ក្រុមអង្គការសង្គមស៊ីវិលជាង១០០ បានរួមគ្នាអំពាវនាវឲ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកចំនួន៩នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ ក្រោយការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ដើម្បីទាមទារការដោះស្រាយវិវាទការងារ។
ការចាប់ខ្លួនថ្នាក់ដឹកនាំ សមាជិក និងសកម្មជនសហជីព កើតមានឡើង បន្ទាប់ពីរដ្ឋបាលសាលារាជធានីភ្នំពេញចោទថា ការធ្វើកូដកម្មនៅមុខកាស៊ីណូ ណាហ្គាវើលដ៍ជាកូដកម្មខុសច្បាប់ បង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិលដែលក្នុងនោះ មានអង្គការសិទ្ធិមនុស្សលីកាដូ សហគមន៍ដីធ្លី និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បានបង្ហាញការខកចិត្តជាខ្លាំងចំពោះវិធានការរបស់ប៉ូលិសក្រុងភ្នំពេញ ដែលបានឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ប្រតិភូចរចា និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចំនួន៩នាក់ ទាំងយប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយបន្តចាប់ខ្លួនយ៉ាងហិង្សាមកលើអ្នកដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍លើកឡើងក្នុងន័យដើមថា៖ «យើងខ្ញុំសូមអំពាវនាវឱ្យមានការដោះលែងអ្នកដឹកនាំ និងសមាជិកសហជីព ដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ និងឥតលក្ខខណ្ឌ»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កូដកម្មដែលបានកើតឡើងនៅមុខកាស៊ីណូណាហ្គាវើលដ៍ទាំងពីរទីតាំងនោះ មានឫសគល់ចេញពីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលតោងឱ្យមានការដោះស្រាយទៅតាមច្បាប់ស្តីពីការងារ ហើយថា ការចាប់ខ្លួនអ្នកសហជីពនៅក្រុមហ៊ុននេះ បែរជាធ្វើឱ្យមានការប្រឈមមុខដាក់គ្នាខ្លាំងរវាងបុគ្គលិកក្រុមហ៊ុនណាហា្គវើលដ៍ និងអាជ្ញាធរទៅវិញ។
«ឥឡូវហ្នឹង វាក្លាយជាវិវាទ ឬក៏មានភាពតានតឹងប្រឈមមុខដាក់គ្នារវាងបុគ្គលិកណាហ្គាវើលដ៍ ដែលធ្វើកូដកម្ម និងសហជីពណាហ្គាវើលដ៍ហ្នឹង ជាមួយនឹងអាជ្ញាធរទៅវិញ។ អាចំណុចហ្នឹងដែលខ្ញុំយល់ថា បើសិនជាការដោះលែងអ្នកទាំងអស់ហ្នឹង ហើយវិលទៅរកការចរចាដោយសន្តិវិធី តាមនីតិវិធី ទៅតាមច្បាប់ការងារ ដើម្បីបញ្ចប់វិវាទការងាររវាងណាហ្គាវើលដ៍ជាមួយនឹងបុគ្គលិកណាហ្គាវើលដ៍ហ្នឹង អាហ្នឹង គឺជាដំណោះស្រាយល្អ»។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល ក្នុងចំណោមសមាជិកសហជីពចំនួន៩នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នោះ មានសមាជិកចំនួន៨នាក់ ដែលរួមមានអ្នកស្រី ឈឹម សុខន អ្នកនាង សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី រី សុវណ្ណឌី អ្នកស្រី រិន ផល្លា កញ្ញា អេង ស្រីបូ អ្នកស្រី ស៊ុន ស្រីមុំ និងអ្នកស្រី ឃ្លាំង សុបិន្ត ត្រូវបាននគរបាលព័ទ្ធចាប់ឃាត់ខ្លួននៅទីតាំងការិយាល័យសហជីព ហើយម្នាក់ទៀត ឈ្មោះកញ្ញា ទូច សិរីមាស ត្រូវបានឃាត់ខ្លួននៅពេលដែលកញ្ញាចាកចេញពីកន្លែងធ្វើកូដកម្មខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។
ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនខាងលើ មានថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន៦នាក់ រួមមានអ្នកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ហៃ សុភាព និងកញ្ញា ទូច សិរីមាស ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញលោក សេង ហៀង ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ថ្នាក់ដឹកនាំសហជីព៣នាក់ផ្សេងទៀត គឺកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោកសុខ គង្គា ក៏រងបទចោទប្រកាន់ដូចគ្នា។អ្នកទាំង៣ត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារ ចំណែក៦នាក់ផ្សេងទៀតដែលចាប់ខ្លួនមុន ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល។
