ភ្នំពេញ — ស្រ្តីមាឌតូចល្អិត អាយុ ៣៦ ឆ្នាំ ដែលតែងកាន់មេក្រូឈរស្រែកតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធិការងារ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរជាច្រើននាក់ព្រួតគ្នាចាប់ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី ៤ ខែមករា ឆ្នាំ២ ០២២ នៅខាងមុខស្ថានទូតអូស្ត្រាលី ជិតរដ្ឋសភាជាតិ។
ស៊ីថរ គឺជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ នាងត្រូវបានបញ្ជូនទៅតុលាការពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីនាងបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឲ្យក្រុមហ៊ុននេះទទួលយកបុគ្គលិកជាច្រើនរយនាក់ដែលត្រូវបានបណ្តេញចេញទាំងបង្ខំឲ្យចូលធ្វើការវិញនិងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក។
នេះមិនមែនជាលើកទី ១ ទេដែល ស៊ីថរ ត្រូវបានចាប់ខ្លួនដោយសារការទាមទារសិទ្ធិ និងអត្ថប្រយោជន៍ឲ្យបុគ្គលិក។ ជារឿយៗ នាងតែងត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ និងត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយសារការដឹកនាំធ្វើកូដកម្ម។ នៅមុនពេលមានការចាប់ខ្លួន ស៊ីថរ បានថតរូបដោយដៃមានកាន់ក្រដាសមួយសន្លឹកសរសេរថា៖ «ខ្ញុំជាប់គុក ដោយសារទាមទារឲ្យណាហ្គាគោរពសិទ្ធិសហជីព»។
នៅផ្ទះរបស់ម្តាយកញ្ញា ឈឹម ស៊ីថរ ដែលជាផ្ទះថ្មជាន់ទី ១ ទំហំ៣ម៉ែត្រ គុណ ៨ ម៉ែត្រ ក្នុងរាជធានីភ្នំពេញ គេឃើញម្តាយរបស់កញ្ញាកំពុងអង្គុយលើប៉ៅអ៊ីមួយ ជាមួយទឹកមុខស្ងួត និងស្ងប់ស្ងាត់។ ម្តាយស៊ីថរ ដែលមានអាយុ ៦៧ ឆ្នាំ ទើបបានដឹងដំណឹងនៃការចាប់ខ្លួនកូនស្រីនៅល្ងាចថ្ងៃទី ៤ ខែមករា។
ប្អូនប្រុសរបស់កញ្ញា ឈឹម ស៊ីថរ ឈ្មោះ ឈឹម ប្រុស ដែលមាន អាយុ ៣៤ ឆ្នាំ រៀបរាប់អំពីបងស្រីរបស់ខ្លួន ប្រាប់ VOA ខណៈម្តាយមិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានថា ស៊ីថរ គឺជាមនុស្សរៀនពូកែ និងចូលចិត្តជួយអ្នកដទៃ។ លោកថា ចាប់តាំងពីពេលដែលស៊ីថរ ចូលរួមសហជីព រហូតក្លាយជាប្រធានសហជីព ស៊ីថរ មិនសូវមានពេលវេលាសម្រាប់គ្រួសារនោះទេ។
កំពុងអង្គុយនៅផ្ទាល់លើការ៉ូក្នុងផ្ទះ ដោយលើកទឹកផឹកម្តងម្កាលផង លោក ឈឹម ប្រុស បន្ថែមថា ក្រុមគ្រួសាររបស់លោកមិនដែលគាំទ្រការងារសហជីពរបស់ ស៊ីថរ នោះទេ ដោយសារការងារនោះប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត និងប្រឈមនឹងការចាប់ខ្លួន។ ប៉ុន្តែ ស៊ីថរ តែងពន្យល់សមាជិកគ្រួសារអំពីការងារដែលកញ្ញាបាននិងកំពុងធ្វើ។
