ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ណាហ្គាវើលដ៍​មិន​ព្រម​ទទួល​ការ​ចរចា​ខណៈ​តំណាង​សហជីព​ជាប់​ឃុំ​


កូដករ​ជាស្ត្រីមួយ​រូប កាន់​បដា​អំពាវនាវ​ឱ្យមានការ​ដោះលែង​អ្នក​សហជីព​៨នាក់​ នៅឯ​សន្និសីទ​កាសែត​មួយ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​១០​ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​​
កូដករ​ជាស្ត្រីមួយ​រូប កាន់​បដា​អំពាវនាវ​ឱ្យមានការ​ដោះលែង​អ្នក​សហជីព​៨នាក់​ នៅឯ​សន្និសីទ​កាសែត​មួយ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​១០​ ខែមករា ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​​

កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(NagaWorld) បាន​ច្រាន​ចោល​ការ​កោះ​ហៅ​របស់​ក្រសួង​ការងារ​ឱ្យ​ជួប​ចរចា​ដោះ​ស្រាយ​វិវាទ​ការងារ​រ៉ាំរ៉ៃ​រយៈ​ពេល​ជិត​៩​ខែ​ដោយ​លើក​ហេតុ​ផល​ថា​ពួកគេ​គ្មាន​ថ្នាក់​ដឹកនាំ​សហជីព​ដែល​បាន​ទទួល​ការ​ទុក​ចិត្ត​ពី​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ឱ្យ​ធ្វើ​ជា​អ្នក​ចរចា​បញ្ចប់​វិវាទ។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​កម្មករ​និយោជិត​ស្រ្តី​ជិត​២០​នាក់​ដែល​មិន​សុខចិត្ត​នឹង​ការ​បញ្ឈប់​បុគ្គលិក​ទាំង​បង្ខំ​និង​បំណង​រំលាយ​សហជីព​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​បាន​ដាក់​ញតិ្ត​សុំ​ឱ្យ​មាន​ការ​សម្រួល​ដោះ​លែង​តំណាង​សហជីព​៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ជួប​ពិភាក្សា​ដោះស្រាយ​វិវាទ​ដែល​បាន​បង្ក​ឱ្យ​មាន​កូដកម្ម​អស់​រយៈ​ពេល​២២​ថ្ងៃ។​

ការ​មក​ដាក់​ញត្តិ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ពី​សប្តាហ៍​មុន​បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូលរួម​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ។

នៅ​មុខ​ទីស្តីការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ស្ថិត​នៅ​ជាប់​មហាវិថី​សហព័ន្ធ​រុស្ស៊ីកាលពី​ព្រឹក​ថ្ងៃ​ចន្ទ​តំណាង​កូដករ​មួយ​រូប​គឺ​អ្នក​ស្រី ​វ៉ាន់ រីណា​ ដែល​បម្រើ​ការងារ​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​ថា​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​ព្រម​ទទួល​យក​ការ​ពិភាក្សា​ណាមួយ​ទេ​ បើ​គ្មាន​វត្តមាន​ថ្នាក់​ដឹកនាំ​សហជីព​និង​សកម្មជន​សហជីព។​

អ្នកស្រី​ថ្លែង​ថា៖ «បើ​សិន​ជា​អត់​មាន​តំណាង​របស់​ពួក​ខ្ញុំ​ទេ​...ទាំង​៨​នាក់​ហ្នឹង​ទេ​...​ពួក​ខ្ញុំ​មិន​ចូលរួម​ធ្វើ​ការ​ពិភាក្សា​អី​ទាំង​អស់ព្រោះ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​បាន​បោះ​ឆ្នោត​ផ្ទេរ​សិទ្ធិ​ទៅ​ឱ្យ​ពួក​គាត់​ធ្វើ​ជា​តំណាង​ពួក​ខ្ញុំ»។​