ប្រសិនបើត្រូវបានតុលាការរកឃើញថា មានទោស សកម្មជនសហជីពទាំងនោះ អាចនឹងប្រឈមមុខជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ។
ដោយឡែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម.)បានថ្កោលទោសការបង្ក្រាបរបស់អាជ្ញាធរមកលើកូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានធ្វើឡើងស្របតាមច្បាប់ស្តីពីការងារ និងច្បាប់សហជីព។នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បានលើកឡើងក្នុងន័យដើមថា៖ «គ.ប.ម.ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការអនុវត្តយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដោះលែងកូដករទាំងអស់ និងបំពេញតួនាទី អព្យាក្រឹត សម្របសម្រួលដោះស្រាយវិវាទការងារនេះប្រកបដោយប្រសិទ្ធភាព»។
ប៉ុន្តែរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន យល់ថា កូដកម្មដែលផ្ទុះឡើងជាងពីរសប្តាហ៍នៅមុខកាស៊ីណូណាហ្គាវើលដ៍នោះ មិនមែនជាការសម្តែងមតិទេ តែជាទម្រង់នៃផែនការមួយដែលបានទទួលការឧបត្ថម្ភគាំទ្រពីក្រៅប្រទេសឱ្យបង្កចលាចលដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «បើយើងមើលតាមការបង្ហាញរបស់សមត្ថកិច្ច ពាក់ព័ន្ធ ភស្តុតាង ផែនការរៀបចំអីហ្នឹង វាមិនមែនជារឿងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ជួបជុំតវ៉ាដោយសន្តិវិធីទេ។ វាទៅ ជាការរៀបចំផែនការ ក្នុងចេតនាមួយបង្កភាពចលាចលដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ហើយហាក់ដូចជាមានការរៀបចំ អង្គការចាត់តាំងពីក្រៅប្រទេសមកទៀត តាមរយៈការឧបត្ថម្ភ ...ការអឺថវិកា រៀបចំផែនការ រៀបចំយុទ្ធសាស្ត្រអីឱ្យទៀត។ វាមិនមែនជារឿងការជួបជុំតវ៉ាដោយសន្តិវិធីពាក់ព័ន្ធលក្ខខណ្ឌការងារទេ»។
លោកបន្ថែមថា ជនជាប់ចោទគ្មានជម្រើសណាផ្សេង ក្រៅពីរកភស្តុតាងមកដោះបន្ទុក នៅមុខចៅក្រម ទៅតាមនីតិវិធីតែនោះទេ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ និយាយថាកូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជាជម្រើសចុងក្រោយក្នុងការទាមទារឱ្យភាគីក្រុមហ៊ុនចេញមកទូទាត់សំណងនានា ពាក់ព័ន្ធនឹងវិវាទការងារដែលបានអូសបន្លាយពេលមកជិត៩ខែហើយកូដកម្មមិនមែនជាចលនាតវ៉ាដែលចង់បង្កឱ្យមានល្អក់កករដល់សន្តិសុខសង្គមទេ។
លោកថ្លែងថា៖ «ទាក់ទងទៅនឹងការទាមទារចូលធ្វើការងារវិញ...បញ្ឈប់ថ្នាក់ដឹកនាំសហជីព ប្រតិភូសហជីពដែលមានការការពារពិសេស ហើយយើងមិនមើលនៅមូលដ្ឋានច្បាប់ ហើយនៅពេលដែលពួកគាត់ធ្វើការតវ៉ាទាមទារ យើងគិតថា ការធ្វើកូដកម្មរបស់គាត់ហ្នឹងខុសច្បាប់។គាត់ចោទពីបទញុះញង់។ញុះញង់ម៉េចកើត? អ្វីដែលខ្ញុំមើលឃើញ វាអត់មានការញុះញង់ ពីព្រោះអីការធ្វើកូដកម្មនេះ វាកើតចេញមកពីសិទ្ធិជាសមូហភាពនៅក្នុងការបោះឆ្នោតដោយសម្ងាត់ ហើយអាហ្នឹងគឺជាការងារផ្ទៃក្នុងដែលធានាដោយច្បាប់។អីចឹងពួកគាត់ដែលចេញធ្វើកូដកម្មហ្នឹង ពួកគាត់សុទ្ធតែបោះឆ្នោតស្ម័គ្រចិត្តនៅក្នុងការធ្វើកូដកម្មរបស់ពួកគាត់ទេតើ!»។
ក្រុមហ៊ុនណាហ្គាវើលដ៍ជាសាខារបស់ក្រុមហ៊ុន NagaCorp និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុង មានប្រតិបត្តិការកាស៊ីណូនិងសណ្ឋាគារនៅពីរទីតាំងធំៗនៅកណ្តាលទីក្រុងភ្នំពេញ។
កាលពីចុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវសហជីពនៅក្រុមហ៊ុននេះចោទប្រកាន់ថា បានកាត់បុគ្គលិកចេញពីការងារជាង១.៣០០នាក់ទាំងបង្ខំ ដោយមិនផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ក្នុងនោះ ក៏មានប្រាក់អតីតភាពការងារផងដែរ។ក្នុងចំណោមបុគ្គលិកជាង១.៣០០នាក់នោះ មានបុគ្គលិកចំនួនប្រមាណ២៧៩នាក់ ដែលជាថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍កំពុងទាមទារឲ្យបានចូលធ្វើការវិញ។
មុនការចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ អាយុ៣២ឆ្នាំ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានលើកឡើងក្នុងពេលធ្វើកូដកម្មកាលពីចុងខែធ្នូ ឆ្នាំ២០២១ថា ក្រុមហ៊ុននេះ មានចេតនាបំបាត់សហជីពនៅក្នុងក្រុមហ៊ុនព្រោះក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិតជាង ២៧០នាក់ដែលមិនព្រមទទួលយកការបណ្តេញចេញទាំងបង្ខំហើយដែលភាគច្រើនជាថ្នាក់សហជីព សមាជិក និងសកម្មជនរបស់សហជីព។
កញ្ញា ស៊ីថរ ប្រាប់កូដករនៅពេលនោះថា៖ «យើងបានផ្តល់ជម្រើសឱ្យក្រុមហ៊ុនទៀតប្រសិនបើគាត់ប្រកាស ថា គាត់នឹងទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ មិនខ្វះទេ បុគ្គលិកដែលស្ម័គ្រចិត្តឈប់ពីព្រោះអីព័ត៌មាននៅខាងក្នុងដែលយើងទទួលបាន មានបុគ្គលិកជាច្រើនដែលគាត់ចង់ឈប់។ គាត់ចង់ឱ្យក្រុមហ៊ុនកាត់គាត់ ហើយគាត់ចង់យកលុយកញ្ចប់ហ្នឹង ចេញទៅធ្វើការងារផ្សេង។ ប៉ុន្តែក្រុមហ៊ុនបដិសេធដាច់ខាតត្រូវតែបញ្ឈប់២៧៦នាក់នេះឱ្យបាន ដោយសារនៅក្នុងចំណោម២៧៦នាក់នេះ គឺមានថ្នាក់ដឹកនាំសហជីព សកម្មជន ប្រតិភូបុគ្គលិក និងសមាជិកសហជីពទាំងអស់។ កុំប្រកែកទៀត!កុំប្រកែកទៀតណាហ្គាវើលដ៍! អ្នកឯងរើសអើងសហជីព»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames ចំនួនប៉ុន្មានដងចុងក្រោយនេះ ទាំងតាមអ៊ីមែល និងទូរស័ព្ទតែលោកមិនឆ្លើយតប និងពេលខ្លះថា លោកមិនមានការអត្ថាធិប្បាយទេ។វីអូអេក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកបានដែរនៅថ្ងៃពុធនេះ។
ក្រុមអ្នកការពារសិទ្ធិមនុស្សនិងការងារ ដែលបានឃ្លាំមើលកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍នោះ បានឱ្យដឹងថា មានការឃាត់ខ្លួនកូដករដែលភាគច្រើនជាសមាជិក សកម្មជន និងថ្នាក់ដឹកនាំសហជីពយ៉ាងហោចណាស់២៦នាក់។
បើតាមអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហាមានកូដករចំនួន១៧នាក់ត្រូវបានដោះលែងមកវិញ ក្រោយទទួលបានការអប់រំ និងរកមិនឃើញថា អ្នកទាំងនោះបានប្រព្រឹត្តបទល្មើស។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖
«ព្រោះអ្នកផ្សេងទៀត ដែលយើងស្រាវជ្រាវ យើងមានភស្តុតាង ...មានភស្តុតាងច្បាស់លាស់ អ៊ីចឹងយើងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហើយឆ្លងឆ្នាំនេះ បញ្ជូនទៅ៦នាក់ ហើយម្សិលមិញ គឺយើងបានបញ្ជូន៣នាក់ដែលយើងអនុវត្តតាម...ឃាត់ខ្លួនតាមដីការបស់តុលាការ»។
បើទោះមានការចាប់ខ្លួន អ្នកចូលរួមកូដកម្ម និងមេដឹកនាំក៏ដូចជាសមាជិក និងសកម្មជនសហជីព កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជាង៧០០នាក់បានបន្តធ្វើកូដកម្មដដែលនៅថ្ងៃពុធនេះ តែត្រូវអាជ្ញាធរក្រុងភ្នំពេញរារាំងពួកគេមិនឱ្យដើរចូលមកដល់រដ្ឋសភាជាតិ ដែលស្ថិតនៅក្បែរកាស៊ីណូណាហ្គាវើលដ៍នោះទេ។ ពួកគេត្រូវបានអាជ្ញាធរបង្អាក់ដំណើរឱ្យឈរនៅមុខស្ថានទូតប្រទេសអូស្រា្តលី ដែលនៅកៀកក្រសួងការបរទេសកម្ពុជា។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក្រើនរំឭកកូដករឱ្យមានការប្រុងប្រយ័ត្ននឹងវិធានការច្បាប់បើសិនជាពួកគេនៅបន្តធ្វើកូដកម្ម ដែលត្រូវអាជ្ញាធរចាត់ទុកថា ជាចលនាខុសច្បាប់ និងមានចរិតបង្កឱ្យមានភាពវឹកវរក្នុងសង្គមជាតិ៕