«គាត់ព្យាយាមពន្យល់យើងថា គាត់ធ្វើហ្នឹងវាជារឿងត្រឹមត្រូវ វាមិនមែនជារឿងខុសអីទេ។ គាត់ព្យាយាមពន្យល់យើងអ៊ីចឹង។ ការងារនៅក្នុងហ្នឹង មូលហេតុអីបានគាត់ធ្វើអ៊ីចឹង គាត់អាណិតបុគ្គលិកក្នុងហ្នឹង គាត់ស្រឡាញ់បុគ្គលិកក្នុងហ្នឹង។ ហើយបើតាមបើខ្ញុំគិត បើនិយាយពីសមត្ថភាពគាត់វិញភាសាគាត់ចេះច្រើន ហើយគាត់ខ្លាំងទៀត គាត់អាចមានឱកាសឡើងតំណែងខ្ពស់ជាងហ្នឹងទៀត តែដោយសារគាត់ធ្វើការក្នុងសហជីពហ្នឹងហើយក្រុមហ៊ុនអត់ធ្វើការឡើងតំណែង Promote [តំឡើងតំណែង] គាត់អីចឹង»។
ប្អូនប្រុសរបស់ស៊ីថរ លោក ឈឹម ប្រុស បានរៀបរាប់ទៀតថា ជាច្រើនឆ្នាំមកនេះ ស៊ីថរ មានត្រឹមតែម៉ូតូនិងទូរស័ព្ទដៃសេរ៊ីចាស់មួយគ្រឿងប៉ុណ្ណោះ។ ចំណែកផ្ទះដែលម្តាយកំពុងរស់នៅជាមួយប្អូនប្រុស ជាផ្ទះដែលទើបសង់ដោយកំពុងជំពាក់លុយធនាគារ បន្ទាប់ពីផ្ទះចាស់ត្រូវបានអគ្គិភ័យឆាបឆេះកាលពី ៣ ឆ្នាំមុន។
បើតាមប្អូនប្រុសរបស់ ស៊ីថរ កាលពីឆ្នាំ ២០១៩ ផ្ទះរបស់ ស៊ីថរដែលធ្លាប់រស់នៅតាំងពីវ័យក្មេងជាមួយបងប្អូន ត្រូវបានឆេះដោយអគ្គិភ័យដែលរាលដាលពីផ្ទះរបស់អ្នកជិតខាងបណ្តាលឲ្យអនុស្សាវរីយ៍ជាច្រើនដែលមានទាំងរូបថតពីកុមារភាពផងត្រូវឆេះក្នុងអគ្គិភ័យនោះដោយសារមិនអាចរើចេញទាន់។
លោក ឈឹម ប្រុស ប្រាប់ VOA ថា ការធ្វើការរបស់បងស្រីខ្លួន គឺគ្រាន់តែដើម្បីទាមទារសិទ្ធិ និងអត្ថប្រយោជន៍សម្រាប់បុគ្គលិកតែប៉ុណ្ណោះ ហើយថាការចោទប្រកាន់បងស្រីលោក គឺជារឿងដែលធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។
«ស្នើដល់ក្រសួងពាក់ព័ន្ធ ឲ្យគាត់ពិនិត្យពិចារណាឲ្យមែនទែនក្នុងការចោទប្រកាន់របស់គាត់គឺមានស្ថានភាពធ្ងន់ធ្ងរ ព្រោះការពិតគឺវាមិនមែនអ៊ីចឹង។ គាត់ធ្វើដើម្បីប្រជាជន ដើម្បីបុគ្គលិកដែលគាត់មានសិទ្ធិធ្វើការក្នុងណាហ្គាហ្នឹង ឲ្យក្រុមហ៊ុនហ្នឹងគោរពច្បាប់ តែប៉ុណ្ណឹងទេ វាអត់មានខុសអីធ្ងន់ធ្ងរដល់ថ្នាក់ពួកគាត់ចោទប្រកាន់ធ្វើបដិវត្តន៍ពណ៌ ឬក៏ប្រឆាំងការបោះឆ្នោតអីអ៊ីចឹង វាអត់មានលទ្ធភាពអីដែលពួកគាត់ត្រូវធ្វើដល់ថ្នាក់ហ្នឹង។ គេចោទធ្ងន់ធ្ងរពេក»។
ពីបុគ្គលិកធម្មតាទៅជាតំណាងសំឡេងកម្មករនិងសហជីព
