នៅគ្រាដែលបុគ្គលិកណាហ្គាវើលដ៍ កំពុងបន្តការតវ៉ារបស់ខ្លួនអស់រយៈពេលជិត៣សប្តាហ៍មកហើយនេះ ក្រសួងការងារ បានអំពាវនាវឲ្យពួកគេមកពិនិត្យផ្ទៀងផ្ទាត់ប្រាក់បំណាច់ដើម្បីបញ្ចប់វិវាទការងារនេះ។ ប៉ុន្តែ បុគ្គលិករបស់ក្រុមហ៊ុនដែលចេញមុខតវ៉ារៀងរាល់ថ្ងៃ បានទាមទារឲ្យដោះលែងតំណាងសហជីពរបស់ពួកគេសិន មុននឹងឈានដល់ការដោះស្រាយអ្វីដែលពួកគេ បានទាមទារ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការងារបានចេញលិខិតមួយ ដោយអំពាវនាវឲ្យតំណាង ឬបុគ្គលិកណាហ្គាវើលដ៍ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ មកផ្ទៀងផ្ទាត់នូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដោយយោងទៅតាមមាត្រា១១៦ មាត្រា៧៥ មាត្រា៧៧ មាត្រា១៦៦ មាត្រា១៦៧ និងមាត្រា៨៩ថ្មីនៃច្បាប់ស្តីពីការងារ។
ក្រសួងបញ្ជាក់ថា កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នា អាចទទួលបានប្រាក់ឈ្នួលខែចុងក្រោយ ដែលមិនទាន់បើក ប្រាក់បំណាច់ទូទាត់ជួសជុលក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុន តាមច្បាប់កំណត់ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ប្រាក់រំឭកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ ដែលមិនទាន់ទូទាត់ជាដើម។
ក្រសួងការងារ បានអំពាវនាវឲ្យអតីតបុគ្គលិកមកពិនិត្យផ្ទៀងផ្ទាត់ដើម្បីបញ្ចប់វិវាទការងារ ដែលមានការចាប់ឃុំខ្លួនតំណាងសហជីព៨នាក់ ដែលរងការចោទប្រកាន់ពីបទញុះញង់។
អ្នកស្រី ណុប ទិត្យ បូរ៉ាវីអាយុ៣៩ឆ្នាំ ដែលធ្វើការឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណ១៣ឆ្នាំ និងត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ បានប្រាប់វីអូអេថា ការគិតគូរក្នុងការផ្តល់សំណងរបស់ក្រសួងការងារ គឺមិនទាន់អាចទទួលយកបានឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «និយាយទៅ គឺនៅតែមិនសមរម្យ ពីព្រោះដូចជាក់ស្តែងដូចខ្ញុំ ធ្វើការឲ្យក្រុមហ៊ុនឡើង១០ឆ្នាំជាង ហើយ សំណងដែលទូទាត់ឲ្យខ្ញុំ អត់ដល់៣ពាន់ដុល្លារផង»។
អ្នកស្រីក៏ទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនសិនដើម្បីអាចចរចារកដំណោះស្រាយបន្តទៀត។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់សំណូមពរដល់ក្រសួងការងារ ឬក៏ដូចខាងអាជ្ញាធររដ្ឋាភិបាល សូមឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះលែងថ្នាក់ដឹកនាំរបស់ខ្ញុំ។ និយាយទៅ គឺតំណាងរបស់ខ្ញុំទាំង៨រូប ដើម្បីចូលតុចរចា ដោះស្រាយវិវាទដោយសន្តិវិធី និងអហិង្សាតែហ្មង»។
កញ្ញា សួន ជីវ៉ា អាយុ៣១ឆ្នាំ ដែលបានធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមាណ១០ឆ្នាំ និងត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដែរនោះ បាននិយាយថា កញ្ញាមិនអាចទទួលយកដំណោះស្រាយរបស់ក្រសួងការងារឡើយ។
កញ្ញាបញ្ជាក់ថា៖ «ការមើលឃើញរបស់ខ្ញុំ មើលឃើញទៅលើការចេញសេចក្តីប្រកាសរបស់ក្រសួងកាលពីម្សិលមិញ ថ្ងៃទី៦ហ្នឹង គឺកុំឲ្យក្រសួងចេះតែចេញអ្វីផ្តេសផ្តាសទៀត ពីព្រោះអីពួកយើងអត់ពេញចិត្តហ្នឹងការចេញទាំងអស់ហ្នឹងទេ»។
កញ្ញាបន្តថា៖ «អាជ្ញាធរ និងក្រសួងពាក់ព័ន្ធទាំងអស់ហ្នឹង ជួយដោះស្រាយទៅលើតំណាងរបស់ពួកយើងទាំង៨រូប...។សូមឲ្យដោះស្រាយ ដោះលែងពួកគាត់ ដើម្បីមកចរចាជាមួយក្រុមហ៊ុន។ហើយស្នើសុំឲ្យក្រុមហ៊ុនហ្នឹង ត្រូវតែដោះស្រាយវិវាទហ្នឹង ឲ្យបានឆាប់ ឲ្យចូលតុចរចាជាមួយតំណាងសហជីពរបស់ពួកយើងទាំងអស់គ្នា...គឺសូមតែប៉ុណ្ណឹង ដើម្បីបញ្ចប់ការធ្វើកូដកម្មបន្តទៀត។ពួកយើងពិតជាមិនចង់ទៅធ្វើ[កូដកម្ម]រាល់ថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ស្អីទាំងអស់ហ្នឹងទេ គឺមិនស្រួលទេ ប៉ុន្តែដោយសារតែរងភាពអយុត្តិធម៌គ្រប់បែបយ៉ាង»។