តំណាង​កូដករ​អ្នកស្រី វ៉ាន់​ រីណា​ អានញ្ញតិ្ត​ក្នុង​សន្និសីទព័ត៌មាន​ រៀបចំ​នៅ​មុខ​ទីស្តីការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ​)
តំណាង​កូដករ​អ្នកស្រី វ៉ាន់​ រីណា​ អានញ្ញតិ្ត​ក្នុង​សន្និសីទព័ត៌មាន​ រៀបចំ​នៅ​មុខ​ទីស្តីការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ​)

អ្នកស្រី ​សុភ័ក្ត្រ ​មុលីកា ​ជា​កូដករ​ដែល​ចូលរួម​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ផង​ដែរ​នោះ​និយាយ​ថា​ក្រសួង​ការងារ​ធ្វើការ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ព្រោះ​ក្រសួង​មិន​ព្រម​ចេញ​លិខិត​អញ្ជើញ​ឱ្យ​មក​ទូទាត់​សំណង​ខូច​ខាត​ផ្សេងៗ​ដែល​ផ្តើម​ចេញ​ពី​ការ​បណ្តេញ​កម្មករ​និយោជិត​ឡើយ​នៅពេល​តំណាង​សហជីព​នៅ​ក្រៅ​ឃុំ។​

កូដករ​រូប​នេះ​ថ្លែង​ថា៖​ «មួយ​ទៀត​សុំ​បញ្ជាក់​ទៅ​ខាង​ក្រសួង​ដែរ​អ្វី​ដែល​ពួក​ខ្ញុំ​ចង់​បាន​គឺ​ត្រូវ​ការ​ឱ្យ​ក្រុមហ៊ុន​ចូល​តុ​ចរចា​ជាមួយ​តំណាង​របស់​ខ្ញុំ​ទាំង​៨​រូប​ដែល​ពួក​គាត់​[ត្រូវ]​បាន​ឃាត់​ខ្លួន​ទៅ។​អ៊ីចឹង​អ្វី​ដែល​ពួក​ខ្ញុំ​ចង់​បាន​ពេល​នេះ​គឺ​ត្រូវ​តែ​ដោះ​លែង​ពួក​គាត់​ឱ្យ​ចូល​តុ​ចរចា​ មិនមែន​គ្រាន់​តែ​គុណ​លុយ​ឱ្យ​ត្រូវ​ហើយ​ឱ្យ​ពួក​ខ្ញុំ​ទៅ​យក​លុយ​ដើរ​ចេញ​ចប់​ទេ»។​

កម្មករ​និយោជិត​និង​តំណាង​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កាល​ពី​ចុង​ខែ​មេសា​ឆ្នាំ​២០២១​ពោល​គឺ​នៅ​ពេល​កម្មករ​និយោជិត​ជាង​១.៣០០​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ហើយ​បុគ្គលិក​អះអាង​ថា​ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដូច​ជា​ប្រាក់​អតីត​ភាព​ការងារ។​

ក្រុមហ៊ុន​ត្រូវ​តំណាង​សហជីព​ចោទ​ថា​មាន​ចេតនា​បំបាត់​សំឡេង​តំណាង​បុគ្គលិក​ដោយសារ​ក្រុមហ៊ុន​មិន​ព្រម​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​តំណាង​សហជីព​និង​បុគ្គលិក​ចំនួន​៣៦៥​នាក់​នៅ​ក្រុមហ៊ុន​បាន​វិល​ត្រឡប់​មក​កន្លែង​ការងារ​វិញ។​

ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះតំណាង​កូដករ​ផ្សេង​ទៀត​បាន​លើក​ឡើង​ពី​ការ​រារាំង​របស់​ជន​ស៊ីវិល​មួយ​រូប​មិន​ឱ្យ​តំណាង​កូដករ​យក​ញត្តិ​ចូល​ទៅ​ក្នុង​ក្រសួង​ការងារ​ដែល​នាំ​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​រវាង​តំណាង​កូដករ​មួយ​រូប​និង​មន្ត្រី​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ធ្វើ​បាតុកម្ម​គឺ​លោក​អ៊ូ រតនា​ដែល​បាន​ប្រាប់​តំណាង​កូដករ​ថា​គ្មាន​ការ​រារាំង​ពី​បុគ្គល​ណា​មិន​ឱ្យ​ចូល​ទៅ​ក្នុង​បរិវេណ​ក្រសួង​ទេ។​