មានស្រុកកំណើតនៅខេត្តព្រៃវែង ស៊ីថរ ជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន ៥ នាក់ និងមានម្តាយអាយុ ៦៧ ឆ្នាំម្នាក់រស់នៅរាជធានីភ្នំពេញ។ ស៊ីថរ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអាហារូបករណ៍ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចហើយបានចូលធ្វើការជាបុគ្គលិកធម្មតានៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងឆ្នាំ ២០០៧។
មុននឹងក្លាយជាប្រធានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៏ ស៊ីថរ គឺជាបុគ្គលិកសាមញ្ញម្នាក់ក្នុងក្រុមហ៊ុននេះតាំងពីឆ្នាំ ២០០៧។ រហូតមកដល់ឆ្នាំ ២០០៩ នៅពេលមានការបញ្ឈប់បុគ្គលិកថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំងអស់ក្នុងក្រុមហ៊ុនណាហា្គវើលដ៏ ស៊ីថរ បានចូលរួមយ៉ាងសកម្មក្នុងការទាមទារសិទ្ធិ និងលក្ខខណ្ឌការងារជាមួយកម្មករផ្សេងទៀត។
នៅឆ្នាំ ២០១២ ដោយភាពសកម្មក្នុងការតស៊ូមតិហ៊ានទាមទារលក្ខខណ្ឌការងារល្អប្រសើរ និងជជែកអំពីបញ្ហាប្រឈម ក៏ដូចជាចូលរួមក្នុងការធ្វើបាតុកម្មជាដើម កញ្ញា ឈឹម ស៊ីថរ ត្រូវបានជ្រើសរើសជាអនុប្រធានសហជីព។ រហូតដល់ឆ្នាំ ២០១៤ ស៊ីថរត្រូវបានសមាជិកសហជីពទាំងអស់ផ្តល់ទំនុកចិត្តហើយបោះឆ្នោតឲ្យជាប់ជាប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍រហូតមកដល់ពេលបច្ចុប្បន្ន។
កញ្ញា ឈឹម ស៊ីថរ តែងធ្វើការតស៊ូមតិ និងចរចាជាមួយក្រុមហ៊ុន ដើម្បីឲ្យគោរពទៅតាមលក្ខខណ្ឌការងារល្អប្រសើរ។ ក្នុងឆ្នាំ ២០១៩ មានការចងក្រងបុគ្គលិកដែលជាសមាជិកឡើងវិញបានចំនួន៤,៤០០ នាក់ ក្នុងចំណោមបុគ្គលិក ៨៦០០ នាក់ ដែលបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។ បុគ្គលិកជាស្ត្រីដែលត្រូវសម្រាលកូន អាចទទួលបានអត្ថប្រយោជន៍ ១០០% នៅពេលសម្រាកមាតុភាព ដែលអត្ថប្រយោជន៍នេះលើសពីការកំណត់ដោយច្បាប់ ៥០%។ បុគ្គលិកទាំងអស់មានអាហារដ្ឋាន ២៤ ម៉ោងសម្រាប់ញ៉ាំ និងមានបណ្ណធានារ៉ាប់រងជម្ងឺក្រៅពីបណ្ណរបបសន្តិសុខសង្គម។ ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗត្រូវបានដំឡើងជាទៀងទាត់។
នៅឆ្នាំ ២០១៨ មានការបញ្ឈប់បុគ្គលិក ៣ នាក់ ដោយសារកំហុសអចេតនា ស៊ីថរ ក៏បានតស៊ូទាមទារអត្ថប្រយោជន៍ជូនបុគ្គលិកទាំង ៣ នាក់នោះ ដោយទទួលបានសំណងត្រឡប់មកវិញថែមទៀត។ ក្រោយមកបុគ្គលិកចំនួន ៥ នាក់ទៀត ត្រូវបានព្យួរការងារ ហើយកញ្ញា ឈឹម ស៊ីថរ បានជួយសម្របសម្រួលឲ្យពួកគេបានចូលធ្វើការងារវិញ។
ទន្ទឹមនឹងការងារជាសហជីពដែលស្វែងរកអត្ថប្រយោជន៍ជូនបុគ្គលិក កញ្ញា ឈឹម ស៊ីថរ ក៏បានជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ក្នុងឆ្នាំ ២០១៣ កញ្ញាបានរងបណ្ដឹងពីខាងក្រុមហ៊ុន ថាបានធ្វើកូដកម្មខុសច្បាប់ ដែលធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ក្រុមហ៊ុន។ បណ្តឹងនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ ហើយក្រុមហ៊ុនបានប្តឹងទាមទារសំណងមួយលានដុល្លារពីកញ្ញា។ នៅឆ្នាំដដែលនោះអាជ្ញាធរក៏បានចាប់ខ្លួនកញ្ញាដាក់នៅក្នុងឡាន រួចបញ្ជូនទៅស្នងការក្រុងដើម្បីសួរនាំផងដែរ។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ កញ្ញាក៏ត្រូវបានក្រុមហ៊ុនព្យួរការងារ ដោយមូលហេតុនៃការទាមទារប្រាក់ខែសមរម្យជូនបុគ្គលិក។
ក្រោយមក អំឡុងការរីករាលដាលជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ ២០២០ មក ក្រុមហ៊ុនណាហ្គាវើលដ៍បានផ្អាកការងារនិងកាត់បុគ្គលិកមួយចំនួន ហើយនៅខែឧសភាឆ្នាំ ២០២១ ក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកជាង ១ ពាន់នាក់ពីការងារ ដោយបញ្ជាក់ថា ក្រមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។
មូលហេតុនេះ បានធ្វើឲ្យក្រុមបុគ្គលិក និងសហជីព ដែលមានកញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំ នាំគ្នាធ្វើកូដកម្មតាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ពេល ស៊ីថរត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងអំឡុងការធ្វើកូដកម្មថ្ងៃទី ១៧ ដែលត្រូវនឹងថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ។
បើទោះបីជាស៊ីថរ ត្រូវបានចាប់ខ្លួនក្តី ក៏បុគ្គលិក ព្រមទាំងសហជីពក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តកូដកម្មទាមទារឲ្យមានដំណោះស្រាយជុំវិញការបញ្ឈប់បុគ្គលិកទាំងនោះ និងទាមទារឲ្យមានការដោះលែងតំណាងសហជីពរបស់ពួកគេ។
កញ្ញា អ៊ុក សុភ័ក្ត្រមល្លិការ បេឡាករនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានចូលរួមការធ្វើកូដកម្មតាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ មក ប្រាប់ VOA ថា កញ្ញាធ្វើការនៅណាហ្គាវើសដ៍ជាង ១០ ឆ្នាំមកហើយ ប៉ុន្តែទើបតែស្គាល់ស៊ីថរ នៅពេលដែលកញ្ញាចូលជាសមាជិកសហជីពក្នុងឆ្នាំ ២០១៨។ កញ្ញាបញ្ជាក់ថាស៊ីថរ គឺជាមនុស្សក្លាហានស្មោះត្រង់ និងហ៊ានលះបង់សិទ្ធិសេរីភាពខ្លួនឯង ដើម្បីបុគ្គលិក និងសមាជិកសហជីព។
«ខ្ញុំមិនអាចធ្វើបានដូចគាត់ទេ ពីព្រោះថាគាត់លះបង់ សូម្បីតែខ្លួនឯងផ្ទាល់ក៏គាត់លះបង់ ដើម្បីតែតស៊ូមតិជាមួយនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីឲ្យបងប្អូនបុគ្គលិកកម្មករខ្មែរយើងទទួលបានអត្ថប្រយោជន៍ គឺគាត់ការពារអត្ថប្រយោជន៍បុគ្គលិកបងប្អូនកម្មករខ្មែរយើង។ ទោះគាត់ដឹងខ្លួនថាត្រូវប្រឈមនឹងរឿងធ្ងន់ធ្ងរកម្រិតណាក៏គាត់នៅតែមិនស្តាយក្រោយ នៅតែធ្វើរឿងហ្នឹង»។
កំពុងឈរគាំទ្រកញ្ញា ឈឹម ស៊ីថរ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែមករា កញ្ញា អ៊ុក សុភ័ក្ត្រមល្លិការ បានរៀបរាប់ថា កញ្ញាសោកស្តាយដែលតំណាងសហជីពត្រូវបានចាប់ខ្លួនដោយសារបុគ្គលិកមានវិវាទជាមួយក្រុមហ៊ុនឯកជន ហើយក្រុមហ៊ុនមិនព្រមដោះស្រាយ។
«ខ្ញុំពិតជាសោកស្តាយដែលគាត់មិនបានធ្វើអីខុសសោះ គាត់គ្រាន់តែតស៊ូមតិឲ្យបងប្អូនបុគ្គលិកកម្មករខ្មែរយើង។ ហើយពួកយើងរួបរួមគ្នាធ្វើកូដកម្មនេះ គឺពួកយើងបានបោះឆ្នោតសម្រេចថាធ្វើទាំងអស់គ្នាហើយ មិនមែនពួកគាត់ជាអ្នកថាត្រូវតែធ្វើទេ។ គឺពួកយើងបានពិគ្រោះយោបល់ជាមួយសមាជិក ឲ្យសមាជិកជាអ្នកសម្រេចដោយខ្លួនឯង។ អ៊ីចឹងបងប្អូនបុគ្គលិកកម្មករយើងគឺគាត់បានសម្រេចចិត្តបែបហ្នឹង។ដោយសារតែយើងអត់មានដំណោះស្រាយទេ»។
ក្រុមបុគ្គលិកដែលធ្វើកូដកម្មបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាវើលដ៍តែងរំលោភសិទ្ធិបុគ្គលិក ដោយបញ្ឈប់បុគ្គលិកតាមចិត្តមិនមានប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិកបុគ្គលិកធ្វើការរហូតដល់ពីរទៅបីឆ្នាំ ដោយមិនយកធ្វើជាបុគ្គលិកពេញសិទ្ធិ មិនអនុញ្ញាតឲ្យបុគ្គលិកជាស្រ្តីដែលធ្វើការតិចជាងបីឆ្នាំមានផ្ទៃពោះជាដើម។
បុគ្គលិកម្នាក់ទៀតផ្នែកគ្រប់គ្រងភេសជ្ជៈ អ្នកស្រី ណុប ទិត្យបូរ៉ាវី និយាយថា ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ គឺជាថ្នាក់ដឹកនាំល្អនិងតែងសម្រេចចិត្តដោយយោងលើមតិភាគច្រើនរបស់បុគ្គលិក។
«គាត់ជាថ្នាក់ដឹកនាំមួយដ៏ល្អ អ្វីក៏ដោយ លុះត្រាតែមានពួកយើងចូលរួមជាមួយ។ ធម្មតាមិនមែនគាត់ជាម្ចាស់សហជីពទេ គឺពួកខ្ញុំទាំងអស់គ្នាទេ។ ហើយគាត់ធ្វើការគឺដូចធ្វើការបម្រើពួកខ្ញុំទាំងអស់។ អ្វីក៏ដោយមិនមែនជាការសម្រេចចិត្តរបស់គាត់តែម្នាក់ទេ។បើសិនគ្មានពួកខ្ញុំចូលរួម បើគ្មានពួកខ្ញុំស្នើសុំ និងសំណូមពរ តើគាត់មានសិទ្ធិអីសម្រេច?»
អ្នកស្រីបន្ថែមថា ប្រសិនបើមិនមានសហជីពទេ នោះបុគ្គលិកក្នុងក្រុមហ៊ុននឹងបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយក្រុមហ៊ុននឹងអាចរំលោភសិទ្ធិរបស់បុគ្គលិកតាមចិត្ត។
«បើគ្មានសហជីពទេ គឺស្ថិរភាព និងសុវត្ថិភាពការងារគឺពួកយើងគ្មានទេ។ និយាយទៅតាំងពីខ្ញុំចូលធ្វើការ ២០០៨ មក ខ្ញុំអត់ដែលមានលុយ service charge ខ្ញុំអត់ដែលមានទទួលលុយអត្ថប្រយោជន៍ផ្សេងៗទេសូម្បី increase នៃការតំឡើងប្រាក់ខែក៏អត់មានដែរ។ រហូតទាល់តែមានសហជីពបានគាត់ទាមទារឲ្យមានអត្ថប្រយោជន៍ផ្សេងៗ មានតាំងពី service charge មានតាំងពី increase មានតាំងពីពេលដែលយើងធ្វើការថ្ងៃបុណ្យយើងត្រូវទូទាត់យ៉ាងម៉េច វេនយប់យើងត្រូវធ្វើយ៉ាងម៉េច។ បើសិនជាគ្មានសហជីពទេអ្វីៗក៏យើងអត់មានដែរអត្ថប្រយោជន៍ផ្សេងៗ។គឺគេជិះជាន់កិបកេងយើងតែម្តង»។
ស្រ្តីវ័យ ៣៩ ឆ្នាំរូបនេះរៀបរាប់ទៀតថា ការចាប់ខ្លួនតំណាងសហជីព គឺជារឿងអយុត្តិធម៌ណាស់។ អ្នកស្រីស្នើឲ្យមានការដោះលែងតំណាងសហជីពទាំងអស់ចេញមកវិញ និងដោះស្រាយរាល់វិវាទដែលកំពុងកើតមាន។
កញ្ញា សួន ជីវ៉ា បុគ្គលិកម្នាក់ទៀតដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ដែរនោះ និយាយថា កញ្ញាមិនពេញចិត្តទាល់តែសោះចំពោះការចាប់តំណាងសហជីពជាច្រើននាក់ ដែលរួមមានទាំងកញ្ញា ឈឹម ស៊ីថរ ផង។ កញ្ញាបានប្រាប់ VOA ថា ក្រុមហ៊ុនណាហ្គាវើលដ៍នៅតែទទួលបានលុយចំណេញបើទោះបីកម្ពុជារងនូវការរាលដាលជំងឺកូវីដ១៩ក្តី។
«ក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺនៅចំណេញរាប់លាននៅឡើយ គ្រាន់តែថាចំណេញវាថយជាងឆ្នាំមុនៗដែលមិនមានវិបត្តិកូវីដតែប៉ុណ្ណឹងឯង។ ព្រោះអីក្រុមហ៊ុនយើងនៅតែរីកចម្រើនដដែលទេ ហើយក៏កំពុងតែសាងសង់ណាហ្គា Three [បី] ទៀតដែរ។ អ៊ីចឹងយើងឃើញច្បាស់ហើយថាក្រុមហ៊ុនយើងអត់មានក្ស័យធនទេ ហើយមិនសមនឹងក្រុមហ៊ុនកាត់បុគ្គលិកទេ។ ហើយណាមួយណាហ្គា ៣ ក៏ប្រាកដចារើសបុគ្គលិកច្រើនទៀត។ ហេតុអ្វីត្រឹមតែ ៣៦៥ នាក់ ក្រុមហ៊ុនមិនព្រមទទួលចូលវិញ? នេះហើយគឺហេតុផលសំខាន់ គឺក្រុមហ៊ុនមានចេតនាចង់រំលាយសហជីពនេះឯង»។
ដំណោះស្រាយចាំបាច់ត្រូវមានតម្លាភាព
ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុង មានប្រតិបត្តិការកាស៊ីណូនិងសណ្ឋាគារនៅពីរទីតាំងធំៗ នៅកណ្តាលរាជធានីភ្នំពេញ។បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងសាងសង់កាស៊ីណូ និងសណ្ឋាគារដែលជាទីតាំងទីបី ដែលនៅជិតនឹងទីតាំងទីពីរ។
កំពុងឈរធ្វើកូដកម្មទាំងកណ្តាលថ្ងៃជាមួយបុគ្គលិកប្រមាណជាជិត ១ពាន់នាក់ផ្សេងទៀតនៅថ្ងៃទី ៥ ខែមករា នេះ លោក លី ឡុងហ៊ាង បុគ្គលិកផ្នែកទូហ្គេម នៅក្រុមហ៊ុនណាហ្គាវើលដ៍ ប្រាប់ VOA ថា ការចាប់ខ្លួនតំណាងសហជីពមិនមែនជាដំណោះស្រាយសម្រាប់បុគ្គលិកនោះទេ។ លោកបន្តថា បុគ្គលិកទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលជាសហជីពចូលធ្វើការវិញ ដោយសារបុគ្គលិកត្រូវការសហជីពការពារការកេងប្រវ័ញ្ចពីម្ចាស់ក្រុមហ៊ុន។
បុគ្គលិកដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីខែឧសភា ឆ្នាំ ២០២១ ជាមួយក្រុមបុគ្គលិកជាងមួយពាន់នាក់រូបនេះបន្ថែមថា ក្រុមបុគ្គលិកនឹងបន្តធ្វើកូដកម្មដល់មានការដោះលែងតំណាងសហជីពរបស់ពួកគេនិងរហូតដល់មានការផ្តល់ដំណោះស្រាយសមរម្យជូនបុគ្គលិកទាំងអស់។
«យើងត្រូវការដំណោះស្រាយ។ យើងធ្វើ [កូដកម្ម] នេះគឺយើងធ្វើរហូតទាល់តែមានដំណោះស្រាយ។យើងធ្វើចេញពីចិត្ត។អត់មានអ្នកដឹកនាំ អត់មានអ្នកញុះញង់ អត់មានការគំរាមកំហែង»។
អង្គការសង្គមស៊ីវិលជាង ១០០ នៅសប្តាហ៍នេះបានរួមគ្នាអំពាវនាវឲ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំសកម្មជនសហជីព និងបុគ្គលិកចំនួន ៩ នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ក្រោយការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ដើម្បីទាមទារការដោះស្រាយវិវាទការងារ។
មន្រ្តីសង្គមស៊ីវិល អ្នកឃ្លាំមើលសិទ្ធិការងារនិងសហជីពមួយចំនួនបានបង្ហោះសារលើបណ្តាញសង្គមបង្ហាញការមិនពេញចិត្តចំពោះការចាប់ខ្លួនសហជីពណាហ្គាវើលដ៍។ ពួកគេមួយចំនួនបានប្តូរប្រូហ្វាល់ដាក់រូបកញ្ញា ឈឹម ស៊ីថរ និងទាមទារឲ្យមានការដោះលែងកញ្ញា និងសហជីពផ្សេងទៀតដោយឥតលក្ខខណ្ឌ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបន្តអូសបន្លាយ គឺដោយសារក្រុមហ៊ុនណាហ្គាវើលដ៍មិនចង់ឲ្យមានសហជីព។ លោកបន្ថែមថា ការចាប់ខ្លួនសហជីពណាហ្គាវើលដ៍ ហើយចោទប្រកាន់ពីបទញុះញង់គឺជារឿងដែលអយុត្តិធម៌ និងមិនផ្អែកលើមូលដ្ឋានច្បាប់។
«ទៅញុះញង់របៀបម៉េចបើបងប្អូនកម្មករនិយោជិតគាត់មានការឯកភាពជាឯកច្ឆ័ន្ទនៅក្នុងការបោះឆ្នោតជាសម្ងាត់បានអនុវត្តតាមនីតិវិធីការជូនដំណឹងទៅអាជ្ញាធរ ជូនដំណឹងទៅនិយោជកទៅភាគីពាក់ព័ន្ធបន្ទាប់ពីនីតិវិធីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ អ៊ីចឹងពួកគាត់បានអនុវត្តនីតិវិធីហ្នឹងត្រឹមត្រូវអស់ហើយ។ ហើយតុលាការ ឬក៏រាជអាជ្ញាហ្នឹងគួរតែត្រឡប់ទៅមើលវិញនូវដើមហេតុនៃវិវាទការងារហ្នឹង»។
លោក ឃុន ថារ៉ូ បន្ថែមថា កញ្ញា ឈឹម ស៊ីថរ តែងជាគោលដៅនៃការបញ្ឈប់ពីការងារ និងចាប់ខ្លួន ដោយសារស៊ីថរ ជាតំណាងសហជីពដែលតែងតស៊ូមតិយ៉ាងស្វិតស្វាញក្នុងការទាមទារលក្ខខណ្ឌការងារល្អសម្រាប់បុគ្គលិកក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមលោក ថារ៉ូ ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពមិនមែនជាដំណោះស្រាយក្នុងវិវាទការងារមួយនេះទេ។ លោកថា ការតវ៉ារបស់បុគ្គលិកគួរតែត្រូវបានដោះស្រាយតាមច្បាប់ការងារដោយត្រឹមត្រូវ។
«ការចាប់ថ្នាក់ដឹកនាំសហជីពគ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការដាក់សម្ពាធឲ្យនិយោជកចូលតុចរចាដោយសន្តិវិធី វាមិនមែនជាដំណោះស្រាយទេ។ ខ្ញុំគិតថា អាជ្ញាធរគួរតែព្យាយាមក្នុងការដោះស្រាយវិវាទការងារនេះឲ្យបានប្រសិទ្ធភាព។ ហើយខ្ញុំគិតថា បើសិនជាយើងចង់ឲ្យមានដំណោះស្រាយមួយដែលអាចទទួលយកភាគីទាំងសងខាងរកអ្នកណាដែលករាជ្យមកហើយស្ថាប័នដែលឯករាជ្យ ដែលមានបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងារ យើងអាចពិចារណាជ្រើសរើសក្រុមប្រឹក្សាអាជ្ញាកណ្តាលមក»។
បើទោះបីជា ស៊ីថរ ត្រូវបានចាប់ខ្លួន ដូចដែលគ្រួសារតែងបារម្ភប៉ុន្តែប្អូនប្រុសទី ៣ គឺលោក ឈឹម ប្រុស បាននិយាយថា ខ្លួនមានមោទនភាពដោយសារមានបងស្រីជាមនុស្សក្លាហាន និងគិតពីប្រយោជន៍បុគ្គលិកនិងសមាជិក។
«យើងទទួលស្គាល់អ្វីដែលការងារគាត់ដែលគាត់ធ្វើរាល់ថ្ងៃ គឺដើម្បីបុគ្គលិកពួកគាត់។ ពេលខ្លះក៏មានអារម្មណ៍សោកស្តាយ អត់ចង់ឲ្យគាត់ធ្វើអីអ៊ីចឹងទេ នៅក្នុងចិត្តគ្រួសារពួកខ្ញុំ។ ប៉ុន្តែមួយទៀតយើងក៏មានមោទនភាពលើគាត់ដែរ»៕