអគ្គិសនី គឺមានប្រកបដោយឥទ្ធិពលខ្លាំង។ ដូច្នេះខណៈចិនអាចណែនាំពីអ្វីដែលបណ្តាប្រទេសផ្សេងៗគួរធ្វើ ចិនក៏មានអំណាចខ្លាំងនៅក្នុងដំណើរការនេះផងដែរ»។
សហរដ្ឋអាមេរិក មិនតែងតែតតាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ចិននោះទេ។
ក្រុមហ៊ុន Terra Power LLC ដែលជាក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែរក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Microsoft Corp ដែលមានលោក Bill Gates ជាសហស្ថាបនិក បានចុះកិច្ចព្រមព្រៀងជាមួយនឹងសាជីវកម្មនុយក្លេអ៊ែរជាតិរបស់រដ្ឋចិននៅឆ្នាំ ២០១៧ ដើម្បីសាងសង់អេរ៉ាក់ទ័រនុយក្លេអ៊ែរពិសោធន៍មួយនៅប្រទេសចិន។ ហើយប្រធានាធិបតីអាមេរិកកាលពីគ្រានោះគឺ លោក Barack Obama បានដាក់ស្នើនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងចិនដើម្បីឲ្យសភាពិនិត្យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដោយកិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងប៉េកាំងទិញនូវរ៉េអាក់ទ័រ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ទោះបីយ៉ាងណាក៏ដោយ គោលនយោបាយនៅអាណត្តិលោក Obama នេះ ត្រូវបានប្រែក្រឡាស់វិញក្រោមរដ្ឋបាលលោក Trump ហើយកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Terra Power និងចិន ត្រូវបានបោះបង់ចោលនៅឆ្នាំ ២០១៩៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា