ទីភ្នាក់ងារអវកាសរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រកាស កាលពីថ្ងៃអង្គារថា យានអវកាសដែលមិនមានមនុស្សបើករបស់ខ្លួនបានទៅដល់ភពព្រះអង្គារហើយ និងបានហោះចូលដោយជោគជ័យទៅក្នុងគន្លងតារា។
បេសកកម្មស្រាវជ្រាវរបស់យានអវកាសទៅកាន់ភពព្រះអង្គាររបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលហៅថា Amal ឬ Hope Probe នោះ បានប្រកាសពីការទៅដល់របស់យានអវកាសនេះនៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន។
សារនោះមានខ្លឹមសារថា៖ «ជោគជ័យហើយ។ ការទាក់ទងជាមួយយានអវកាសនៃបេសកកម្ម Hope Probe ត្រូវបានចាប់ផ្តើមឡើងវិញជាថ្មីហើយ។ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារនៅពេលនេះបានសម្រេចហើយ។
ការទៅដល់ភពព្រះអង្គារដោយជោគជ័យនៃបេសកកម្មយានអវកាសរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួមនៅពេលនេះ បានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសទី ៥ នៅលើពិភពលោក ដែលបានទៅដល់ភពព្រះអង្គារ និងជាប្រទេសទី ១ នៅក្នុងពិភពអារ៉ាប់ទាំងមូល។
មជ្ឈមណ្ឌលត្រួតពិនិត្យយានអវកាសរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងទីក្រុង Dubai បានសម្តែងការអបអរសាទរយ៉ាងខ្លាំងនូវដំណឹង ដែលយានអវកាសរបស់ខ្លួនបានទៅដល់គោលដៅ ដែលបានប្រើពេលប្រមាណ ៧ ខែ និងធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៤៨២ លានម៉ែត្រ។
យានអវកាសនេះបានចាប់ផ្តើមហោះក្រឡឹងជុំវិញភពព្រះអង្គារហើយ និងចាប់ផ្ដើមប្រមូលទិន្នន័យលម្អិតស្តីពីបរិយាកាសនៅភពព្រះអង្គារនោះ៕