លោក ​អ៊ូ រតនា​ ជា​អគ្គ​លេខាធិការ​រង​នៃ​អគ្គ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​របស់​ក្រសួង​ការងារ​បាន​សួរ​តំណាង​កូដករ​ថា៖ ​«មាន​បំណង​ចូល​ទៅ​ជជែក​ពិភាក្សា​ក្នុង​ក្រសួង​ដែរ​ឬ​ទេ?»​តែ​តំណាង​កូដករ​បដិសេធ​ដាច់​អហង្ការ​មិន​ចូល​ទៅ​ក្នុង​ក្រសួង​ល្គឹក​ណា​មិន​មាន​វត្តមាន​តំណាង​របស់​ពួកគេ​ទាំង​៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​ពី​បទ​ញុះញង់។​

មន្ត្រីក្រសួងការ​ងារ​លោក ​អ៊ូ រតនា​ ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ធ្វើកូដកម្ម​ និង​បាតុកម្ម​ និយាយ​ជា​មួយ​កូដករ​អំឡុងពេល​នៃការ​ធ្វើ​សន្និសីទព័ត៌មានមួយ​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ​)
មន្ត្រីក្រសួងការ​ងារ​លោក ​អ៊ូ រតនា​ ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​ធ្វើកូដកម្ម​ និង​បាតុកម្ម​ និយាយ​ជា​មួយ​កូដករ​អំឡុងពេល​នៃការ​ធ្វើ​សន្និសីទព័ត៌មានមួយ​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែមករា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ​)

លោក ​អ៊ូ រតនា ​ប្រាប់​តំណាង​កូដករ​មួយ​រូប​ថា​ការ​ជួប​ជុំ​នៅ​មុខ​ក្រសួង​គួរ​បញ្ឈប់​ បើ​សិន​មិន​ចង់​មាន​ការ​ពិភាក្សា។​

លោក​និយាយ​ថា៖​ «ការ​ដោះស្រាយ​គឺ​ការ​អង្គុយ​នៅ​តុ​ទល់​មុខ​គ្នា​ មិន​មែន​ការ​នៅ​អ៊ីចឹង​ទេ។​ តែ​បើ​សិន​ជា​ប្អូន​អត់​ទេ​គឺ​សុំ​អូខេ​[មិន​អី​ទេ]​យើង​អាច​បញ្ចប់​បញ្ហា​ទៅ។ សុំ​យើង​បញ្ចប់»។​

កញ្ញា ​មៀច ស្រីអូន​ ដែល​ជា​តំណាង​កូដករ​និយាយ​តទល់​គ្នា​ជាមួយ​លោក​អ៊ូ រតនា​បាន​តប​ថា៖​«ខ្ញុំ​មាន​តំណាង​មាន​អាណាព្យាបាល​ត្រឹម​ត្រូវ​ក្នុង​ការ​ចូល​តុ​[ចរចា]។​ សួរ​ថា​បើ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ចាប់​តំណាង​ពួក​ខ្ញុំ​ទាំង​៨​រូប​យ៉ាង​អយុត្តិធម៌​ដាក់​គុក​ព្រៃ​ស​សួរ​ថា​តើ​យុត្តិធម៌​នៅ​ត្រង់​ណា​សម្រាប់​កូដករ​កម្មករ​ដែល​ទាម​ទារ​សិទ្ធិ​សេរីភាព​សម្រាប់​អាហារ​៣​ពេល​នេះ​ពូ?»​

កញ្ញា ​មៀច​ ស្រីអូន​ ជា​កូដករនិយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​
កញ្ញា ​មៀច​ ស្រីអូន​ ជា​កូដករនិយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​

ដោយ​ឡែក​អ្នកស្រី​ លឹម ដានី​ វ័យ​៣៧​ឆ្នាំ​កម្មករ​និយោជិត​មួយ​រូប​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​និង​ដែល​មាន​អតីត​ភាព​ការងារ​១៥​ឆ្នាំ​ប្រាប់​វីអូអេ​ថា​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​កម្មករ​និយោជិត​ដោយ​សារ​ក្រុមហ៊ុន​នេះ​មាន​បំណង​ចម្បង​មួយ​គឺ​រំលាយ​សហជីព​ចោល​តែ​ម្តង។​

អ្នកស្រី​ថ្លែង​ថា៖ «ចេតនា​ដ៏ធំ​គឺ​ចង់​រំលាយ​សហជីព​ហ្មង។​អត់មាន​វិបត្តិ​កូវីដអី​ទេ។​គាត់​យក​មក​...​ចេតនា​គាត់​យក​លេស​វិបត្តិ​កូវីដ។​ប៉ុន្តែ​យើង​មើល​ឱ្យ​ឃើញ​ទៅ​ក្រុមហ៊ុន​នៅ​តែ​ចំណេញ​រហូតហើយ​ណាហ្គា​មួយ​ណាហ្គាពីរ​ណាហ្គាបី​...​ណាហ្គា​បី​នេះ​កំពុង​តែ​សាងសង់​បុក​គ្រឹះ​ទាំង​យប់​ទាំង​ថ្ងៃ។​ អ៊ីចឹង​គ្រាន់​តែ​គាត់​ទទួល​ពួក​យើង​៣៦៥​នាក់​ចូល​ធ្វើ​ការ​វិញ​ហើយ​គឺ​ចប់​ហើយ»។​

គួរ​រំឭក​ផង​ដែរ​ថា​ អំឡុង​ពេល​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ណាហ្គាវើលដ៍​៣​សប្តាហ៍​មក​នេះ​មាន​ការ​ចាប់​ខ្លួន​កូដករ​និង​តំណាង​សហជីព​យ៉ាង​ហោច​ណាស់​២៩​នាក់​ហើយ​ពេល​បច្ចុប្បន្ន​នេះ​មាន​ថ្នាក់​ដឹកនាំ​និង​សកម្ម​ជន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​៨​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​រង់​ចាំ​ការ​កាត់​ទោស​បន្ទាប់​ពី​ពួក​គេ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ក្រុម​តំណាង​កូដករ​និង​បុគ្គលិក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ក្រសួង​ការងារ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ពួក​គាត់​មិន​បារម្ភ​នឹង​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​រាជធានី​ដែល​ជា​រឿយៗ​ចោទ​ថា​កូដកម្ម​ខុស​ច្បាប់។​ អ្នក​តវ៉ា​និយាយ​ថា​កូដកម្ម​នឹង​បន្ត​ធ្វើ​រាល់​ថ្ងៃ​បើ​សិន​ជា​គ្មាន​ដំណោះ​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ​និង​ការ​ដោះ​លែង​តំណាង​សហជីព។​

ក្នុង​ញត្តិ​ដែល​តំណាង​កូដករ​យក​ទៅ​ដាក់​នៅ​ក្រសួង​ការងារ​នោះ​ កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក៏​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​មួយ​រូប​ដែល​កម្មករ​និយោជិត​មិន​បញ្ចេញ​ឈ្មោះ​ តែ​ត្រូវ​គេ​ដឹង​ថា​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​នោះ​ឱ្យសុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ថ្លែង​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ថា​កូដកម្ម​របស់​កម្មករ​និយោជិត​នៅ​មុខ​កាស៊ីណូ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មាន​ចរិត​ជា​បដិវត្តន៍​ពណ៌​ ដោយសារ​មាន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ចូល​រួម។​