ចំណែកកញ្ញា ជឹម រដ្ឋា អាយុ២៣ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនដោយធ្វើការនៅទីនោះ ប្រមាណ៥ឆ្នាំ និងមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ បានទាមទារថា ក្រុមហ៊ុនត្រូវតែដោះស្រាយវិវាទការងារនេះ ព្រមទាំងទទួលយកបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារដែលដោយមិនមានកំហុសទាំងអស់នោះ ឲ្យចូលធ្វើការវិញ និងបញ្ឈប់ការរើសអើងសហជីព។
កញ្ញាបញ្ជាក់ថា៖ «ចំពោះខ្ញុំជាដំបូង ចង់ឲ្យថៅកែនៃក្រុមហ៊ុនណាហ្គាវើលដ៍ដោះលែងតំណាង និងសកម្មជនទាំង៨រូបមកវិញបន្ទាប់មកចូលតុចរចាដោះស្រាយម្តងមួយចំណុចៗ»។
កញ្ញាបន្តថា៖ «ហើយយើងចង់រក្សាសហជីពរក្សាបុគ្គលិក ដែលពួកគាត់គ្មានកំហុសការងារ តែត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយល្មើសច្បាប់ ហើយគុណគូរសំណង អត់គ្រប់ទៀត។ រហូតមកដល់ពេលនេះ យើងនៅតែអត់មានដំណោះស្រាយមានតែការចេញលិខិតរបស់ក្រសួងការងារ កោះហៅជាបន្តបន្ទាប់ថា ឲ្យទៅដោះស្រាយចរចា ទាំងដែលពេលនេះ ពួកយើងអត់មានអ្នកតំណាងទេ»។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ប្រាប់វីអូអេនៅថ្ងៃសុក្រថា ក្នុងករណីនេះ វាបង្ហាញពីកម្សោយនៃយន្តការរបស់ក្រសួងការងារ ក្នុងការដោះស្រាយវិវាទការងារដែលត្រូវតែដោះស្រាយតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីអាចឲ្យភាគីទាំងសងខាងទទួលយកបាន។
លោកថ្លែងថា៖ «អ៊ីចឹងបើយើងពិបាក។ យើងគួររកនូវភាគីឯករាជ្យណាមួយទៅហើយភាគីទាំងសងខាងឯកភាពគ្នាទៅ ...ធ្វើកិច្ចព្រមព្រៀង... ណាហ្គាវើលដ៍ធ្វើកិច្ចព្រមព្រៀងទៅ ...សហជីពធ្វើកិច្ចព្រមព្រៀងទៅ ។ ពួកគាត់ជាតំណាងបុគ្គលិក តំណាងកម្មករហ្នឹង យកករណីហ្នឹងទៅដោះស្រាយនៅអាជ្ញាកណ្តាលមើល ដែលជាស្ថាបនមួយឯករាជ្យ ជាស្ថាបនមួយដែលគេទុកចិត្ត ហើយភាគីទាំងសងខាងឯកភាពគ្នាទៅ។ រាល់ការសម្រេចចេញសេចក្តីបង្គាប់ណាមួយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលភាគីទទួលយកទៅ ! ទទួលយកទាំងសងខាងទៅ!»
លោកបន្តថា៖ «រឿងដែលសំខាន់ថា តើចេតនានៃការបញ្ឈប់ហ្នឹង វាជាចេតនាក្នុងការរើសអើងសហជីពឬក៏ចេតនានៅក្នុងការលុបបំបាត់មិនឲ្យមានសហជីពនៅកន្លែងការងារ? អាហ្នឹងដែលយើងនិយាយបានថា វាជាការរើសអើង...ទម្រង់នៃការរើសអើងសហជីពធ្ងន់ធ្ងរនៅកន្លែងការងារហ្នឹង»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក Hein Dames ចំនួនប៉ុន្មានដងចុងក្រោយនេះ ទាំងតាមអ៊ីមែល និងទូរស័ព្ទ តែលោកមិនឆ្លើយតប និងពេលខ្លះ លោកបដិសេធមិនអត្ថាធិប្បាយ។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យក្រសួងការងារពិនិត្យថា តើការបញ្ឈប់បុគ្គលិកទាំងនោះ ឈរលើមូលដ្ឋានស្របច្បាប់ដែរឬយ៉ាងណា?និងថា តើមានការរើសអើងនិងដៅមុខសញ្ញាតំណាងសហជីពឬអត់។?នេះបើតាមសារនៅលើហ្វេសប៊ុករបស់អ្នកស្រីដែលបង្ហោះនៅថ្ងៃសុក្រនេះ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាករណីនេះបើយោងតាមច្បាប់ និងនីតិវិធីគឺមិនបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលវិញទេ ដោយសារក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបើកសវនាការ និងចេញសេចក្តីបង្គាប់រួចហើយ។លោកបន្ថែមថា ករណីនេះ ត្រូវប្តឹងទៅតុលាការការងារប៉ុន្តែដោយសារតែកម្ពុជាមិនទាន់មានតុលាការការងារដូច្នេះភាគីទាំងពីរត្រូវបន្តនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃសុក្រនេះ បុគ្គលិកណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មដដែល។
គួរបញ្ជាក់ថា កាលពីចុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវសហជីពនៅក្រុមហ៊ុននេះចោទប្រកាន់ថាបានកាត់បុគ្គលិកចេញពីការងារជាង១.៣០០នាក់ទាំងបង្ខំដោយមិនផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ក្នុងនោះ ក៏មានប្រាក់អតីតភាពការងារផងដែរ។ ក្នុងចំណោមបុគ្គលិកជាង១.៣០០នាក់នោះ មានបុគ្គលិកចំនួនប្រមាណ២៧៩នាក់ ដែលជាថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍កំពុងទាមទារឲ្យបានចូលធ្វើការវិញ៕