ញតិ្ត​របស់​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​«មន្ត្រី​សាធារណៈ​ណាមួយ​ដែល​ចោទ​ប្រកាន់​ដ៏​ក្លែង​ក្លាយ​ដោយ​គ្មាន​មូលដ្ឋាន​គួរ​តែ​ចេញ​មុខ​សុំ​ទោស​បងប្អូន​បុគ្គលិក​និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ចំពោះ​ការ​បញ្ចេញ​មតិ​មិន​ពិត​ដែល​មាន​លក្ខណៈ​បង្ខូច​កេរ្តិ៍​ដល់​បងប្អូន​បុគ្គលិក​ដែល​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​អហិង្សា​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ»។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទៅ​លើ​សំណួរ​ទាក់​ទិន​បញ្ហា​បដិវត្តន៍​ព៌ណ​ ប៉ុន្តែ​លោក​ថា​ដើម្បី​អាច​បញ្ចប់​វិវាទ​ដែល​កំពុង​កើត​ឡើង​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​នោះ​គឺ​មានតែ​ការ​អង្គុយ​ជជែក​គ្នា​ប៉ុណ្ណោះ​ព្រោះ​ករណី​វិវាទ​នេះ​ក្រសួង​បាន​ផ្សះ​ផ្សា​តាំង​ពី​ខែ​មិថុនា​ហើយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ក៏​បាន​បើក​សវនាការ​និង​ចេញ​សេចក្តី​បង្គាប់​រួច​ហើយ​ដែរ។​

បើ​តាម​លោក​ ហេង សួរ​ តាម​ច្បាប់​គឺ​ភាគី​ទាំង​ពីរ​អាច​ប្តឹង​ទៅ​តុលាការ​ការងារ​ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​តុលាការ​ការងារ​ដូច្នេះ​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​នីតិវិធី​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​ត្រូវ​មក​អង្គុយ​ជជែក​គ្នា​អំពី​ការ​គណនា​ប្រាក់​សំណង។​

លោក ​ហេង សួរ ​ផ្តល់​សេចក្តី​អធិប្បាយ​តាម​ន័យ​ដើម​ថា៖​ ​«ដូច្នេះ​មានតែ​អង្គុយ​ជាមួយ​គ្នា​ទើប​ដឹង​ច្បាស់។​ បើ​ក្រុមហ៊ុន​គណនា​ខ្វះ​គឺ​ត្រូវ​បង់​បន្ថែម​ឱ្យ​ទៅ​អតីត​បុគ្គលិក​ទាំង​នោះ។​ បើ​បង​ប្អូន​ម្នាក់ៗ​មិន​មក​ដោះ​ស្រាយ​ផ្ទាល់​ទេ​គឺ​មន្ត្រី​បច្ចេកទេស​របស់​យើង​មិន​អាច​ធានា​លើ​សុក្រឹតភាព​នៃ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ភាគី​និយោជក​តែ​ម្ខាង​នោះ​ឡើយ»។​

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ Hein Dames​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

កូដកម្ម​ដែល​បាន​ធ្វើ​ឡើង​ចំនួន​២២​ថ្ងៃ​មក​នេះ​មាន​ការ​ទាម​ទារ​៩​ចំណុច​សំខាន់ៗ​ក្នុង​នោះ​គឺ​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ឱ្យ​បាន​សមស្រប​តាម​ច្បាប់​ការងារការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​និង​ការ​លើក​កម្ពស់​ការ​គោរព​ច្បាប់​ការងារ។​

ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​សាខា​របស់​ក្រុមហ៊ុន ​NagaCorp​ និង​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ហុងកុង​មាន​ប្រតិបត្តិការ​កាស៊ីណូ​និង​សណ្ឋាគារ​នៅ​ពីរ​ទីតាំង​ធំៗ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​និង​ផ្តល់​ការងារ​ឱ្យ​កម្មករ​និយោជិត​ប្រមាណ​៨​ពាន់​នាក់។​ក្រុមហ៊ុន​ត្រូវ​កូដករ​មួយ​ចំនួន​ចោទ​ថា​មិន​សូវ​គោរព​សិទ្ធិ​ការងារ​ ហើយ​ជា​ញឹក​ញាប់​បង្ក​ទំនាស់​ជាមួយ​មន្ត្រី​សហជីព៕

XS
SM
MD
LG